អេសាយ 19 - អាល់គីតាបអុលឡោះនឹងដាក់ទោសស្រុកអេស៊ីប 1 សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: អុលឡោះតាអាឡាមកស្រុកអេស៊ីប ដោយនៅលើពពកមួយដុំដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ ចំពោះទ្រង់ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ទ្រង់មានបន្ទូលថា: 2 «យើងនឹងធ្វើឲ្យជនជាតិអេស៊ីបច្បាំងនឹងគ្នាឯង ម្នាក់ៗប្រហារបងប្អូន និងមិត្តភក្ដិរបស់ខ្លួន ក្រុងមួយច្បាំងនឹងក្រុងមួយ ហើយនគរមួយច្បាំងនឹងនគរមួយទៀត។ 3 យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតី ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ ទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្ស និងរកគ្រូទាយឲ្យជួយ។ 4 យើងនឹងប្រគល់ស្រុកអេស៊ីបទៅក្នុងកណ្ដាប់ដៃ របស់អ្នកកាន់អំណាចផ្ដាច់ការ ហើយនឹង មានស្ដេចកំណាចគ្រងរាជ្យលើពួកគេ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ 5 ទឹកសមុទ្រនឹងហួតបាត់អស់ទៅ ហើយទន្លេនីលក៏រីងស្ងួតអស់ទៅដែរ។ 6 ទឹកនៅតាមព្រែកទាំងឡាយនឹងស្អុយកខ្វក់ ទឹកនៅតាមតំបន់ទន្លេនីលទាំងមូលនឹងស្រក ហើយរីងអស់ទៅ។ ដើមត្រែង និងដើមកក់ក៏ក្រៀមស្វិតអស់ដែរ។ 7 ដំណាំតាមដងទន្លេនីល រហូតដល់មាត់សមុទ្រ នឹងហិនហោចអស់គ្មានសល់! អ្វីៗដែលគេសាបព្រោះនៅជិតទន្លេនីល ក៏ក្រៀមស្ងួត ហើយត្រូវខ្យល់ផាត់បាត់ទៅ។ 8 ពួកអ្នកនេសាទនឹងនាំគ្នាស្រែកថ្ងូរ ពួកអ្នកស្ទូចត្រីនៅតាមទន្លេនីលនឹងត្អូញត្អែរ ហើយពួកអ្នកបង់សំណាញ់នឹងអស់សង្ឃឹម។ 9 ពួកអ្នករវៃអំបោះ និងពួកអ្នកត្បាញក្រណាត់ នឹងមានទឹកមុខស្លេកស្លាំង។ 10 អស់អ្នកដែលជាជន្ទល់របស់ស្រុកទេស នឹងបាត់បង់ទឹកចិត្ត ហើយកម្មករទាំងប៉ុន្មាននឹងកើតទុក្ខព្រួយ។ 11 ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ រីឯក្រុមប្រឹក្សារបស់ស្តេចហ្វៀរ៉អ៊ូន ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ តែពួកនេះហ៊ានជម្រាបស្តេចហ្វៀរ៉អ៊ូនថា “ខ្ញុំជាពូជអ្នកប្រាជ្ញ ជាពូជស្តេចនៅជំនាន់ដើម”។ 12 ស្តេចហ្វៀរ៉អ៊ូនអើយ អ្នកប្រាជ្ញរបស់ស្តេចនៅឯណា? សូមឲ្យពួកគេជម្រាបស្តេចអំពី ហេតុការណ៍ដែលអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល សម្រេចធ្វើចំពោះស្រុកអេស៊ីបនេះទៅ! 