គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបែរព្រលឹងរបស់ខ្លួនទៅរកសេចក្ដីមិនពិត ហើយមិនស្បថដោយកុហក។
១ ធីម៉ូថេ 1:5 - ព្រះគម្ពីរខ្មែរសាកល គោលបំណងនៃសេចក្ដីបង្គាប់នេះ គឺសេចក្ដីស្រឡាញ់ដែលចេញពីចិត្តបរិសុទ្ធ ពីសតិសម្បជញ្ញៈត្រឹមត្រូវ និងពីជំនឿឥតពុតត្បុត។ Khmer Christian Bible គោលបំណងរបស់សេចក្ដីបង្គាប់នេះ គឺឲ្យមានសេចក្ដីស្រឡាញ់ដែលកើតចេញពីចិត្ដបរិសុទ្ធ ពីមនសិការល្អ និងពីជំនឿដ៏ឥតពុតត្បុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ* ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដែលហាមយ៉ាងដូច្នោះ នោះគឺប្រយោជន៍ចង់ឲ្យបានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីបញ្ញាចិត្តជ្រះថ្លា ហើយពីសេចក្ដីជំនឿដ៏ស្មោះត្រង់វិញ អាល់គីតាប ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្ដបរិសុទ្ធ ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។ |
គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបែរព្រលឹងរបស់ខ្លួនទៅរកសេចក្ដីមិនពិត ហើយមិនស្បថដោយកុហក។
ឱព្រះអើយ សូមនិម្មិតបង្កើតចិត្តបរិសុទ្ធឲ្យទូលបង្គំ សូមស្ដារវិញ្ញាណទៀងត្រង់ឡើងវិញ នៅក្នុងទូលបង្គំផង!
មនុស្សល្អតែងតែបញ្ចេញសេចក្ដីល្អពីសម្បត្តិដ៏ល្អនៃចិត្តរីឯមនុស្សអាក្រក់ក៏តែងតែបញ្ចេញសេចក្ដីអាក្រក់ពីសម្បត្តិដ៏អាក្រក់នៃចិត្តដែរ។
ទាំងសម្អាតចិត្តរបស់ពួកគេដោយសារតែជំនឿ គឺមិនបានប្រកាន់ថាយើង និងពួកគេខុសគ្នាឡើយ។
ប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សា ហើយនិយាយថា៖ “បងប្អូនអើយ រហូតមកដល់ថ្ងៃនេះ ខ្ញុំបានរស់នៅដោយសតិសម្បជញ្ញៈត្រឹមត្រូវទាំងស្រុងនៅចំពោះព្រះ”។
ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់តែងតែខិតខំព្យាយាមជានិច្ច ឲ្យមានសតិសម្បជញ្ញៈដែលឥតបន្ទោសបាននៅចំពោះព្រះ និងនៅចំពោះមនុស្ស។
ជាការពិត ព្រះគ្រីស្ទជាចុងបញ្ចប់នៃក្រឹត្យវិន័យ ដើម្បីឲ្យអស់អ្នកដែលជឿត្រូវបានរាប់ជាសុចរិត។
សេចក្ដីស្រឡាញ់ត្រូវតែឥតពុតត្បុត។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ចូរកាន់ខ្ជាប់អ្វីដែលល្អ។
ប្រសិនបើបងប្អូនរបស់អ្នកត្រូវពិបាកចិត្តព្រោះតែអាហារ នោះអ្នកលែងដើរដោយសេចក្ដីស្រឡាញ់ទៀតហើយ។ កុំបំផ្លាញអ្នកដែលព្រះគ្រីស្ទបានសុគតជំនួសនោះ ដោយអាហាររបស់អ្នកឡើយ។
ខ្ញុំនិយាយសេចក្ដីពិតក្នុងព្រះគ្រីស្ទ ខ្ញុំមិនភូតភរទេ សតិសម្បជញ្ញៈរបស់ខ្ញុំក៏ធ្វើបន្ទាល់ជាមួយខ្ញុំក្នុងព្រះវិញ្ញាណដ៏វិសុទ្ធដែរ
ប្រសិនបើខ្ញុំចេះនិយាយភាសាដទៃរបស់មនុស្ស និងភាសាដទៃរបស់ទូតសួគ៌ ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំបានត្រឡប់ជាគងដែលឮទ្រហឹងអឺងកង ឬឆាបដែលឮឆុងឆាំង។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
រីឯផលផ្លែរបស់ព្រះវិញ្ញាណគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់
ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ដែលសំខាន់។
ធីម៉ូថេ កូនខ្ញុំអើយ ខ្ញុំសូមផ្ទុកផ្ដាក់សេចក្ដីបង្គាប់នេះនឹងអ្នក ស្របតាមពាក្យព្យាករដែលត្រូវបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកបានតយុទ្ធដោយសេចក្ដីទាំងនោះ ក្នុងចម្បាំងដ៏ល្អ
ទាំងកាន់ខ្ជាប់នូវជំនឿ និងសតិសម្បជញ្ញៈត្រឹមត្រូវផង។ មានអ្នកខ្លះបោះបង់ចោលសេចក្ដីទាំងនេះ បណ្ដាលឲ្យលិចសំពៅនៃជំនឿ។
ខ្ញុំសូមអរព្រះគុណដល់ព្រះ ជាព្រះអង្គដែលខ្ញុំបានបម្រើតពីដូនតារបស់ខ្ញុំដោយសតិសម្បជញ្ញៈបរិសុទ្ធ ដោយខ្ញុំនឹកចាំអំពីអ្នកក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំឥតឈប់ឈរទាំងយប់ទាំងថ្ងៃ។
ខ្ញុំនឹកចាំអំពីជំនឿឥតពុតត្បុតដែលនៅក្នុងអ្នក ដែលមុនដំបូងបានស្ថិតនៅក្នុងឡូអ៊ីសជីដូនរបស់អ្នក បន្ទាប់មកបានស្ថិតនៅក្នុងអ៊ើនីសម្ដាយរបស់អ្នក ហើយខ្ញុំជឿជាក់ថាស្ថិតនៅក្នុងអ្នកដែរ។
ដូច្នេះ ចូរគេចឲ្យផុតពីតណ្ហានៃយុវវ័យ ហើយស្វែងរកសេចក្ដីសុចរិតយុត្តិធម៌ ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយនឹងពួកអ្នកដែលហៅរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធ។
សម្រាប់មនុស្សបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯសម្រាប់មនុស្សសៅហ្មង និងអ្នកមិនជឿវិញ គ្មានអ្វីបរិសុទ្ធឡើយ គឺទាំងគំនិត ទាំងសតិសម្បជញ្ញៈរបស់ពួកគេ សុទ្ធតែសៅហ្មង។
ហើយដោយចិត្តរបស់យើងត្រូវបានប្រោះសម្អាតដោយឈាម ពីសតិសម្បជញ្ញៈសៅហ្មង ព្រមទាំងរូបកាយត្រូវបានលាងដោយទឹកបរិសុទ្ធ ដូច្នេះចូរឲ្យយើងចូលទៅជិតដោយចិត្តពិតត្រង់ និងដោយជំនឿដែលជឿអស់ពីចិត្ត។
សូមអធិស្ឋានសម្រាប់យើងផង ដ្បិតយើងជឿជាក់ថា យើងមានសតិសម្បជញ្ញៈត្រឹមត្រូវ ទាំងប្រាថ្នាចង់ប្រព្រឹត្តត្រឹមត្រូវក្នុងគ្រប់ការទាំងអស់។
ចុះព្រះលោហិតរបស់ព្រះគ្រីស្ទវិញ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដ៏ឥតសៅហ្មងដល់ព្រះ តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ច តើអាចជម្រះសតិសម្បជញ្ញៈរបស់យើងរាល់គ្នាពីអំពើដែលនាំឲ្យស្លាប់ ដើម្បីបម្រើព្រះដ៏មានព្រះជន្មរស់បាន លើសជាងអម្បាលម៉ានទៅទៀត!
ចូរចូលទៅជិតព្រះ នោះព្រះអង្គនឹងចូលមកជិតអ្នករាល់គ្នាដែរ។ ពួកមនុស្សបាបអើយ ចូរលាងដៃរបស់អ្នករាល់គ្នាឲ្យស្អាតចុះ! ពួកមនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធចុះ!
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធដោយការស្ដាប់បង្គាប់សេចក្ដីពិត ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត ដូច្នេះចូរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តដោយចិត្តបរិសុទ្ធចុះ។
យ៉ាងណាមិញ ចូរឆ្លើយដោយសុភាពរាបសា និងដោយការកោតខ្លាច ទាំងរក្សាសតិសម្បជញ្ញៈត្រឹមត្រូវ ដើម្បីកាលណាអ្នករាល់គ្នាត្រូវគេមួលបង្កាច់ ពួកអ្នកដែលត្មះតិះដៀលកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បានអាម៉ាស់មុខវិញ។
ទឹកនោះ ជារូបតំណាងនៃពិធីជ្រមុជទឹកដែលសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ។ នេះមិនមែនជាការលាងសម្អាតភាពស្មោកគ្រោកចេញពីរូបកាយនោះទេ គឺជាការទូលសុំដល់ព្រះនូវសតិសម្បជញ្ញៈត្រឹមត្រូវ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។
ដែលសំខាន់ជាងគេ គឺត្រូវរក្សាសេចក្ដីស្រឡាញ់យ៉ាងអស់ពីចិត្តចំពោះគ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់គ្របបាំងបាបដ៏ច្រើនសន្ធឹក។
បន្ថែមសេចក្ដីស្រឡាញ់ជាបងប្អូនលើការគោរពព្រះ ហើយបន្ថែមសេចក្ដីស្រឡាញ់លើសេចក្ដីស្រឡាញ់ជាបងប្អូន។
ដោយសារតែការនេះ ធ្វើឲ្យជាក់ច្បាស់ថា អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់មារ។ អស់អ្នកដែលមិនប្រព្រឹត្តតាមសេចក្ដីសុចរិត មិនមែនជារបស់ព្រះទេ ហើយអ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនជារបស់ព្រះដែរ។
នេះជាសេចក្ដីបង្គាប់របស់ព្រះអង្គ គឺឲ្យយើងជឿលើព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ ហើយឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក តាមសេចក្ដីបង្គាប់ដែលព្រះអង្គបានប្រទានមកយើង។
អស់អ្នកដែលមានសេចក្ដីសង្ឃឹមនេះលើព្រះអង្គ ក៏ជម្រះខ្លួនឯងឲ្យបរិសុទ្ធ ដូចដែលព្រះអង្គទ្រង់បរិសុទ្ធដែរ។