Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

កិច្ចការ 24 - ព្រះគម្ពីរខ្មែរសាកល


បណ្ដឹងទាស់នឹងប៉ូល

1 ប្រាំ​ថ្ងៃ​ក្រោយមក មហាបូជាចារ្យ​អាណានាស​បាន​ចុះមក​ជាមួយ​ពួក​ចាស់ទុំ​ខ្លះ និង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​។ ពួកគេ​បាន​ប្ដឹង​ទៅ​អភិបាល​ទាស់នឹង​ប៉ូល​។

2 នៅពេល​គេ​ហៅ​ប៉ូល​មក ទើទូលុស​ក៏​ចាប់ផ្ដើម​ចោទប្រកាន់​គាត់ ដោយ​និយាយថា​៖ “ឯកឧត្ដម​ភេលីច​អើយ‍! យើងខ្ញុំ​មាន​សេចក្ដីសុខសាន្ត​យ៉ាងច្រើន ដោយសារតែ​ការកែទម្រង់​ផ្សេងៗ​របស់លោក ដែល​លោក​កំពុង​ធ្វើ​ដល់​ប្រជាជន​នេះ ដោយ​គំនិតគិតទុកជាមុន​របស់លោក​;

3 យើងខ្ញុំ​សូម​ទទួលស្គាល់​ការនេះ ក្នុង​គ្រប់វិស័យ និង​នៅ​គ្រប់ទីកន្លែង ដោយ​ដឹងគុណ​បំផុត​។

4 ប៉ុន្តែ​ដើម្បីកុំឲ្យ​រំខាន​លោក​យូរទៀត សូម​លោក​មេត្តា​ស្ដាប់​យើងខ្ញុំ​ត្រួសៗ ដោយ​ក្ដីអនុគ្រោះ​ផង​។

5 យើងខ្ញុំ​បាន​ឃើញថា ជន​នេះ​ដូចជា​ជំងឺរាតត្បាត ជា​អ្នក​ពន្យុះ​ឲ្យមាន​ការបះបោរ​ក្នុង​ជនជាតិយូដា​ទាំងអស់​ទូទាំង​ពិភពលោក និង​ជា​មេដឹកនាំ​នៃ​និកាយ​អ្នកណាសារ៉ែត​។

6 វា​ថែមទាំង​ប៉ុនប៉ង​ធ្វើឲ្យ​ព្រះវិហារ​សៅហ្មង​ទៀតផង ដូច្នេះ​យើងខ្ញុំ​បាន​ចាប់​វា​។ យើងខ្ញុំ​ចង់​កាត់ទោស​វា​តាម​ក្រឹត្យវិន័យ​របស់យើងខ្ញុំ

7 ប៉ុន្តែ​លូស៊ា​មេបញ្ជាការ​បាន​ចូលមក យក​វា​ចេញពី​ដៃ​របស់យើងខ្ញុំ ដោយ​ប្រើ​កម្លាំង​ច្រើន ហើយ​បញ្ជា​ពួក​ដើមចោទ​ឲ្យ​មក​ជួប​លោក​។

8 ប្រសិនបើ​ខ្លួនលោកផ្ទាល់​បាន​សាកសួរ​វា​អំពី​ការ​ទាំងអស់​នេះ នោះ​លោក​នឹង​អាច​ជ្រាប​អ្វីដែល​យើងខ្ញុំ​កំពុង​ចោទប្រកាន់​វា”។

9 រីឯ​ពួកយូដា​ក៏​គាំទ្រ​ដែរ ដោយ​បញ្ជាក់ថា ការទាំងនេះ​ពិតជា​ដូច្នេះ​មែន​។


ប៉ូលឆ្លើយការពារខ្លួននៅមុខភេលីច

10 ពេលនោះ​អភិបាល​ធ្វើសញ្ញា​ឲ្យ​ប៉ូល​និយាយ ដូច្នេះ​ប៉ូល​ក៏​និយាយថា​៖ “ខ្ញុំ​ដឹងថា​ឯកឧត្ដម​ជា​ចៅក្រម​លើ​ជនជាតិ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​ខ្ញុំ​សូម​ឆ្លើយការពារខ្លួន​យ៉ាងរីករាយ ចំពោះ​ការទាំងនេះ​ដែល​ទាក់ទងនឹង​ខ្ញុំ​។

11 លោក​អាច​ជ្រាប​បាន​ថា មិនទាន់​លើស​ដប់ពីរ​ថ្ងៃ​ទេ តាំងពី​ខ្ញុំ​បាន​ឡើងទៅ​ថ្វាយបង្គំ​នៅ​យេរូសាឡិម

12 ហើយ​ពួកគេ​មិន​បាន​ឃើញ​ខ្ញុំ​ប្រកែក​នឹង​អ្នកណា ឬ​ញុះញង់​ហ្វូងមនុស្ស​ឡើយ ទោះជា​នៅក្នុង​ព្រះវិហារ​ក្ដី នៅក្នុង​សាលាប្រជុំ​ក្ដី ឬ​នៅក្នុង​ទីក្រុង​ក្ដី​។

13 ពួកគេ​ក៏មិនអាច​បញ្ជាក់ភស្តុតាង​ដល់​លោក អំពី​ការដែល​ពួកគេ​កំពុង​ចោទប្រកាន់​ខ្ញុំ​ឥឡូវនេះ​បានដែរ​។

14 យ៉ាងណាមិញ ខ្ញុំ​សូម​សារភាព​ការនេះ​ដល់​លោក​ថា ខ្ញុំ​បាន​បម្រើ​ព្រះ​នៃ​ដូនតា​របស់ខ្ញុំ​ដូច្នេះ ស្របតាម​មាគ៌ា​នេះ​ដែល​ពួកគេ​ហៅថា​និកាយខុសឆ្គង ព្រមទាំង​ជឿ​សេចក្ដី​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ និង‍អ្វីៗ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ព្យាការី

15 ដោយ​មាន​សេចក្ដីសង្ឃឹម​លើ​ព្រះ ដែល​ខ្លួន​អ្នកទាំងនេះ​ផ្ទាល់​ក៏​ទន្ទឹងរង់ចាំ​ដែរ គឺថា​នឹង​មាន​ការរស់ឡើងវិញ ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​។

16 ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់​តែងតែ​ខិតខំព្យាយាម​ជានិច្ច ឲ្យ​មាន​សតិសម្បជញ្ញៈ​ដែល​ឥតបន្ទោសបាន​នៅចំពោះ​ព្រះ និង​នៅចំពោះ​មនុស្ស​។

17 ក្រោយពី​បាន​ចាកចេញ​ជាច្រើន​ឆ្នាំ ខ្ញុំ​ក៏​ត្រឡប់មកវិញ ដោយ​នាំយក​អំណោយ​ដល់​ជនរួមជាតិ​របស់ខ្ញុំ ព្រមទាំង​ថ្វាយ​តង្វាយ​ផង​។

18 ពេល​ខ្ញុំ​កំពុង​ថ្វាយតង្វាយនោះឯង ដែល​ពួកគេ​ឃើញ​ខ្ញុំ​បាន​ទទួលពិធីជម្រះកាយ​នៅក្នុង​ព្រះវិហារ​ហើយ គឺ​ពេលនោះ​គ្មាន​ហ្វូងមនុស្ស ហើយក៏គ្មាន​ចលាចល​ដែរ​។

19 ប៉ុន្តែ​មាន​ជនជាតិយូដា​ខ្លះ​មកពី​អាស៊ី​——​ប្រសិនបើ​ពួកគេ​មាន​អ្វី​ទាស់នឹង​ខ្ញុំ ពួកគេ​គួរតែ​មកដល់ទីនេះ ហើយ​ចោទប្រកាន់​ខ្ញុំ​នៅមុខ​លោក​។

20 ឬមួយក៏​ឲ្យ​អ្នកទាំងនេះ​ផ្ទាល់ និយាយ​អំពី​បទល្មើស​ដែល​ពួកគេ​បាន​ឃើញ កាល​ខ្ញុំ​ឈរ​នៅមុខ​ក្រុមប្រឹក្សា​ចុះ​——

21 ឬ​អំពី​ពាក្យ​មួយ​នេះ​ដែល​ខ្ញុំ​បាន​ស្រែក កាល​ខ្ញុំ​ឈរ​នៅកណ្ដាលចំណោម​ពួកគេ ថា​: ‘ថ្ងៃនេះ ខ្ញុំ​កំពុង​ត្រូវ​អ្នករាល់គ្នា​កាត់ក្ដី​អំពី​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​!’”។


សាលក្រមត្រូវបានពន្យារពេល

22 ដោយសារ​ភេលីច​ស្គាល់​អំពី​មាគ៌ា​នេះ​យ៉ាងច្បាស់លាស់ លោក​ក៏​ផ្អាក​រឿងនោះ​សិន ដោយ​មានប្រសាសន៍ថា​៖ “កាលណា​លូស៊ា​មេបញ្ជាការ​ចុះមក ខ្ញុំ​នឹង​សម្រេច​រឿងក្ដី​របស់អស់លោក”។

23 លោក​ក៏​បញ្ជា​មេទាហានលើមួយរយនាក់​ឲ្យ​យាម​ប៉ូល ប៉ុន្តែ​ឲ្យ​មាន​សេរីភាព​ខ្លះ គឺ​មិន​ឲ្យ​ហាមឃាត់​មិត្តភក្ដិ​ណាម្នាក់​របស់គាត់​មិនឲ្យ​បម្រើ​គាត់​ឡើយ។

24 ប៉ុន្មានថ្ងៃ​ក្រោយមក ភេលីច​បាន​មក​ជាមួយ​ទ្រូស៊ីល​ប្រពន្ធ​របស់លោក ដែល​ជា​ជនជាតិយូដា​។ លោក​ក៏​ហៅ​ប៉ូល​មក ហើយ​ស្ដាប់​គាត់​និយាយ​អំពី​ជំនឿ​លើ​ព្រះ​គ្រីស្ទ​យេស៊ូវ​។

25 ប៉ុន្តែ​នៅពេល​ប៉ូល​ជជែកវែកញែក​អំពី​សេចក្ដីសុចរិតយុត្តិធម៌ ការគ្រប់គ្រងចិត្ត និង​ការជំនុំជម្រះ​ដែល​រៀបនឹងមក ភេលីច​ក៏​ភ័យខ្លាច ហើយ​មានប្រសាសន៍ថា​៖ “ឥឡូវនេះ ចូរ​ត្រឡប់ទៅវិញ​ចុះ​។ កាលណា​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត”។

26 ក្នុងពេលជាមួយគ្នា លោក​ក៏​សង្ឃឹម​ដែរ​ថា ប៉ូល​នឹង​ឲ្យ​ប្រាក់​ដល់​លោក ដូច្នេះ​លោក​ហៅ​ប៉ូល​មក​សន្ទនា​ជាមួយ​ជាញឹកញាប់​។

27 ពីរឆ្នាំ​ក្រោយមក ព័រគាស​ភេស្ទុស​បាន​ជំនួសតំណែង​ភេលីច​។ ភេលីច​ចង់​បំពេញចិត្ត​ពួកយូដា ក៏​ទុកឲ្យ​ប៉ូល​នៅ​ជាប់គុក​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម