Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 145 - អាល់គីតាប


នគរ​របស់​អុលឡោះ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច
ពាក្យ​សរសើរ​តម្កើង។ ទំនុក​របស់​ណាពី​ទត។

1 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឱ​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់! ខ្ញុំ​សូម​សរសើរ​តម្កើង​នាម របស់​ទ្រង់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

2 ខ្ញុំ​សរសើរ​តម្កើង​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​កោត​សរសើរ​នាម របស់​ទ្រង់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

3 អុលឡោះ‌តាអាឡា​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ សរសើរ​តម្កើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត។ ទ្រង់​ឧត្ដុង្គ‌ឧត្ដម​រក​អ្វី​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន។

4 សូម​ឲ្យ​មនុស្ស​នៅ​គ្រប់​ជំនាន់ លើក​តម្កើង​ស្នា‌ដៃ​របស់​ទ្រង់ សូម​ឲ្យ​គេ​រៀប​រាប់​អំពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ

5 ព្រម​ទាំង​រៀប​រាប់​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុង‌រឿង របស់​ទ្រង់​ផង។ ខ្ញុំ​នឹង​សញ្ជឹង​គិត​ពី​ស្នា‌ដៃ​ដ៏​អស្ចារ្យ របស់​ទ្រង់។

6 គេ​នឹង​រៀប​រាប់​អំពី​អំណាច ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ទ្រង់ ហើយ​ខ្ញុំ​ក៏​នឹង​ថ្លែង​អំពី​ភាព​ឧត្តុង្គ‌ឧត្ដម របស់​ទ្រង់​ដែរ។

7 គេ​នឹង​រំលឹក​ឡើង​វិញ​នូវ​ចិត្ត​សប្បុរស ដ៏​លើស‌លប់​របស់​ទ្រង់ គេ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ទ្រង់​ដោយ​អំណរ។

8 អុលឡោះ‌តាអាឡា​ប្រកប​ដោយ​ចិត្ត ប្រណី‌សន្ដោស និង​អាណិត‌អាសូរ ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ ចិត្ត​មេត្តា‌ករុណា។

9 អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស ចំពោះ​មនុស្ស​ទាំង​អស់ ទ្រង់​មាន​ចិត្ត​អាណិត‌អាសូរ ដល់​សត្វ​លោក​ទាំង​អស់ ដែល​ទ្រង់​បាន​បង្កើត​មក។

10 ឱ​អុលឡោះ‌តាអាឡា​អើយ សត្វ​លោក​ដែល​ទ្រង់ បាន​បង្កើត​មក នឹង​នាំ​គ្នា​លើក​តម្កើង​ទ្រង់ ហើយ​ប្រជា‌ជន​របស់​ទ្រង់ ក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់​ដែរ។

11 គេ​នឹង​រៀប​រាប់​អំពី​នគរ ដ៏​រុង‌រឿង​របស់​ទ្រង់ គេ​នឹង​ថ្លែង​អំពី​អំណាច​របស់​ទ្រង់

12 ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹង ពី​ការ​អស្ចារ្យ​របស់​ទ្រង់ និង​សិរី‌រុង‌រឿង​ដ៏​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច នៃ​នគរ​របស់​ទ្រង់

13 ទ្រង់​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់ ទ្រង់​ជា​ស្តេច អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អុលឡោះ‌តាអាឡា​តែង​គោរព​តាម​បន្ទូល សន្យា​របស់​ទ្រង់​ជា‌និច្ច ហើយ​អ្វីៗ​ដែល​ទ្រង់​ប្រព្រឹត្ត សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ត​សប្បុរស។​

14 អុលឡោះ‌តាអាឡា​ជួយ​គាំទ្រ​អស់​អ្នក​ដែល​ជំពប់​ដួល ទ្រង់​លើក​អ្នក​ដែល​អស់​សង្ឃឹម ឲ្យ​ងើប​ឡើង​វិញ។

15 អុលឡោះ‌តាអាឡា​អើយ សត្វ​លោក​ទាំង​អស់ ទន្ទឹង​រង់‌ចាំ​ទ្រង់ ដោយ​ចិត្ត​សង្ឃឹម​ ដ្បិត​ទ្រង់​ប្រទាន​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់។

16 ទ្រង់​មាន​ចិត្ត​ទូលាយ ទ្រង់​ប្រទាន​ឲ្យ​គេ បាន​ឆ្អែត​តាម​បំណង​របស់​គេ។

17 អុលឡោះ‌តាអាឡា​ធ្វើ​គ្រប់​កិច្ចការ ដោយ​ចិត្ត​សុចរិត ហើយ​ទ្រង់​សំដែង​ចិត្ត​មេត្តា‌ករុណា ក្នុង​គ្រប់​កិច្ចការ​ដែល​ទ្រង់​ធ្វើ។

18 អុលឡោះ‌តាអាឡា​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ទ្រង់ គឺ​អស់​អ្នក​ដែល​អង្វរ​ទ្រង់​ដោយ​សុទ្ធ​ចិត្ត។

19 ទ្រង់​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នា របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​ស្តាប់​ឮ​សំរែក សូម‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។

20 អុលឡោះ‌តាអាឡា​ការពារ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ តែ​ទ្រង់​បំផ្លាញ​មនុស្ស​អាក្រក់​វិញ។

21 ខ្ញុំ​សូម​ថ្លែង​ពាក្យ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា សូម​ឲ្យ​សត្វ​លោក​ទាំង​អស់​លើក​តម្កើង នាម​ដ៏‌វិសុទ្ធ​របស់​ទ្រង់ រហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម