Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 103 - អាល់គីតាប


ខ្ញុំ​សូម​សរសើរ​តម្កើង​នាម​ដ៏‌វិសុទ្ធ​របស់​អុលឡោះ​អស់​ពី​ដួង​ចិត្ត!
ទំនុក​របស់​ណាពី​ទត។

1 ខ្ញុំ​សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា! ខ្ញុំ​សូម​សរសើរ​តម្កើង​នាម​ដ៏‌វិសុទ្ធ របស់​ទ្រង់​អស់​ពី​ដួង​ចិត្ត!

2 ខ្ញុំ​សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា ដោយ​ឥត​ភ្លេច​ពី​កិច្ចការ​ណា​មួយ​ដែល​ទ្រង់ បាន​ធ្វើ​ដោយ​ចិត្ត​សប្បុរស​នោះ​ឡើយ!

3 ទ្រង់​បាន​អត់‌ទោស​នូវ​កំហុស​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ទ្រង់​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ពី​ជំងឺ​គ្រប់​យ៉ាង

4 ទ្រង់​បាន​រំដោះ​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​រណ្ដៅ ទ្រង់​តែង​សំដែង​ចិត្ត​មេត្តា‌ករុណា និង​អាណិត‌អាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌

5 ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​រស់​នៅ ប្រកប​ដោយ​សុភ‌មង្គល ហើយ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង​ឡើង​វិញ​ដូច​សត្វ​ឥន្ទ្រី។

6 អុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ដោយ​សុចរិត ទ្រង់​រក​យុត្តិធម៌​ឲ្យ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។

7 ទ្រង់​បង្ហាញ​ឲ្យ​ម៉ូសា ស្គាល់​គម្រោង‌ការ​របស់​ទ្រង់ ទ្រង់​បង្ហាញ​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល ស្គាល់​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់។

8 អុលឡោះ‌តាអាឡា​ប្រកប​ដោយ​ចិត្ត អាណិត‌អាសូរ ទ្រង់​តែងតែ​ប្រណី‌សន្ដោស ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត មេត្តា‌ករុណា។

9 ទ្រង់​មិន​បន្ទោស​ជា‌និច្ច​ជា​កាល​ទេ ហើយ​ទ្រង់​ក៏​មិន​ខឹង​រហូត​ដែរ។

10 ទ្រង់​មិន​ដាក់​ទោស​យើង ឲ្យ​សម​នឹង​អំពើ​បាប ដែល​យើង​ប្រព្រឹត្ត​នោះ​ឡើយ ហើយ​ទ្រង់​ក៏​មិន​ឲ្យ​យើង​ទទួល​ទោស សម​នឹង​កំហុស​របស់​យើង​នោះ​ដែរ។

11 ផ្ទៃ​មេឃ​ខ្ពស់​ពី​ផែនដី​យ៉ាង​ណា ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ក៏​ខ្ពស់​យ៉ាង​នោះ​ដែរ។

12 ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​ក៏​ដក​កំហុស​របស់​យើង ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។

13 ឪពុក​អាណិត‌អាសូរ​កូន​របស់​ខ្លួន​យ៉ាង​ណា អុលឡោះ‌តាអាឡា​ក៏​អាណិត‌អាសូរ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ទ្រង់​យ៉ាង​នោះ​ដែរ

14 ដ្បិត​ទ្រង់​ជ្រាប​ថា​យើង​មាន​ដើម​កំណើត​ពី​អ្វី គឺ​ទ្រង់​ឥត​ភ្លេច​ទេ​ថា មនុស្ស​យើង​មាន​កំណើត​មក​ពី​ធូលី​ដី។

15 ជីវិត​មនុស្ស​យើង​ប្រៀប​បាន​នឹង​ស្មៅ ឬ​ដូច​ជា​ផ្កា​ដែល​រីក​ឡើង​នៅ​ទី​វាល

16 ពេល​ណា​មាន​ខ្យល់​បក់​មក វា​ក៏​រុះ‌រោយ​បាត់​អស់​ទៅ ឥត​មាន​ទុក​ស្នាម​អ្វី​សោះ​ឡើយ។

17 តែ​ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​ក៏​នឹង​សំដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ ចំពោះ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ដែរ

18 ប្រសិន​បើ​គេ​កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជា របស់​ទ្រង់​ឥត​ភ្លេច​សោះ​ឡើយ។

19 អុលឡោះ‌តាអាឡា​បាន​តាំង​បល្ល័ង្ក​របស់​ទ្រង់ នៅ​សូរ៉កា ទ្រង់​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់។

20 ម៉ាឡា‌អ៊ីកាត់​ដ៏​ខ្លាំង​ពូកែ​របស់​អុលឡោះ‌តាអាឡា​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់! អស់​អ្នក​តែងតែ​អនុវត្ត​តាម បន្ទូល​របស់​ទ្រង់ ហើយ​ស្ដាប់​តាម​បញ្ជា​របស់​ទ្រង់​ជា‌និច្ច។

21 អស់​អ្នក​ដែល​ជា​កង‌ពល​របស់​អុលឡោះ‌តាអាឡា​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់! អស់​អ្នក​តែងតែ​បម្រើ​ទ្រង់ ស្រប​តាម​ចិត្ត​របស់​ទ្រង់​ជា‌និច្ច!

22 ឱ​ស្នា‌ដៃ​ទាំង‌ឡាយ​របស់​អុលឡោះ‌តាអាឡា​អើយ ទោះ​បី​នៅ​ទី​ណា​ក្ដី ក៏​អ្នក​រាល់​គ្នា​ស្ថិត​នៅ ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់​ដែរ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់! ខ្ញុំ​សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម