Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 147 - អាល់គីតាប


អុលឡោះ​សំដែង​អំណាច​តាម​រយៈ​ធម្ម‌ជាតិ

1 ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ការ​ច្រៀង គីតាបសាបូរ ជូន​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់ សរសើរ​តម្កើង​ទ្រង់ ជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។


គីតាបសាបូរ

2 អុលឡោះ‌តាអាឡា​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ ទ្រង់​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ខ្ចាត់‌ខ្ចាយ​ឲ្យ​ត្រឡប់​មក​វិញ។

3 ទ្រង់​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំ‌គ្រា ឲ្យ​បាន​ធូរ​ស្បើយ ទ្រង់​រុំ​របួស​ឲ្យ​គេ។

4 ទ្រង់​រាប់​ចំនួន​ផ្កាយ​ទាំង​ប៉ុន្មាន ហើយ​ទ្រង់​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។

5 អុលឡោះ​ជា​ម្ចាស់​របស់​យើង​ធំ​ឧត្ដុង្គ‌ឧត្ដម ទ្រង់​មាន​អំណាច​ដ៏​ខ្លាំង​បំផុត តម្រិះ​របស់​ទ្រង់​ឥត​មាន​ព្រំ‌ដែន​ឡើយ។

6 អុលឡោះ‌តាអាឡា​ជួយ​គាំទ្រ​ជន​ក្រីក្រ តែ​ទ្រង់​បន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។

7 ចូរ​នាំ​គ្នា​ច្រៀង​អរ​គុណ​អុលឡោះ‌តាអាឡា ចូរ​ច្រៀង គីតាបសាបូរ​ជូន​ម្ចាស់​នៃ​យើង ទាំង​ដេញ​ពិណ​កំដរ​ផង!


គីតាបសាបូរ​ជូន​ម្ចាស់​នៃ​យើង

8 ទ្រង់​ធ្វើ​ឲ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃ ទ្រង់​រៀបចំ​ឲ្យ​មាន ភ្លៀង​ធ្លាក់​មក​លើ​ផែនដី ទ្រង់​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ

9 ទ្រង់​ប្រទាន​ចំណី​ដល់​សត្វ​ពាហនៈ ហើយ​ពេល​កូន​ក្អែក​យំ ទ្រង់​ក៏​ប្រទាន​ចំណី​ដល់​វា​ដែរ។

10 ទ្រង់​មិន​ពេញ​ចិត្ត​នឹង​កម្លាំង​របស់​សេះ​ទេ ហើយ​ទ្រង់​ក៏​មិន​រវី‌រវល់​នឹង​កម្លាំង​កាយ របស់​មនុស្ស​ដែរ

11 តែ​ទ្រង់​ពេញ​ចិត្ត​នឹង​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ទ្រង់ គឺ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់។

12 ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ‌តាអាឡា! ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​តម្កើង​ម្ចាស់​របស់​អ្នក!

13 ដ្បិត​ទ្រង់​ការពារ និង​ពង្រឹង​អ្នក​ឲ្យ​មាន​សន្តិ‌សុខ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដែល​រស់​នៅ​ក្នុង​ទីក្រុង។

14 ទ្រង់​ប្រទាន​ឲ្យ​ទឹក​ដី​អ្នក​មាន​សន្តិ‌ភាព ទ្រង់​ប្រទាន​ឲ្យ​អ្នក​មាន​ស្រូវ​ដ៏​ល្អៗ យ៉ាង​បរិបូណ៌

15 ទ្រង់​មាន​បន្ទូល​បញ្ជា​ទៅ​ផែនដី ហើយ​បន្ទូល​របស់​ទ្រង់​ផ្សព្វ‌ផ្សាយ ទៅ​យ៉ាង​រហ័ស

16 ទ្រង់​ធ្វើ​ឲ្យ​មាន​ទឹក​កក​ធ្លាក់​ចុះ​មក​ដូច​សំឡី ទ្រង់​ធ្វើ​ឲ្យ​មាន​សន្សើម ត្រជាក់​ធ្លាក់​ចុះ​មក​យ៉ាង​សក្បុស

17 ទ្រង់​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​ចុះ​មក​ទាំង​ដុំៗ តើ​នរណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស​ត្រជាក់ ដែល​ទ្រង់​បាន​បង្កើត​មក​នេះ?

18 ពេល​ទ្រង់​មាន​បន្ទូល នោះ​ទឹក​កក និង​ព្រឹល​ក៏​រលាយ​ទៅ​ជា​ទឹក ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក ហើយ​ទឹក​នោះ​ក៏​ហូរ​ទៅ។

19 ទ្រង់​សំដែង​ឲ្យ​ពូជ‌ពង្ស របស់​យ៉ាកកូប​ស្គាល់​បន្ទូល​របស់​ទ្រង់ ទ្រង់​ប្រទាន​ហ៊ូកុំ និង​វិន័យ​របស់​ទ្រង់ ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល។

20 ទ្រង់​ពុំ​បាន​ប្រោស​ប្រទាន​ដូច្នេះ ចំពោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ទេ ពួក​គេ​ពុំ​ស្គាល់​ហ៊ូកុំ​របស់​ទ្រង់​ឡើយ។ ចូរ​សរសើរ‌តម្កើង​អុលឡោះ​!។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម