ជនគណនា 14 - អាល់គីតាបប្រជាជនបដិសេធចូលទៅក្នុងស្រុកកាណាន 1 សហគមន៍អ៊ីស្រអែលទាំងមូលស្រែកឡើងយ៉ាងខ្លាំង ហើយប្រជាជននាំគ្នាយំពេញមួយយប់នោះ។ 2 ប្រជាជនអ៊ីស្រអែលទាំងមូលនាំគ្នាប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន។ សហគមន៍ទាំងមូលពោលមកកាន់អ្នកទាំងពីរថា៖ «បើទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីបនោះ ប្រសើរជាងស្លាប់នៅវាលរហោស្ថាននេះ!។ 3 ហេតុអ្វីបានជាអុលឡោះតាអាឡានាំពួកយើងចូលទៅក្នុងស្រុកនោះ ដើម្បីឲ្យពួកយើងស្លាប់ដោយមុខដាវដូច្នេះ? ប្រពន្ធ និងកូនតូចៗរបស់យើងមុខជាធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកគេមិនខាន។ ហេតុនេះ គួរតែពួកយើងវិលត្រឡប់ទៅស្រុកអេស៊ីបវិញ ប្រសើរជាង»។ 4 ពួកគេនិយាយគ្នាថា៖ «ចូរយើងជ្រើសរើសមេដឹកនាំមួយនាក់ ហើយនាំគ្នាវិលត្រឡប់ទៅស្រុកអេស៊ីបវិញ»។ 5 ម៉ូសា និងហារូន ក្រាបចុះឱនមុខដល់ដី នៅចំពោះមុខសហគមន៍អ៊ីស្រអែល។ 6 ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន 7 ហើយពោលទៅកាន់សហគមន៍អ៊ីស្រអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះជាស្រុកមួយដ៏ល្អបំផុត។ 8 ប្រសិនបើអុលឡោះតាអាឡាពេញចិត្តនឹងពួកយើង ទ្រង់មុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកឲ្យពួកយើងជាពុំខាន។ 9 សូមបងប្អូនកុំបះបោរប្រឆាំងនឹងអុលឡោះ ឬភ័យខ្លាចអ្នកស្រុកនោះឡើយ ដ្បិតពួកគេនឹងធ្លាក់មកក្នុងកណ្តាប់ដៃរបស់យើង គ្មានព្រះណាការពារពួកគេបានទេ។ អុលឡោះតាអាឡានៅជាមួយពួកយើងហើយ កុំខ្លាចពួកគេធ្វើអ្វី!»។ 10 ពេលនោះសហគមន៍ទាំងមូល គិតគ្នាបំរុងយកដុំថ្មគប់សម្លាប់ពួកគាត់ ប៉ុន្តែ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមក នៅលើជំរំជួបអុលឡោះតាអាឡាឲ្យជនជាតិអ៊ីស្រអែលទាំងអស់ឃើញ។ ណាពីម៉ូសាទូរអាសូម អុលឡោះតាអាឡា លើកលែងទោសឲ្យប្រជាជន 11 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «តើប្រជាជននេះនៅតែមើលងាយយើងដល់កាលណា? យើងបានសំដែងទីសំគាល់ដ៏អស្ចារ្យជាច្រើនក្នុងចំណោមពួកគេ តើពួកគេនៅតែមិនព្រមជឿលើយើងដល់កាលណាទៀត?។ 12 យើងនឹងប្រហារពួកគេដោយជំងឺអាសន្នរោគ ហើយលុបបំបាត់ពួកគេ។ យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយធំជាង និងមានកម្លាំងជាងពួកនេះ»។ 13 ម៉ូសាជម្រាបអុលឡោះតាអាឡាថា៖ «ជនជាតិអេស៊ីបដឹងថាទ្រង់បាននាំប្រជាជននេះចាកចេញពីស្រុកអេស៊ីប ដោយឫទ្ធិអំណាចរបស់ទ្រង់។ 14 ពួកគេនាំដំណឹងនេះទៅប្រាប់អ្នកស្រុកកាណាន។ អ្នកស្រុកនោះធ្លាប់ឮថា ទ្រង់ដែលជាអុលឡោះតាអាឡានៅជាមួយប្រជាជននេះ។ អុលឡោះតាអាឡាបង្ហាញឲ្យពួកគេឃើញទ្រង់ផ្ទាល់នឹងភ្នែក។ ពពករបស់ទ្រង់ស្ថិតនៅពីលើពួកគេ ទ្រង់នាំមុខពួកគេក្នុងដុំពពក នៅពេលថ្ងៃ ក្នុងដុំភ្លើងនៅពេលយប់។ 15 ប្រសិនបើអុលឡោះប្រហារប្រជាជននេះឲ្យវិនាសទាំងស្រុងដូច្នេះ ប្រជាជាតិដែលធ្លាប់ឮល្បីអំពីទ្រង់នឹងពោលថា: 16 អុលឡោះតាអាឡា មិនអាចនាំប្រជាជននេះចូលទៅក្នុងទឹកដីដែលទ្រង់បានសន្យាប្រទានឲ្យពួកគេឡើយ ហេតុនេះហើយបានជាទ្រង់ប្រល័យជីវិតពួកគេនៅក្នុងវាលរហោស្ថាន។ 17 ឥឡូវនេះ សូមអុលឡោះតាអាឡាសំដែងអំណាចដ៏ខ្លាំងក្លាបំផុតរបស់ទ្រង់ ដូចទ្រង់ធ្លាប់ប្រកាសថា 18 “អុលឡោះតាអាឡាមានចិត្តអត់ធ្មត់ ហើយពោរពេញដោយចិត្តមេត្តាករុណា។ ទ្រង់លើកលែងទោស និងកំហុស ប៉ុន្តែ ទ្រង់មិនចាត់ទុកអ្នកដែលមានកំហុសថាជាជនស្លូតត្រង់ឡើយ។ ពេលឪពុកធ្វើខុសអុលឡោះដាក់ទោសគេ រហូតដល់កូនចៅបីបួនតំណ”។ 19 សូមមេត្តាអត់ទោសឲ្យប្រជាជននេះតាមចិត្តសប្បុរសដ៏ធំធេងរបស់ទ្រង់ ដូចទ្រង់តែងតែអត់ទោសឲ្យពួកគេ ចាប់តាំងពីស្រុកអេស៊ីបរហូតមកដល់ទីនេះ»។ 20 អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងសុខចិត្តអត់ទោសឲ្យពួកគេតាមពាក្យរបស់អ្នក! 21 ក៏ប៉ុន្តែ យើងសុំប្រកាសក្នុងនាមយើងជាអុលឡោះដែលនៅអស់កល្ប ហើយមានសិរីរុងរឿងពាសពេញលើផែនដីទាំងមូលថា: 22 អ្នកទាំងនេះបានឃើញសិរីរុងរឿងរបស់យើង ព្រមទាំងឃើញទីសំគាល់ដ៏អស្ចារ្យដែលយើងធ្វើនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន តែពួកគេបានល្បងលយើងដល់ទៅដប់ដង ដោយមិនព្រមស្តាប់បង្គាប់យើង។ 23 ហេតុនេះ ពួកគេនឹងមិនឃើញស្រុកដែលយើងបានសន្យាជាមួយដូនតារបស់ពួកគេថានឹងប្រទានឲ្យពួកគេនោះឡើយ។ អស់អ្នកដែលមើលងាយយើងនឹងមិនឃើញស្រុកនោះជាដាច់ខាត។ 24 រីឯកាលែបជាអ្នកបម្រើរបស់យើងវិញ ដោយគេមានចិត្តផ្សេងពីអ្នកដទៃ ហើយដើរតាមមាគ៌ារបស់យើងទាំងស្រុង នោះយើងនឹងឲ្យគេចូលទៅក្នុងស្រុក ដែលគេបានទៅសង្កេតមើលពូជពង្សរបស់គេនឹងកាន់កាប់ទឹកដីនោះ។ 25 ជនជាតិអាម៉ាឡេក និងជនជាតិកាណានរស់នៅតាមវាលទំនាប។ ដូច្នេះ ស្អែកអ្នករាល់គ្នាត្រូវបកក្រោយ វិលត្រឡប់ទៅវាលរហោស្ថានឆ្ពោះទៅកាន់សមុទ្រក្រហមវិញ»។ 26 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនដូចតទៅ៖ 27 «តើសហគមន៍ដ៏អាក្រក់នេះនៅតែរអ៊ូរទាំប្រឆាំងនឹងយើងដល់កាលណាទៀត? យើងបានឮពាក្យដែលកូនចៅអ៊ីស្រអែលរអ៊ូរទាំប្រឆាំងនឹងយើងហើយ។ 28 ចូរប្រាប់ពួកគេថា: យើងជាអុលឡោះដែលនៅអស់កល្ប! នេះជាពាក្យរបស់អុលឡោះតាអាឡា យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា តាមពាក្យដែលយើងបានឮអ្នករាល់គ្នានិយាយ។ 29 អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងក្នុងវាលរហោស្ថាននេះ គឺអ្នកទាំងអស់គ្នាដែលគេបានជំរឿន មានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ ហើយបានរអ៊ូរទាំប្រឆាំងនឹងយើង។ 30 អ្នករាល់គ្នានឹងមិនចូលទៅក្នុងស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ឲ្យអ្នករាល់គ្នាទៅរស់នៅនោះឡើយ លើកលែងតែកាលែបជាកូនរបស់យេភូនេ និងយ៉ូស្វេជាកូនរបស់នូន។ 31 រីឯកូនរបស់អ្នករាល់គ្នាដែលអ្នករាល់គ្នាពោលថា គេនឹងត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងនោះ យើងនឹងនាំពួកគេចូលទៅក្នុងស្រុក ហើយពួកគេនឹងស្គាល់ស្រុកដែលអ្នករាល់គ្នាមិនព្រមទទួលយក។ 32 ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹង នៅក្នុងវាលរហោស្ថាននេះ។ 33 កូនចៅរបស់អ្នករាល់គ្នានឹងក្លាយទៅជាជនពនេចរ នៅក្នុងវាលរហោស្ថាននេះអស់រយៈពេលសែសិបឆ្នាំ ហើយពួកគេត្រូវរងនូវអំពើផិតក្បត់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាស្លាប់ចោលឆ្អឹង នៅក្នុងវាលរហោស្ថាន។ 34 អ្នករាល់គ្នាបានទៅសង្កេតមើលស្រុកអស់រយៈពេលសែសិបថ្ងៃ ដូច្នេះ អ្នករាល់គ្នាត្រូវរងនូវកំហុសរបស់ខ្លួន ចំនួនសែសិបឆ្នាំដែរ គឺមួយឆ្នាំសម្រាប់មួយថ្ងៃ។ ពេលនោះអ្នករាល់គ្នាមុខជាដឹងថា ពេលយើងប្រឆាំងនឹងអ្នករាល់គ្នា តើកើតមានផលវិបាកយ៉ាងណា។ 35 យើងជាអុលឡោះតាអាឡា យើងនិយាយយ៉ាងណា យើងនឹងប្រព្រឹត្តយ៉ាងនោះ ចំពោះសហគមន៍ដ៏អាក្រក់ដែលលើកគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេនឹងស្លាប់បាត់បង់ជីវិតទាំងអស់គ្នាក្នុងវាលរហោស្ថាននេះ»។ 36 អស់អ្នកដែលម៉ូសាបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយត្រឡប់មកវិញ មានបន្ទូលបង្ខូចស្រុកធ្វើឲ្យសហគមន៍ទាំងមូលរអ៊ូរទាំប្រឆាំងនឹងគាត់ 37 គឺពួកគេបានរាយការណ៍បង្ខូចស្រុកនោះ។ ហេតុនេះ ពួកគេត្រូវស្លាប់ ដោយគ្រោះកាចមួយ នៅចំពោះអុលឡោះតាអាឡា។ 38 ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក មានតែលោកយ៉ូស្វេជាកូនរបស់លោកនូន និងលោកកាលែបជាកូនរបស់លោកយេភូនេប៉ុណ្ណោះ ដែលរួចជីវិត។ 39 ម៉ូសាបាននាំពាក្យទាំងនេះទៅប្រាប់ជនជាតិអ៊ីស្រអែលទាំងអស់ ធ្វើឲ្យប្រជាជនព្រួយចិត្តយ៉ាងខ្លាំង។ 40 ពួកគេក្រោកពីព្រលឹម ហើយនាំគ្នាឡើងទៅលើកំពូលភ្នំ ទាំងពោលថា៖ «មក៍! ពួកយើងឡើងទៅកន្លែងដែលអុលឡោះតាអាឡាមានបន្ទូល ដ្បិតពួកយើងបានប្រព្រឹត្តអំពើបាប»។ 41 ម៉ូសាមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់អុលឡោះតាអាឡាដូច្នេះ? អ្នករាល់គ្នានឹងពុំសម្រេចតាមបំណងឡើយ។ 42 កុំឡើងទៅធ្វើអ្វី! អុលឡោះតាអាឡាមិននៅជាមួយអ្នករាល់គ្នាទេ។ កុំទុកឲ្យខ្មាំងសត្រូវប្រហារអ្នករាល់គ្នាឡើយ។ 43 ជនជាតិអាម៉ាឡេក និងជនជាតិកាណានស្ថិតនៅខាងមុខអ្នករាល់គ្នាដូច្នេះ អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ អុលឡោះតាអាឡាមិននៅជាមួយអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាបានងាកចិត្តចេញពីអុលឡោះ»។ 44 ប្រជាជនតាំងចិត្តមានះឡើងទៅលើកំពូលភ្នំ តែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា និងម៉ូសាពុំបានចាកចេញពីក្នុងជំរំទេ។ 45 ពេលនោះ ជនជាតិអាម៉ាឡេក និងជនជាតិកាណានដែលរស់នៅលើភ្នំនាំគ្នាចុះមក ហើយវាយប្រហារពួកគេ ព្រមទាំងដេញតាមកំទេចពួកគេរហូតដល់ហោម៉ា។ |
© 2014 United Bible Societies, UK.
United Bible Societies