13 ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែលេលា ពួកមេដឹកនាំនៅក្រុងណូបសុទ្ធតែឡប់សតិ គឺពួកមេដឹកនាំកុលសម្ព័ន្ធទាំងនោះហើយ ដែលបានដឹកនាំប្រជាជននៅស្រុកអេស៊ីប ឲ្យវង្វេង។ 14 អុលឡោះតាអាឡានឹងធ្វើឲ្យពួកគេឡប់ស្មារតី ពួកគេនឹងនាំស្រុកអេស៊ីបឲ្យវង្វេង ក្នុងគ្រប់ វិស័យទាំងអស់ គឺប្រៀបដូចជាមនុស្សប្រមឹក ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។ 15 នៅស្រុកអេស៊ីប ចាប់ពីអ្នកធំរហូតដល់អ្នកតូច ចាប់ពីមនុស្សចេះដឹងរហូតដល់មនុស្សខ្លៅ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។ ជនជាតិអេស៊ីបនឹងថ្វាយបង្គំអុលឡោះ 16 នៅគ្រានោះ ជនជាតិអេស៊ីបប្រៀបបាននឹងស្រីៗ គឺពួកគេនឹងភ័យញ័រចំប្រប់ នៅពេលឃើញអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល លើកដៃគំរាមពួកគេ។ 17 ទឹកដីយូដាជាកន្លែងមួយ ដែលធ្វើឲ្យជនជាតិអេស៊ីបញាប់ញ័រជាខ្លាំង ពេលណារំលឹកពីស្រុកយូដា គេភ័យខ្លាចណាស់ ព្រោះតែការដែលអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលបានសម្រេចប្រព្រឹត្តចំពោះពួកគេ។ 18 គ្រានោះ មានក្រុងប្រាំនៅស្រុកអេស៊ីបនិយាយភាសាហេប្រឺ។ 19 គ្រានោះ គេនឹងសង់អាសនៈមួយជូនអុលឡោះតាអាឡា នៅចំកណ្ដាលស្រុកអេស៊ីប ហើយគេនឹងដំឡើងស្ដូបមួយជូនអុលឡោះតាអាឡានៅក្បែរព្រំដែន 20 ទុកជាសញ្ញាបញ្ជាក់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនៅក្នុងស្រុកអេស៊ីប។ ពេលជនជាតិអេស៊ីបទូរអាសូមអុលឡោះតាអាឡាជួយពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់អស់អ្នកដែលជិះជាន់ពួកគេ ទ្រង់នឹងចាត់អ្នកសង្គ្រោះម្នាក់ឲ្យមកការពារ និងរំដោះពួកគេ។ 21 អុលឡោះតាអាឡានឹងសំដែងឲ្យជនជាតិអេស៊ីបស្គាល់ទ្រង់ ហើយនៅគ្រានោះ ជនជាតិអេស៊ីបនឹងស្គាល់អុលឡោះតាអាឡាពិតមែន។ ពួកគេនឹងគោរពបម្រើទ្រង់ ដោយធ្វើគូរបាន និងជូនជំនូនផ្សេងៗ ពួកគេនាំគ្នាសូមអុលឡោះតាអាឡា ព្រមទាំងលាបំណន់ផង។ 22 អុលឡោះតាអាឡានឹងវាយប្រហារជនជាតិអេស៊ីបមែន តែទ្រង់នឹងប្រោសគេឲ្យបានជា ពួកគេកែប្រែចិត្តគំនិតមករកអុលឡោះតាអាឡា ហើយទ្រង់នឹងទទួលពួកគេ ព្រមទាំងប្រោសពួកគេឲ្យបានជាទៀតផង។ 23 នៅគ្រានោះ នឹងមានផ្លូវមួយភ្ជាប់ពីស្រុកអេស៊ីបទៅស្រុកអាស្ស៊ីរី។ ជនជាតិអាស្ស៊ីរីនឹងធ្វើដំណើរទៅស្រុកអេស៊ីប ជនជាតិអេស៊ីបទៅស្រុកអាស្ស៊ីរី ហើយជនជាតិទាំងពីរនឹងគោរពបម្រើអុលឡោះតាអាឡាជាមួយគ្នា។ 24 នៅគ្រានោះ ជនជាតិអ៊ីស្រអែលនឹងមករួមជាមួយជនជាតិអេស៊ីប និងជនជាតិអាស្ស៊ីរី ហើយជនជាតិទាំងបីនឹងធ្វើឲ្យពិភពលោកទាំងមូលស្គាល់ពររបស់អុលឡោះ។ 25 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «ឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។ |
© 2014 United Bible Societies, UK.
United Bible Societies