Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 50 - អាល់គីតាប


ការ​ថ្វាយ‌បង្គំ​ដ៏​ពិត​ប្រាកដ
ទំនុក​របស់​លោក​អេសាភ។

1 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​បន្ទូល​កោះ​ហៅ ផែនដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច

2 អុលឡោះ​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ក្រុង​ដ៏​ល្អ​ត្រចះ‌ត្រចង់។

3 អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​មក​ហើយ ទ្រង់​មិន​សំងំ​នៅ​ស្ងៀម​ឡើយ មាន​ភ្លើង​សន្ធោ‌សន្ធៅ​នៅ​ពី​មុខ​ទ្រង់ ហើយ​ជុំ‌វិញ​ទ្រង់ មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង។

4 ទ្រង់​កោះ​ហៅ​ផ្ទៃ​មេឃ និង​ផែនដី ឲ្យ​ធ្វើ​ជា​សាក្សី នៅ​ពេល​ទ្រង់​វិនិច្ឆ័យ​ទោស ប្រជា‌រាស្ត្រ​របស់​ទ្រង់

5 ទ្រង់​មាន​បន្ទូល​ថា៖ «ចូរ​ប្រមូល​ពួក​អ្នក​ជឿ​ឲ្យ​មក​ជួប​យើង គឺ​អស់​អ្នក​ដែល​បាន​ធ្វើ​គូរបាន ដើម្បី​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង!»។

6 ផ្ទៃ​មេឃ​ប្រកាស​សេចក្ដី​សុចរិត​របស់​ទ្រង់ ដ្បិត​អុលឡោះ​ផ្ទាល់​ជា​ចៅ‌ក្រម។ - សម្រាក

7 «អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង​និយាយ! អ៊ីស្រ‌អែល​អើយ យើង​នឹង​ព្រមាន​អ្នក​រាល់​គ្នា។ យើង​ជា​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។

8 យើង​មិន​បន្ទោស​អ្នក​រាល់​គ្នា​អំពី​ជំនូន និង​គូរបាន​ដុត​ដែល​អ្នក​រាល់​គ្នា​តែងតែ យក​មក​ជូន​យើង​ជា​ប្រក្រតី​នោះ​ទេ។

9 យើង​មិន​ត្រូវ​ការ​គោ​បា​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា ឬ​ក៏​ពពែ​ឈ្មោល​ពី​ក្រោល​របស់​អ្នក​រាល់​គ្នា​ឡើយ

10 ដ្បិត​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់​យើង ហើយ​សត្វ​រាប់​ម៉ឺន​រាប់​សែន​ក្បាល ដែល​រស់​នៅ​តាម​ភ្នំ ក៏​ជា​របស់​យើង។

11 យើង​ស្គាល់​បក្សា‌បក្សី​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​តាម​ភ្នំ ហើយ​សត្វ​ទាំង‌ឡាយ​ដែល​រស់​នៅ​តាម​ស្រែ​ចម្ការ ក៏​ជា​របស់​យើង​ដែរ។

12 ប្រសិន​បើ​យើង​ឃ្លាន យើង​នឹង​មិន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង ពិភព​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង​ ។

13 តើ​យើង​ដែល​បរិភោគ​សាច់​គោ​បា​ឬ? តើ​យើង​ដែល​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ?

14 ជំនូន​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជូន​អុលឡោះ គឺ​ពាក្យ​អរ​គុណ ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា ចំពោះ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

15 នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុង‌រឿង​របស់​យើង។

16 អុលឡោះ​មាន​បន្ទូល ទៅ​កាន់​មនុស្ស​អាក្រក់​ថា៖ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ចេះ​តែ​សូត្រ ហ៊ូកុំ​របស់​យើង ហើយ​ចេះ​តែ​ទន្ទេញ​ថា បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង​ដូច្នេះ?

17 ក៏​ប៉ុន្តែ អ្នក​ពុំ​ព្រម​ឲ្យ​យើង​ប្រដែ‌ប្រដៅ​សោះ ហើយ​ក៏​មិន​ព្រម​ទទួល​យក​ពាក្យ​យើង​ដែរ។

18 ពេល​ណា​អ្នក​ជួប​ចោរ អ្នក​សេព‌គប់​ជា​មួយ​គេ​ភ្លាម ហើយ​អ្នក​តែងតែ​ចូល​ដៃ ជា​មួយ​ជន​ផិត​ក្បត់​ទៀត​ផង។

19 មាត់​របស់​អ្នក​តែង​ស្រដី​ចេញ នូវ​ពាក្យ​អាក្រក់‌អាក្រី ហើយ​អណ្ដាត​អ្នក​តែង​គ្រលាស់ ចេញ​នូវ​ពាក្យ​បោក​ប្រាស់។

20 អ្នក​ត្រៀម​ខ្លួន​ចោទ​ប្រកាន់​បង​ប្អូន​ជា‌និច្ច ហើយ​អ្នក​បរិហារ​កេរ្តិ៍​បង​ប្អូន​បង្កើត​ទៀត​ផង។

21 អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ តើ​ឲ្យ​យើង​នៅ​ស្ងៀម​ម្ដេច​កើត? អ្នក​ស្មាន​ថា​យើង​ដូច​អ្នក​ដែរ​ឬ? ប៉ុន្តែ យើង​ថ្កោល​ទោស ហើយ​បង្ហាញ ឲ្យ​អ្នក​ឃើញ​កំហុស​ទាំង​នេះ​ផ្ទាល់​នឹង​ភ្នែក។

22 អស់​អ្នក​ដែល​បំភ្លេច​យើង​អើយ ចូរ​រិះ‌គិត​ឲ្យ​យល់​សេចក្ដី​នេះ​ទៅ ក្រែង​លោ​យើង​បំផ្លាញ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​អាច​រំដោះ អ្នក​រាល់​គ្នា​បាន​ឡើយ។

23 អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ជូន​ពាក្យ អរ​គុណ​ទុក​ជា​ជំនូន ហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នក ដែល​ដើរ​តាម​មាគ៌ា​របស់​យើង»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម