Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 10 - អាល់គីតាប


អុលឡោះ​ឲ្យ​ខ្ញុំ​កើត​មក ដើម្បី​បំផ្លាញ​ខ្ញុំ

1 «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់! ខ្ញុំ​មិន​អាច​ទប់​ការ​ត្អូញ‌ត្អែរ របស់​ខ្ញុំ​បាន​ទៀត​ទេ ខ្ញុំ​នឹង​ស្រដី​ចេញ​មក ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។

2 ខ្ញុំ​នឹង​អង្វរ​អុលឡោះ​ថា: សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ! សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​ថា តើ​ទ្រង់​មាន​មូល​ហេតុ​អ្វី ចោទ​ប្រកាន់​ខ្ញុំ?

3 តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ទ្រង់​សង្កត់‌សង្កិន​ខ្ញុំ ហើយ​បោះ​បង់​ចោល​ស្នា​ដៃ​របស់​ទ្រង់ រួច​បែរ​ជា​ជួយ​ជ្រោម‌ជ្រែង​ផែន​ការ របស់​មនុស្ស​អាក្រក់​ទៅ​វិញ?

4 តើ​ទ្រង់​មាន​ភ្នែក ហើយ​មើល តាម​របៀប​ដូច​មនុស្ស​លោក​ដែរ​ឬ?

5 តើ​ចំនួន​ថ្ងៃ​របស់​ទ្រង់​ដូច​ចំនួន​ថ្ងៃ របស់​មនុស្ស​លោក ហើយ​ចំនួន​ឆ្នាំ​របស់​ទ្រង់ ក៏​ដូច​ជា​ចំនួន​ឆ្នាំ របស់​មនុស្ស​លោក​ដែរ​ឬ

6 បាន​ជា​ទ្រង់​ស្វែង​រក​កំហុស​របស់​ខ្ញុំ ហើយ​រុក‌រក​អំពើ​បាប​របស់​ខ្ញុំ​ដូច្នេះ?

7 ទ្រង់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ ហើយ​ក៏​គ្មាន​នរណា​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត ពី​អំណាច​របស់​ទ្រង់​បាន​ដែរ។

8 ទ្រង់​បាន​សូន​ខ្ញុំ និង​បង្កើត​ខ្ញុំ ដោយ‌សារ​អំណាច​របស់​ទ្រង់​ផ្ទាល់ តែ​ទ្រង់​បែរ​ចង់​រំលាយ​ខ្ញុំ​ទៅ​វិញ!

9 សូម​នឹក​ចាំ​ផង​ថា ទ្រង់​បាន​បង្កើត​ខ្ញុំ ដូច​គេ​សូន​ដី​ឥដ្ឋ​ធ្វើ​ភាជន៍។ តើ​ទ្រង់​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ?

10 ទ្រង់​បាន​សូន​ខ្ញុំ និង​ឲ្យ​ខ្ញុំ​ចំរើន​ធំ​ឡើង ក្នុង​ផ្ទៃ​ម្ដាយ។

11 ទ្រង់​បំពាក់​ស្បែក និង​សាច់ ពាស‌ពេញ​រូប​កាយ​ខ្ញុំ ទ្រង់​បង្កើត​ឆ្អឹង និង​សរសៃ​ឲ្យ​ខ្ញុំ។

12 ទ្រង់​ប្រទាន​ជីវិត និង​សំដែង​ចិត្ត មេត្តា‌ករុណា​ចំពោះ​ខ្ញុំ ទ្រង់​ថែ‌រក្សា​ដង្ហើម​ជីវិត​របស់​ខ្ញុំ។

13 ប៉ុន្តែ ខ្ញុំ​ដឹង​ច្បាស់​នូវ​អ្វីៗ ដែល​ទ្រង់​លាក់​ទុក​នៅ​ក្នុង​បំណង

14 គឺ​ទ្រង់​ឃ្លាំ​មើល​ខ្ញុំ ក្រែង​លោ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប ហើយ​ទ្រង់​មិន​ព្រម​លើក‌លែង​ទោស ឲ្យ​ខ្ញុំ​ទាល់​តែ​សោះ។

15 ប្រសិន​បើ​ខ្ញុំ​មាន​ទោស នោះ​ខ្ញុំ​ពិត​ជា​វេទនា​មិន​ខាន! ប្រសិន​បើ​ខ្ញុំ​សុចរិត នោះ​ក៏​ខ្ញុំ​មិន​ហ៊ាន​ងើប​មុខ​ឡើង​ដែរ ខ្ញុំ​ត្រូវ​អាម៉ាស់ ហើយ​លិច​លង់​ទៅ​ក្នុង​ទុក្ខ​វេទនា។

16 ប្រសិន​បើ​ខ្ញុំ​ហ៊ាន​ងើប​មុខ ទ្រង់​នឹង​ដេញ​តាម​ខ្ញុំ​ដូច​សត្វ​សិង្ហ ទ្រង់​នឹង​សំដែង​ការ​អស្ចារ្យ​ផ្សេងៗ ប្រហារ​ខ្ញុំ​ថែម​ទៀត។

17 ទ្រង់​ចេះ​តែ​រក​មូល​ហេតុ​ថ្មីៗ មក​ចោទ​ប្រកាន់​ខ្ញុំ ទ្រង់​ខឹង​នឹង​ខ្ញុំ កាន់​តែ​ខ្លាំង​ឡើងៗ ទ្រង់​ប្រើ​កង​កម្លាំង​ថ្មីៗ​វាយ​លុក​ខ្ញុំ។

18 ទ្រង់​ឲ្យ​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ធ្វើ​អ្វី? បើ​ខ្ញុំ​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ នោះ​គ្មាន​នរណា​ឃើញ​ទេ។

19 បើ​គេ​យក​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​កប់​ក្នុង​ផ្នូរ នោះ​ខ្ញុំ​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។

20 អាយុ​ជីវិត​របស់​ខ្ញុំ​ជិត​ផុត​ហើយ សូម​ឈប់​វាយ​ប្រហារ​ខ្ញុំ សូម​ចាក​ចេញ​ពី​ខ្ញុំ​ទៅ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ពេល​ល្ហែ​បន្តិច

21 មុន​នឹង​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ស្ថាន​ងងឹត ដែល​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ឥត​វិល​ត្រឡប់​វិញ​ឡើយ។

22 ស្ថាន​នោះ​ងងឹត​ជាង​ភាព​អន្ធការ​ទៅ​ទៀត ជា​កន្លែង​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ជា​កន្លែង​ដែល​គ្មាន​របៀប​រៀប​រយ ហើយ​សូម្បី​តែ​ពន្លឺ​នៅ​ទី​នោះ​ក៏​ងងឹត​ដែរ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម