អេសាយ 66:14 - ព្រះគម្ពីរខ្មែរសាកល នៅពេលអ្នករាល់គ្នាបានឃើញ ចិត្តរបស់អ្នករាល់គ្នានឹងរីករាយ ឆ្អឹងអ្នករាល់គ្នានឹងលូតលាស់ដូចស្មៅខ្ចី; ព្រះហស្តរបស់ព្រះយេហូវ៉ានឹងត្រូវបានសម្ដែងដល់បាវបម្រើរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គទ្រង់ព្រះពិរោធនឹងសត្រូវរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នានឹងឃើញ ហើយមានអំណររីករាយក្នុងចិត្ត ឯអ្នករាល់គ្នានឹងបានស្រស់ដូចស្មៅខ្ចី ហើយព្រះហស្តរបស់ព្រះយេហូវ៉ានឹងសម្ដែងចេញ ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ ហើយសេចក្ដីក្រោធរបស់ព្រះអង្គ នឹងសង្កត់លើអស់ទាំងខ្មាំងសត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម បានសុខសាន្តដូច្នេះ អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ ដូចស្មៅលាស់ស្រស់បំព្រង។ ព្រះអម្ចាស់នឹងសម្តែងព្រះបារមី ឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញ តែព្រះអង្គសម្តែងព្រះពិរោធទាស់នឹង ខ្មាំងសត្រូវរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នានឹងឃើញ ហើយនឹងមានសេចក្ដីអំណររីករាយក្នុងចិត្ត ឯឆ្អឹងឯងរាល់គ្នា នោះនឹងបានស្រស់ដូចស្មៅខ្ចី ហើយព្រះហស្តនៃព្រះយេហូវ៉ានឹងសំដែងចេញ ដល់ពួកអ្នកបំរើរបស់ទ្រង់ ហើយសេចក្ដីខ្ញាល់របស់ទ្រង់ នឹងសង្កត់លើអស់ទាំងខ្មាំងសត្រូវផង។ អាល់គីតាប កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម បានសុខសាន្តដូច្នេះ អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ ដូចស្មៅលាស់ស្រស់បំព្រង។ អុលឡោះតាអាឡានឹងសំដែងអំណាច ឲ្យអ្នកបម្រើរបស់ទ្រង់ឃើញ តែទ្រង់សំដែងកំហឹងទាស់នឹង ខ្មាំងសត្រូវរបស់ទ្រង់។ |
ការនេះនឹងបានជាការជាសះស្បើយដល់រូបកាយអ្នក និងជាការស្រស់ស្រាយឡើងវិញដល់ឆ្អឹងអ្នក។
“វេទនាហើយ! អាស្ស៊ីរី ដែលជារំពាត់នៃកំហឹងរបស់យើង! ឈើច្រត់ក្នុងដៃពួកគេ គឺជាសេចក្ដីក្រេវក្រោធរបស់យើង។
ពួកគេមកពីស្រុកឆ្ងាយ ពីចុងបំផុតនៃផ្ទៃមេឃ គឺព្រះយេហូវ៉ា និងអាវុធនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គនឹងមក ដើម្បីបំផ្លាញផែនដីទាំងមូល។
ពួកមនុស្សស្លាប់របស់អ្នកនឹងមានជីវិតរស់ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលរស់នៅក្នុងធូលីអើយ ចូរភ្ញាក់ឡើង ហើយស្រែកហ៊ោសប្បាយ! ដ្បិតទឹកសន្សើមរបស់អ្នក ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញព្រលឹងមនុស្សស្លាប់មក។
ប្រជាជនរបស់ខ្ញុំអើយ ចូរទៅ! ចូរចូលទៅក្នុងបន្ទប់របស់ខ្លួន ហើយបិទទ្វារនៅខាងក្រោយអ្នកចុះ ចូរលាក់ខ្លួនបន្តិចសិន រហូតដល់សេចក្ដីក្រេវក្រោធបានកន្លងផុតទៅ!
មើល៍! ព្រះនាមរបស់ព្រះយេហូវ៉ាមកពីចម្ងាយ! ព្រះពិរោធរបស់ព្រះអង្គឆេះឡើង ក៏មានផ្សែងយ៉ាងក្រាស់ ព្រះរឹមរបស់ព្រះអង្គពេញដោយសេចក្ដីក្រេវក្រោធ ព្រះជិវ្ហារបស់ព្រះអង្គដូចជាភ្លើងដែលស៊ីបំផ្លាញ
ចូររំពឹងមើលស៊ីយ៉ូន ជាទីក្រុងសម្រាប់ពិធីបុណ្យដែលមានកំណត់របស់ពួកយើង! ភ្នែករបស់អ្នកនឹងឃើញយេរូសាឡិម ជាលំនៅដ៏សុខដុមរមនា ជារោងដែលនឹងមិនត្រូវបានរើរុះ; ស្នឹងរបស់វានឹងមិនត្រូវបានដកចេញជារៀងរហូត ហើយក៏គ្មានខ្សែណាមួយរបស់វាត្រូវបានផ្ដាច់ដែរ។
ដ្បិតព្រះពិរោធរបស់ព្រះយេហូវ៉ាមកលើគ្រប់ទាំងប្រជាជាតិ ហើយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គមកលើពលទ័ពទាំងអស់របស់ពួកគេ។ ព្រះអង្គបានញែកចេញបំផ្លាញពួកគេ ក៏បានប្រគល់ពួកគេទៅការកាប់សម្លាប់។
គឺចេញផ្កាយ៉ាងសន្ធឹក ហើយត្រេកអរដោយអំណរ ព្រមទាំងស្រែកហ៊ោសប្បាយផង។ សិរីរុងរឿងរបស់លីបង់នឹងត្រូវបានប្រទានដល់វា ព្រមទាំងអានុភាពរបស់កើមែល និងវាលសារ៉ូនផង; គេនឹងឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា ជាអានុភាពរបស់ព្រះនៃយើងរាល់គ្នា។
ដើម្បីឲ្យគេបានឃើញ និងដឹង ព្រមទាំងពិចារណា ហើយចាប់ភ្លឹកជាមួយគ្នាថា ព្រះហស្តរបស់ព្រះយេហូវ៉ាបានធ្វើការនេះ ហើយថា អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលបាននិម្មិតបង្កើតការនេះ។
ព្រះយេហូវ៉ានឹងយាងចេញទៅ ដូចមនុស្សខ្លាំងពូកែ ព្រះអង្គនឹងបណ្ដាលព្រះហឫទ័យឆេះឆួលឡើង ដូចអ្នកចម្បាំង; ព្រះអង្គនឹងស្រែកឡើង មែនហើយ ព្រះអង្គនឹងស្រែកយ៉ាងខ្លាំង ហើយមានជ័យជម្នះលើពួកខ្មាំងសត្រូវរបស់ព្រះអង្គ។
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងរបស់អ្នកនៅក្នុងទីហួតហែង ក៏នឹងធ្វើឲ្យឆ្អឹងអ្នកមាំមួន; អ្នកនឹងបានដូចជាសួនច្បារដែលត្រូវបានស្រោចស្រព ក៏បានដូចជាប្រភពទឹកដែលមានទឹកមិនដែលខាន។
ដូចដែលទង្វើរបស់ពួកគេជាយ៉ាងណា ព្រះអង្គនឹងតបសងយ៉ាងនោះដែរ គឺសេចក្ដីក្រេវក្រោធដល់បច្ចាមិត្តរបស់ព្រះអង្គ ហើយសំណងដល់សត្រូវរបស់ព្រះអង្គ; ព្រះអង្គនឹងតបសងសំណងដល់កោះនានាដែរ។
ពួកអ្នកដែលញាប់ញ័រចំពោះព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ! ព្រះអង្គមានបន្ទូលថា៖ “បងប្អូនរបស់អ្នករាល់គ្នាដែលស្អប់អ្នករាល់គ្នា ជាអ្នកដែលកាត់អ្នករាល់គ្នាចេញដោយព្រោះនាមរបស់យើង ពួកគេបាននិយាយថា: ‘សូមឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើងសិរីរុងរឿង ដើម្បីឲ្យពួកយើងបានឃើញអំណររបស់ពួកឯងផង!’ ប៉ុន្តែពួកគេនឹងអាម៉ាស់មុខវិញ”។
ពេលនោះ អេប្រាអិមនឹងបានដូចជាមនុស្សខ្លាំងពូកែ ហើយចិត្តរបស់ពួកគេនឹងអរសប្បាយឡើង ដូចជាដោយសារស្រាទំពាំងបាយជូរ។ កូនចៅរបស់ពួកគេនឹងឃើញ ហើយអរសប្បាយដែរ ចិត្តរបស់ពួកគេនឹងត្រេកអរក្នុងព្រះយេហូវ៉ា។
គ្រានោះ អ្នករាល់គ្នានឹងឃើញភាពខុសគ្នារវាងមនុស្សសុចរិត និងមនុស្សអាក្រក់ម្ដងទៀត ព្រមទាំងភាពខុសគ្នារវាងអ្នកដែលបម្រើព្រះ និងអ្នកដែលមិនបម្រើព្រះអង្គ”៕
ដូច្នេះ ឥឡូវនេះអ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាម្ដងទៀត នោះចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយ ហើយគ្មានអ្នកណាយកអំណររបស់អ្នករាល់គ្នាចេញពីអ្នករាល់គ្នាឡើយ។
គឺមានតែការរំពឹងដ៏គួរឲ្យភ័យខ្លាចអំពីការជំនុំជម្រះ និងភ្លើងនៃព្រះពិរោធដែលរៀបនឹងបំផ្លាញពួកអ្នកប្រឆាំងប៉ុណ្ណោះ ដែលនៅសល់។