Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 66 - អាល់គីតាប


ការ​ថ្វាយ‌បង្គំ​អុលឡោះ​តាម​របៀប​ដ៏​ត្រឹម​ត្រូវ

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?

2 គឺ​យើង​ទេ​តើ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​នោះ​មក ហើយ​អ្វីៗ​ទាំង​នោះ​ក៏​សុទ្ធ​តែ​ជា កម្មសិទ្ធិ​របស់​យើង​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ ជន​កំសត់​ទុគ៌ត ដែល​បាក់​ទឹក​ចិត្ត និង​ធ្វើ​តាម​ពាក្យ​យើង ដោយ​ញាប់‌ញ័រ។

3 រីឯ​អ្នក​ដែល​យក​គោ​មក​ធ្វើ​ជា​គូរបាន នោះ​ដូច​ជា​បាន​សម្លាប់​មនុស្ស អ្នក​ដែល​យក​ចៀម​មក​ធ្វើ​គូរបាន នោះ​ដូច​ជា​បាន​វាយ​បំបាក់​ក​ឆ្កែ អ្នក​ដែល​យក​ជំនូន​មក​ជូន នោះ​ដូច​ជា​បាន​យក​ជំនូន​នេះ​ជា​ឈាម​ជ្រូក អ្នក​ដែល​ដុត​គ្រឿង​ក្រអូប នោះ​ដូច​ជា​បាន​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ គឺ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ប្រព្រឹត្ត​តាម ការ​យល់​ឃើញ​របស់​ខ្លួន ហើយ​ចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើម

4 យើង​ក៏​ពេញ​ចិត្ត​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ផល ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ការ​លំបាក​សព្វ​បែប​យ៉ាង កើត​មាន​ដល់​ពួក​គេ គឺ​ការ​លំបាក​ដែល​គេ​តែងតែ​ខ្លាច‌រអែង។ យើង​បាន​ហៅ តែ​គ្មាន​នរណា​ឆ្លើយ យើង​បាន​និយាយ តែ​គ្មាន​នរណា​ស្ដាប់​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ ដែល​យើង​យល់​ថា​អាក្រក់ គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។


សិរី‌រុង‌រឿង​របស់​ក្រុង​យេរូ‌សាឡឹម

5 អ្នក​រាល់​គ្នា​ដែល​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ដោយ​ញាប់‌ញ័រ ចូរ​នាំ​គ្នា​ស្ដាប់​ទ្រង់។ បង​ប្អូន​របស់​អ្នក​រាល់​គ្នា ស្អប់ និង​កាត់‌កាល់​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​គោរព​ទ្រង់។ ពួក​គេ​ពោល​ថា “សូមអុលឡោះ‌តាអាឡា​សំដែង សិរី‌រុង‌រឿង ដើម្បី​ឲ្យ​យើង​ឃើញ​អំណរ របស់​អ្នក​រាល់​គ្នា​ផង!”។ អ្នក​ទាំង​នោះ​មុខ​ជា​ត្រូវ​អាម៉ាស់។

6 មាន​សំឡេង​លាន់​ឮ​រំពង​ពី​ទីក្រុង មាន​សំឡេង​លាន់​ឮ​ពី​ម៉ាស្ជិទ គឺ​ជា​សំឡេង​របស់អុលឡោះ‌តាអាឡា ដែល​កំពុង​តែ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់ ទ្រង់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

7 ក្រុង​ស៊ីយ៉ូន​ប្រៀប​បាន​នឹង​ស្ត្រី ដែល​សំរាល​កូន មុន​ឈឺ​ផ្ទៃ ហើយ​បង្កើត​បាន​កូន​ប្រុស មុន​ឈឺ​ចុក​ចាប់។

8 តើ​នរណា​ធ្លាប់​ឮ​ហេតុ‌ការណ៍​យ៉ាង​នេះ? តើ​នរណា​ធ្លាប់​ឃើញ​ហេតុ‌ការណ៍​ដូច្នេះ? តើ​នគរ​មួយ​អាច​កើត​ឡើង ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​បាន​ឬ? តើ​ប្រជា‌ជាតិ​មួយ​អាច​កើត ក្នុង​ពេល​តែ​មួយ​បាន​ឬ? ចំណែក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ នាង​ទើប​នឹង​ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ក៏​សំរាល​កូន​ចៅ!

9 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: បើ​យើង​ឲ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ តើ​យើង​ឃាត់‌ឃាំង​មិន​ឲ្យ​កូន​កើត​បាន​ឬ អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​មាន​បន្ទូល​ថា បើ​យើង​ឲ្យ​ទារក​ចាប់​ផ្ទៃ តើ​យើង​រារាំង​វា​មិន​ឲ្យ​កើត​បាន​ឬ?

10 អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រួម​ជា​មួយ​ក្រុង​នេះ​ចុះ ចូរ​ត្រេក​អរ​រីក‌រាយ​យ៉ាង​ខ្លាំង! អស់​អ្នក​ដែល​កាន់​ទុក្ខ​អាណិត ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ក្រុង​នេះ​ដែរ។

11 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្កប់​ចិត្ត​នឹង​ក្រុង​នេះ ដូច​កូន​ដែល​ម្ដាយ​ថ្នាក់‌ថ្នម​បំបៅ​ដែរ អ្នក​រាល់​គ្នា​នឹង​បាន​ថ្កុំ‌ថ្កើង​រុង‌រឿង ដោយ‌សារ​ក្រុង​នេះ។

12 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: យើង​នឹង​ឲ្យ​សេចក្ដី​សុខ‌សាន្ត ហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេ យើង​នឹង​បង្ហូរ​ធន‌ធាន​ដ៏​រុង‌រឿង​របស់ ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង​ក្រុង​នេះ ដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។ យើង​នឹង​ថ្នាក់‌ថ្នម​អ្នក​រាល់​គ្នា​ដូច​ម្ដាយ​បំបៅ​កូន បី​វា និង​ថ្នាក់‌ថ្នម​វា​នៅ​លើ​ភ្លៅ។

