Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហូសេ 8 - អាល់គីតាប


អ៊ីស្រ‌អែល​មាន​ទោស ព្រោះ​តែ​គោរព​ព្រះ​ក្លែង‌ក្លាយ

1 ចូរ​ផ្លុំ​ស្នែង​ប្រកាស​ភាព​អាសន្ន! ខ្មាំង​សត្រូវ​បោះ‌ពួយ​ដូច​សត្វ​ឥន្ទ្រី មក​លើ​ទឹក​ដី​របស់​យើង ជាអុលឡោះ‌តាអាឡា ដ្បិត​ប្រជា‌ជន​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រី របស់​យើង ពួក​គេ​ប្រព្រឹត្ត​បំពាន​លើ​ហ៊ូកុំ​របស់​យើង។

2 ពួក​គេ​ស្រែក​រក​យើង​ថា “អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ យើង​ខ្ញុំ​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល យើង​ខ្ញុំ​ស្គាល់​ទ្រង់​ហើយ”។

3 អ៊ីស្រ‌អែល​បាន​បោះ​បង់​ការ​ល្អ ហេតុ​នេះ​បាន​ជា​សត្រូវ​ដេញ​តាម​ពួក​គេ។

4 ពួក​គេ​តែង​តាំង​ស្ដេច ដោយ​ឥត​សាក​សួរ​យើង ហើយ​តែង​តាំង​មេ​ដឹក​នាំ​ពី​ក្រោយ​ខ្នង​យើង។ ពួក​គេ​យក​មាស​ប្រាក់​របស់​ខ្លួន ទៅ​សូន​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ត្រូវ​វិនាស។

5 អ្នក​ក្រុង​សាម៉ារី​អើយ ចូរ​យក​រូប​ព្រះ‌គោ​របស់​អ្នក​បោះ​ចោល​ទៅ!។ កំហឹង​របស់​យើង​ឆាប‌ឆេះ​ទៅ​លើ អ្នក​ក្រុង​សាម៉ារី តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​អាច​រស់​នៅ ដោយ​ឥត​សៅហ្មង?

6 រូប​គោ​នោះ​កើត​ចេញ​មក​ពី​អ៊ីស្រ‌អែល មាន​ជាង​ឆ្លាក់​វា គឺ​វា​មិន​មែន​ជា​ម្ចាស់​ទេ ហេតុ​នេះ​ហើយ​បាន​ជា​រូប​គោ​របស់​សាម៉ារី នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ជា​ពុំ‌ខាន។

7 ពួក​គេ​សាប​ព្រោះ​ខ្យល់ ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ។ ស្រូវ​ស្កក គ្មាន​បាយ​ហូប ហើយ​ប្រសិន​បើ​មាន ក៏​គង់​តែ​ជន​បរទេស មក​លេប​យក​ទៅ​បាត់​ដែរ។

8 អ៊ីស្រ‌អែល​ត្រូវ​ខ្មាំង​លេប​បាត់​ហើយ! ឥឡូវ​នេះ ពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​នានា ដូច​អំបែង​ដែល​គ្មាន​នរណា​ចង់​បាន។

9 សត្វ​លា​ព្រៃ​តែ​នៅ​ដាច់​ពី​គេ តែ​អេប្រាអ៊ីម​បែរ​ជា​លក់​ខ្លួន​ឲ្យ ស្រុក​អាស្ស៊ីរី ដែល​ជា​សហាយ​របស់​គេ។

10 ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​ឲ្យ ប្រជា‌ជាតិ​នានា​ក្តី ក៏​ពេល​នេះ​យើង​ប្រមូល​ផ្តុំ​ពួក​គេ ហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនា ក្រោម​អំណាច​ស្តេច។

11 អេប្រាអ៊ីម​បាន​សង់​អាសនៈ​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​ឲ្យ​រួច​ពី​បាប តែ​អាសនៈ​ទាំង​នោះ​ក្លាយ​ទៅ​ជា​កន្លែង ដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​វិញ!

12 ទោះ​បី​យើង​បាន​ចែង​ហ៊ូកុំ​ទុក​ឲ្យ​គេ ច្រើន​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​រវី‌រវល់​អើពើ​ដែរ។

13 ពួក​គេ​យក​សត្វ​មក​ធ្វើ​គូរបាន​ជូន​យើង ព្រោះ​ពួក​គេ​ចូល​ចិត្ត​បរិភោគ​សាច់។ ប៉ុន្តែ យើង​ជាអុលឡោះ‌តាអាឡា មិន​ពេញ​ចិត្ត​នឹង​ជំនូន​របស់​ពួក​គេ​ទេ យើង​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ ហើយ​រាប់​ចំនួន​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត។ ពួក​គេ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។

14 អ៊ីស្រ‌អែល​បំភ្លេច​អុលឡោះ​ដែល​បាន​បង្កើត​ខ្លួន​មក ហើយ​គេ​នាំ​គ្នា​សង់​វិមាន​ផ្សេងៗ។ រីឯ​យូដា​វិញ គេ​សង់​ទីក្រុង ដែល​មាន​កំពែង​រឹង‌មាំ​កាន់​តែ​ច្រើន តែ​យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​ក្រុង​របស់​គេ ព្រម​ទាំង​ឆេះ​កំទេច​វិមាន​របស់​ពួក​គេ​ផង។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម