២ សាំយូអែល 22 - អាល់គីតាបទំនុកតម្កើងរបស់ណាពីទត 1 ក្រោយពេលអុលឡោះតាអាឡារំដោះស្តេចទត ឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្តាប់ដៃរបស់ស្តេចសូលហើយ ស្តេចទតសូត្រទំនុកតម្កើងជូនអុលឡោះតាអាឡាដូចតទៅ៖ 2 «អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលរំដោះខ្ញុំ។ 3 អុលឡោះជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏រឹងមាំរបស់ខ្ញុំ។ ទ្រង់សង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។ 4 ពេលខ្ញុំស្រែករកទ្រង់ ទ្រង់សង្គ្រោះខ្ញុំ ឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងអុលឡោះតាអាឡា! 5 សេចក្តីស្លាប់រួបរឹតខ្ញុំ រីឯសេចក្តីវិនាសអន្តរាយធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។ 6 សេចក្តីស្លាប់នៅព័ទ្ធជុំវិញខ្ញុំ ប្រៀបបីដូចជា សំណាញ់ដែលគេបោះមកលើខ្ញុំ។ 7 នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកអុលឡោះតាអាឡា ខ្ញុំស្រែកហៅរកម្ចាស់របស់ខ្ញុំ ទ្រង់ស្តាប់ឮសំឡេងខ្ញុំ ពីក្នុងម៉ាស្ជិទរបស់ទ្រង់ ហើយស្នូរសំរែករបស់ខ្ញុំបានឮទៅដល់ទ្រង់។ 8 នៅពេលទ្រង់ខឹង ផែនដីកក្រើកញាប់ញ័រ ផ្ទៃមេឃរង្គើរហូតដល់គ្រឹះរបស់វា។ 9 មានផ្សែងហុយចេញមកពីច្រមុះ របស់ទ្រង់ ទ្រង់ផ្លុំភ្លើងដែលឆាបឆេះចេញមក ហើយក៏មានរងើកភ្លើងខ្ទាតចេញមកពី មាត់របស់ទ្រង់ដែរ។ 10 ទ្រង់ផ្អៀងផ្ទៃមេឃ ទ្រង់ចុះមក ដោយមានពពកយ៉ាងក្រាស់នៅពីក្រោម ជើងផង។ 11 ទ្រង់នៅលើម៉ាឡាអ៊ីកាត់មានស្លាប ហើយហោះមក ទ្រង់ចេញមក ដោយនៅលើ វាយោដូចនៅលើស្លាបបក្សី។ 12 ទ្រង់យកភាពងងឹតធ្វើជាកន្លែងពួន ហើយយកពពកខ្មៅក្រាស់ពេញដោយទឹក ធ្វើជាជំរំ។ 13 មានផ្លេកបន្ទោរភ្លឺនៅខាងមុខទ្រង់ ហើយមានរងើកភ្លើងធ្លាក់ចុះមក។ 14 អុលឡោះតាអាឡាធ្វើឲ្យផ្គរលាន់នៅលើមេឃ ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបន្លឺសំឡេងមកពីលើ។ 15 ទ្រង់បាញ់ព្រួញទៅលើខ្មាំងសត្រូវ ដើម្បីកំចាត់កំចាយពួកគេ។ ទ្រង់បាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។ 16 ដោយសារបន្ទូលគំរាមរបស់អុលឡោះតាអាឡា និងដោយសារខ្យល់ព្យុះដែលបក់ចេញមកពី ច្រមុះរបស់ទ្រង់ បាតសមុទ្រលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។ 17 ទ្រង់បានលាតដៃពីស្ថានលើមករកខ្ញុំ ទ្រង់ស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ 18 ទ្រង់បានរំដោះខ្ញុំឲ្យរួចផុតពីខ្មាំងសត្រូវ ដ៏ខ្លាំងពូកែ និងឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ ហើយមានកម្លាំងខ្លាំងជាងខ្ញុំផង។ 19 នៅពេលខ្ញុំមានទុក្ខវេទនា អ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំ ក៏ប៉ុន្តែ អុលឡោះតាអាឡាធ្វើជាបង្អែកដល់ខ្ញុំ។ 20 ទ្រង់បាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ទ្រង់រំដោះខ្ញុំ មកពីទ្រង់ស្រឡាញ់ខ្ញុំ។ 21 អុលឡោះតាអាឡាបានប្រព្រឹត្តចំពោះខ្ញុំ ស្របតាមសេចក្តីសុចរិតរបស់ខ្ញុំ ទ្រង់តបស្នងមកខ្ញុំវិញ ស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ 22 ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់អុលឡោះតាអាឡា ហើយខ្ញុំមិនបានឃ្លាតចេញពីម្ចាស់របស់ខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។ 23 ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មាន របស់ទ្រង់ ខ្ញុំមិនបានបំពានលើហ៊ូកុំរបស់ទ្រង់ទេ។ 24 ទ្រង់ជ្រាបថាខ្ញុំគ្មានសៅហ្មង ហើយខ្ញុំបានប្រុងប្រយ័ត្នខ្លួន មិនឲ្យមានកំហុសឡើយ។ 25 ហេតុនេះ អុលឡោះតាអាឡាប្រោសប្រណីដល់ខ្ញុំ ស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្ត ព្រោះទ្រង់ឈ្វេងយល់ថាខ្ញុំប្រព្រឹត្តអំពើបរិសុទ្ធ។ 26 អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់សំដែងចិត្ត ស្មោះត្រង់ចំពោះអ្នកដែលមានចិត្តស្មោះត្រង់ ទ្រង់សំដែងចិត្តស្មោះសរ ចំពោះអ្នកដែលមានចិត្តស្មោះសរ។ 27 ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ទ្រង់ក៏សំដែងថា ទ្រង់បរិសុទ្ធដែរ ចំពោះអ្នកដែលមានចិត្តវៀចវេរវិញ ទ្រង់សំដែងថាទ្រង់ឈ្លាសវៃ។ 28 ទ្រង់សង្គ្រោះមនុស្សទន់ទាប ទ្រង់មើលមកអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ ដើម្បីបន្ទាបពួកគេ។ 29 ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាពន្លឺរបស់ខ្ញុំ ហើយទ្រង់ក៏បំភ្លឺភាពងងឹតរបស់ ខ្ញុំដែរ។ 30 ទ្រង់ប្រទានកម្លាំងឲ្យខ្ញុំវាយលុក ខ្មាំងសត្រូវ និងឲ្យខ្ញុំអាចលោតរំលង កំពែងក្រុងរបស់ពួកគេ។ 31 មាគ៌ារបស់អុលឡោះសុទ្ធតែល្អឥតខ្ចោះ បន្ទូលសន្យារបស់ទ្រង់ពិតទាំងស្រុង ទ្រង់ជាខែលការពារអស់អ្នកដែលមក ជ្រកកោននឹងទ្រង់។ 32 មានតែអុលឡោះតាអាឡាមួយទេដែលពិត ជាម្ចាស់ មានតែម្ចាស់របស់យើងមួយប៉ុណ្ណោះ ដែលពិតជាថ្មដាឲ្យយើងជ្រកកោន។ 33 អុលឡោះជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ទ្រង់រៀបចំមាគ៌ារបស់ខ្ញុំឲ្យបាន ល្អឥតខ្ចោះ។ 34 ទ្រង់ប្រោសប្រទានឲ្យខ្ញុំរត់លឿន ដូចសត្វក្តាន់ ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។ 35 ទ្រង់បង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹក និងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។ 36 ទ្រង់ការពារ និងសង្គ្រោះខ្ញុំ ទ្រង់គាំទ្រខ្ញុំ ហើយទ្រង់លើកខ្ញុំឡើង ដោយចិត្តមេត្តា។ 37 ទ្រង់ការពារខ្ញុំមិនឲ្យខ្មាំងសត្រូវ ដេញទាន់ មិនឲ្យខ្ញុំភ្លាត់ជើងដួលឡើយ។ 38 ខ្ញុំដេញតាមពួកខ្មាំងសត្រូវ និងបំផ្លាញពួកគេ ហើយខ្ញុំមិនត្រឡប់មកវិញទេ ដរាបទាល់តែបានកំទេចពួកគេអស់។ 39 ខ្ញុំកំទេច និងកាប់សម្លាប់ពួកគេ មិនឲ្យពួកគេក្រោកឡើងវិញបានឡើយ ពួកគេដួលស្លាប់នៅនឹងជើងរបស់ខ្ញុំ។ 40 ទ្រង់ប្រទានឲ្យខ្ញុំមានកម្លាំង ធ្វើសឹក និងបង្ក្រាបខ្មាំងសត្រូវ។ 41 ទ្រង់បានធ្វើឲ្យពួកគេបាក់ទ័ពរត់ នៅមុខខ្ញុំ ហើយខ្ញុំបានធ្វើឲ្យអស់អ្នកដែល ស្អប់ខ្ញុំវិនាសសូន្យអស់ទៅ។ 42 ពួកគេនាំគ្នាសម្លឹងរកមើលជំនួយ តែគ្មាននរណាជួយពួកគេឡើយ គេស្រែកហៅអុលឡោះតាអាឡា តែទ្រង់មិនឆ្លើយតបនឹងពួកគេទេ។ 43 ខ្ញុំកំទេចពួកគេឲ្យម៉ដ្ត ដូចធូលីដី ខ្ញុំជាន់ឈ្លីពួកគេដូចភក់ជ្រាំនៅតាមផ្លូវ។ 44 ទ្រង់បានរំដោះឲ្យខ្ញុំរួចពី ការបះបោររបស់ប្រជាជន ហើយទុកឲ្យខ្ញុំធ្វើជាមេដឹកនាំ លើប្រជាជាតិនានា ប្រជាជនមួយដែលខ្ញុំមិនធ្លាប់ស្គាល់ បានមកចុះចូលនឹងខ្ញុំ។ 45 ជនបរទេសនាំគ្នាស្តាប់បង្គាប់ខ្ញុំ ហើយពេលខ្ញុំនិយាយតែមួយម៉ាត់ គេក៏ធ្វើតាមភ្លាម។ 46 ជនបរទេសបាក់ទឹកចិត្ត ហើយចេញពីទីជំរករបស់គេមក ទាំងភ័យញាប់ញ័រ។ 47 ជយោអុលឡោះតាអាឡា! សូមសរសើរតម្កើងទ្រង់ ដែលជាថ្មដារបស់ខ្ញុំ! សូមលើកតម្កើងអុលឡោះជាថ្មដា ដែលបានសង្គ្រោះខ្ញុំ! 48 ដ្បិតទ្រង់បានឲ្យខ្ញុំមានជ័យជំនះ លើខ្មាំងសត្រូវ ទ្រង់បានបន្ទាបប្រជាជននានា ឲ្យមកនៅក្រោមអំណាចខ្ញុំ 49 ហើយទ្រង់បានដកខ្ញុំឲ្យរួចផុតពី កណ្តាប់ដៃរបស់ខ្មាំងសត្រូវ! ទ្រង់បានលើកខ្ញុំឡើងខ្ពស់ជាង បច្ចាមិត្តរបស់ខ្ញុំ និងរំដោះខ្ញុំឲ្យរួចផុតពីមនុស្ស ឃោរឃៅ។ 50 ហេតុនេះហើយបានជាខ្ញុំសរសើរតម្កើង ទ្រង់ក្នុងចំណោមប្រជាជាតិនានា ឱអុលឡោះតាអាឡាអើយ! ខ្ញុំនឹងច្រៀងលើក តម្កើងនាមរបស់ទ្រង់។ 51 ទ្រង់ប្រទានការសង្គ្រោះដ៏ធំធេង ដល់ស្តេចដែលទ្រង់បានតែងតាំង។ ទ្រង់សំដែងចិត្តស្មោះត្រង់ចំពោះ ស្តេចដែលទ្រង់បានតែងតាំង គឺចំពោះទត និងពូជពង្ស រៀងរហូតតទៅ»។ |
© 2014 United Bible Societies, UK.
United Bible Societies