13 ម្ដាយ​លួង‌លោម​កូន​យ៉ាង​ណា យើង​នឹង​លួង‌លោម​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ដោយ​លែង​មាន​ទុក្ខ​ព្រួយ​ទៀត។

14 កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម បាន​សុខ‌សាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ អុលឡោះ‌តាអាឡា​នឹង​សំដែង​អំណាច ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ឃើញ តែ​ទ្រង់​សំដែង​កំហឹង​ទាស់​នឹង ខ្មាំង​សត្រូវ​របស់​ទ្រង់។


ការ​ដាក់​ទោស​មនុស្ស​អាក្រក់​នៅ​គ្រា​ចុង​ក្រោយ

15 មើល អុលឡោះ‌តាអាឡា​កំពុង​តែ​មក ទ្រង់​មក​ក្នុង​ភ្លើង រទេះ​របស់​ទ្រង់​ប្រៀប​បាន​នឹង​ខ្យល់​កួច។ ទ្រង់​ធ្វើ​តាម​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់ ទ្រង់​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោស ស្រប​តាម​បន្ទូល​ដែល​ទ្រង់ ព្រមាន​ទុក​ជា​មុន។

16 អុលឡោះ‌តាអាឡា​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​ទាំង​អស់ ដោយ​ប្រើ​ភ្លើង និង​ដាវ អុលឡោះ‌តាអាឡា​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន។

17 អស់​អ្នក​ដែល​ខិត‌ខំ​ញែក​ខ្លួន និង​ជម្រះ​កាយ ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន របស់​ព្រះ​ក្លែង‌ក្លាយ តាម​មេ​ដឹក​នាំ​របស់​គេ ហើយ​នាំ​គ្នា​បរិភោគ​សាច់​ជ្រូក កណ្ដុរ ព្រម​ទាំង​អ្វីៗ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម មុខ​ជា​ត្រូវ​វិនាស​ទាំង​អស់​គ្នា​មិន​ខាន។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

18 យើង​នឹង​ឲ្យ​មនុស្ស​គិត​តែ​អំពី​យើង ហើយ​គិត​តែ​ពី​ធ្វើ​កិច្ចការ​សម្រាប់​យើង។ យើង​នឹង​ប្រមូល​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា​ឲ្យ​មក ពួក​គេ​នឹង​ឃើញ​សិរី‌រុង‌រឿង​របស់​យើង។

19 យើង​នឹង​ដាក់​ទី​សំគាល់​មួយ​ជា​សញ្ញា នៅ​កណ្ដាល​ជាតិ​សាសន៍​ទាំង​នោះ។ យើង​នឹង​ចាត់​អ្នក​ខ្លះ​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​រួច​ជីវិត ឲ្យ​ទៅ​កាន់​ប្រទេស​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ទៅ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ (អ្នក​ស្រុក​នោះ​ជា​អ្នក​បាញ់​ព្រួញ​ដ៏​ចំណាន) ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ព្រម​ទាំង​កោះ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន អ្នក​ស្រុក​ទាំង​នោះ​មិន​ដែល​ឮ​គេ​និយាយ​អំពី​យើង ហើយ​ក៏​មិន​ដែល​ឃើញ​សិរី‌រុង‌រឿង​របស់​យើង​ដែរ។ អ្នក​ដែល​យើង​ចាត់​ឲ្យ​ទៅ​នឹង​ថ្លែង​ពី​សិរី‌រុង‌រឿង​របស់​យើង នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។

20 ប្រជា‌ជាតិ​ទាំង​នោះ​នឹង​នាំ​បង​ប្អូន​អ្នក​រាល់​គ្នា ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ មក​ជូនអុលឡោះ‌តាអាឡា។ ពួក​គេ​ហែ‌ហម​បង​ប្អូន​ទាំង​នោះ ដែល​ជិះ​សេះ រទេះ អង្រឹង​ស្នែង លា និង​អូដ្ឋ រហូត​មក​ដល់​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង គឺ​ក្រុង​យេរូ‌សាឡឹម ដូច​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្លាប់​យក​ជំនូន ដាក់​លើ​ជើង​ពាន​ដ៏​វិសុទ្ធ​មក​ជូន នៅ​ក្នុង​ដំណាក់​នៃ​អុលឡោះ​ដែរ។

21 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា សូម្បី​តែ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ យើង​ជ្រើស​រើស​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​អ៊ីមុាំ និង​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​ពួក​លេវី​ដែរ។

22 ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​បង្កើត នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង​យ៉ាង​ណា ពូជ‌ពង្ស និង​ឈ្មោះ​របស់​អ្នក​រាល់​គ្នា ក៏​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង រហូត​ត​រៀង​ទៅ​យ៉ាង​នោះ​ដែរ -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

23 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា: រៀង​រាល់​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី និង​រៀង​រាល់​ថ្ងៃ​ឈប់​សម្រា មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា មក​ក្រាប​ថ្វាយ‌បង្គំ​យើង។

24 ពេល​គេ​ចេញ​ពី​ម៉ាស្ជិទ គេ​នឹង​ឃើញ​សាក‌សព​របស់​មនុស្ស ដែល​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ដង្កូវ​នឹង​មិន​ងាប់ ហើយ​ភ្លើង​ក៏​មិន​រលត់ សាក‌សព​ទាំង​នោះ​ធ្វើ​ឲ្យ​សត្វ​លោក ទាំង​អស់​ខ្ពើម​រអើម។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម