Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ធីម៉ូថេ 1 - អាល់គីតាប


សេចក្ដី​ផ្ដើម

1 ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា តាម​បញ្ជា​របស់​អុលឡោះ ជា​ម្ចាស់​សង្គ្រោះ​នៃ​យើង និង​តាម​បញ្ជា​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​ទី​សង្ឃឹម​នៃ​យើង

2 មក​ដល់​ធីម៉ូ‌ថេ ជា​កូន​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​ក្នុង​ជំនឿ។ សូម​អុលឡោះ ជា​បិតា និង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​អម្ចាស់​នៃ​យើង​ប្រទាន​សេចក្តី​ប្រណី‌សន្តោស ចិត្ត​មេត្ដា‌ករុណា និង​សេចក្ដី​សុខ‌សាន្ដ​ដល់​អ្នក។


ពាក្យ​ដាស់‌តឿន​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​ក្លែង‌ក្លាយ

3 ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​អ្នក នៅ​ពេល​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន​រួច​ហើយ​ថា ចូរ​ស្នាក់​នៅ​ក្រុង​អេភេ‌សូ​នេះ ដើម្បី​ហាម​ប្រាម​អ្នក​ខ្លះ កុំ​ឲ្យ​បង្រៀន​គោល‌លទ្ធិ​ណា​ផ្សេង​ទៀត​ឡើយ

4 ហើយ​ក៏​កុំ​ឲ្យ​ជាប់​ចិត្ដ​ទៅ​លើ​រឿង​ព្រេង និង​ទៅ​លើ​បញ្ជី​វង្ស​ត្រកូល​ដ៏​វែង​អន្លាយ​នោះ​ដែរ។ រឿង​ទាំង​នេះ​បង្ក​ឲ្យ​តែ​មាន​ការ​ជជែក​វែក​ញែក ជា​ជាង​គិត​អំពី​គម្រោង‌ការ​របស់​អុលឡោះ​ដែល​យើង​ស្គាល់​តាម​ជំនឿ។

5 ហេតុ​ដែល​ខ្ញុំ​ឲ្យ​ហាម​ប្រាម​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​គេ​មាន​សេចក្ដី​ស្រឡាញ់​ផុស​ចេញ​ពី​ចិត្ដ​បរិសុទ្ធ ពី​មន‌សិការ​ជ្រះ​ថ្លា និង​ពី​ជំនឿ​ឥត​ពុត​ត្បុត។

6 អ្នក​ខ្លះ​បាន​ងាក​ចេញ​ពី​គោល​ការណ៍​នេះ ហើយ​ក៏​ត្រូវ​វង្វេង​វង្វាន់ និយាយ​ពាក្យ​សំដី​ឥត​ខ្លឹម​សារ

7 គេ​ចង់​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ​ខាង​វិន័យ តែ​គេ​មិន​យល់​ទាំង​ពាក្យ​ដែល​ខ្លួន​និយាយ ទាំង​សេចក្ដី​ដែល​ខ្លួន​បញ្ជាក់​ថា​ពិត​នោះ​ផង។

8 យើង​ដឹង​ហើយ​ថា ហ៊ូកុំ​ល្អ​ប្រសើរ លុះ​ត្រា​តែ​យើង​ប្រើ​តាម​ក្បួន​ខ្នាត។

9 យើង​ត្រូវ​ដឹង​ទៀត​ថា ហ៊ូកុំ​មិន​មែន​ចែង​ទុក សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​សម្រាប់​មនុស្ស​ដែល​គ្មាន​ហ៊ូកុំ មនុស្ស​មិន​ស្ដាប់​បង្គាប់ មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ មនុស្ស​បាប ពួក​អ្នក​បំផ្លាញ និង​ប្រមាថ​ទី‌សក្ការៈ ពួក​អ្នក​សម្លាប់​ឪពុក‌ម្ដាយ សម្លាប់​គេ

10 ពួក​ប្រាស‌ចាក​សីល‌ធម៌ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ឈ្មួញ​មនុស្ស ពួក​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ដ​អ្វីៗ​ប្រឆាំង​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​ដ៏​ត្រឹម​ត្រូវ

11 ស្រប​តាម​ដំណឹង‌ល្អ ស្ដី​អំពី​អុលឡោះ​ប្រកប​ដោយ​សិរី‌រុង‌រឿង និង​សុភមង្គល​ជា​ដំណឹង‌ល្អ ដែល​ទ្រង់​បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ។


ចិត្ត​សប្បុរស​របស់​អុលឡោះ

12 ខ្ញុំ​សូម​អរ​គុណ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រទាន​កម្លាំង​មក​ខ្ញុំ គាត់​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ដ ហើយ​តែង‌តាំង​ខ្ញុំ​ឲ្យ​បម្រើ​គាត់។

13 ទោះ​បី​ពី​ដើម​ខ្ញុំ​ធ្លាប់​ប្រមាថ បៀត‌បៀន និង​ប្រព្រឹត្ដ​អំពើ​ឃោរ‌ឃៅ​ក៏​ដោយ ក៏​គាត់​មាន​ចិត្ត​មេត្ដា‌ករុណា​ដល់​ខ្ញុំ​ដែរ ព្រោះ​កាល​ណោះ ខ្ញុំ​គ្មាន​ជំនឿ ហើយ​មិន​យល់​កិច្ចការ​ដែល​ខ្ញុំ​ប្រព្រឹត្ដ។

14 ប៉ុន្ដែ គុណ​របស់​អម្ចាស់​នៃ​យើង​មាន​ច្រើន​ពន់​ប្រមាណ គាត់​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។

15 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​បាន​មក​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដូច​រូប​ខ្ញុំ​នេះ​ផ្ទាល់។

16 អុលឡោះ​មេត្ដា‌ករុណា​ចំពោះ​ខ្ញុំ​ដូច្នេះ ដើម្បី​ឲ្យ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​សំដែង​ចិត្ត​អត់‌ធ្មត់​គ្រប់​ជំពូក ដល់​ខ្ញុំ​មុន​គេ និង​ឲ្យ​ខ្ញុំ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​គាត់ ហើយ​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច។

17 សូម​ឲ្យ​ស្តេច ដែល​នៅ​អស់‌កល្ប​ជា‌និច្ច ជា​អុលឡោះ​ជា​ម្ចាស់​តែ​មួយ មាន​ជីវិត​មិន​ចេះ​សាប​សូន្យ ដែល​មនុស្ស​មើល​ពុំ​ឃើញ បាន​ប្រកប​ដោយ​កិត្ដិ‌នាម និង​សិរី‌រុង‌រឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!

18 ធីម៉ូ‌ថេ កូន​សម្លាញ់​អើយ ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​មក​អ្នក​ស្រប​តាម​បន្ទូល​របស់​អុលឡោះ​ដែល​គេ​ថ្លែង​ទុក​អំពី​អ្នក​ស្រាប់។ ចូរ​ពឹង​ផ្អែក​លើ​បន្ទូល​នេះ ដើម្បី​ពុះ‌ពារ​តយុទ្ធ​ឲ្យ​បាន​ល្អ​ប្រសើរ

19 ដោយ​មាន​ជំនឿ និង​មាន​មន‌សិការ​ល្អ។ អ្នក​ខ្លះ​លែង​មាន​មន‌សិការ​ល្អ​បែប​នេះ បណ្ដាល​ឲ្យ​ជំនឿ​របស់​គេ​លិច​លង់។

20 ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ហ៊ីមេនាស និង​អលេក្សាន‌ត្រុស​ជា​ដើម។ ខ្ញុំ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ៊ីព្លេស‌ហ្សៃតន ដើម្បី​ឲ្យ​គេ​រៀន​ឈប់​ប្រមាថ​អុលឡោះ​ទៀត។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម