Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 13 - ព្រះគម្ពីរខ្មែរសាកល


ទំនាយទាស់នឹងបាប៊ីឡូន

1 នេះជា​ទំនាយ​ស្ដីអំពី​បាប៊ីឡូន ដែល​អេសាយ​កូន​របស់​អ័ម៉ូស​បាន​ឃើញ​:

2 ចូរ​លើក​ទង់សញ្ញា​មួយ​នៅលើ​ភ្នំ​ត្រងិល ហើយ​បន្លឺ​សំឡេង​ទៅ​ពួកគេ ចូរ​បក់​ដៃ ដើម្បីឲ្យ​ពួកគេ​បាន​ចូលទៅ​តាម​ខ្លោងទ្វារ​របស់​ពួក​អភិជន​!

3 ដើម្បី​បំពេញឲ្យសម្រេច​នូវ​កំហឹង​របស់យើង យើង​បាន​បញ្ជា​ពួកអ្នកដែល​ត្រូវបាន​ញែកជាវិសុទ្ធ​របស់យើង យើង​បាន​កោះហៅ​ពួកមនុស្ស​ខ្លាំងពូកែ​របស់យើង ជា​អ្នកដែល​រីករាយ​ចំពោះ​សេចក្ដីខ្ពង់ខ្ពស់​របស់យើង​។

4 ន៏ សូរគឹកកង​នៅលើ​ភ្នំ ដូចជា​ប្រជាជាតិ​ដ៏ច្រើន​! ន៏ សូរសន្ធឹក​របស់​អាណាចក្រ​នានា និង​ប្រជាជាតិ​ទាំងឡាយ​ផ្ដុំគ្នា​! ព្រះយេហូវ៉ា​នៃ​ពលបរិវារ​កំពុង​ប្រមូលផ្ដុំ​ពលទ័ព​សម្រាប់​ចម្បាំង​។

5 ពួកគេ​មក​ពី​ស្រុក​ឆ្ងាយ ពី​ចុងបំផុត​នៃ​ផ្ទៃមេឃ គឺ​ព្រះយេហូវ៉ា និង​អាវុធ​នៃ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​នឹងមក ដើម្បី​បំផ្លាញ​ផែនដី​ទាំងមូល​។

6 ចូរ​ទ្រហោយំ​ចុះ ដ្បិត​ថ្ងៃ​របស់​ព្រះយេហូវ៉ា​ជិតមកដល់​ហើយ​! ថ្ងៃនោះ​នឹង​មកដល់​ដូចជា​ការបំផ្លាញ​ពី​ព្រះដ៏មានព្រះចេស្ដា​។

7 ដោយហេតុនេះ គ្រប់ទាំង​ដៃ​នឹង​ខ្សោយល្វើយ គ្រប់ទាំង​ចិត្ត​មនុស្ស​នឹង​រលាយ​ទៅ​។

8 ពួកគេ​នឹង​តក់ស្លុត​; ការឈឺ និង​ការចុកចាប់​នឹង​ចាប់​ពួកគេ​; ពួកគេ​នឹង​ឈឺចុកចាប់យ៉ាងខ្លាំង​ដូច​ស្ត្រីដែល​កំពុង​សម្រាល​កូន​។ ពួកគេ​នឹង​មើល​គ្នាទៅវិញទៅមក​ទាំង​ភ្ញាក់ផ្អើល មុខ​របស់ពួកគេ​នឹងបានដូចជា​អណ្ដាតភ្លើង​។

9 មើល៍! ថ្ងៃ​របស់​ព្រះយេហូវ៉ា​នឹង​មកដល់ ជាថ្ងៃ​ដ៏សាហាវ​ដែលមានទាំង​សេចក្ដីក្ដៅក្រហាយ និង​ព្រះពិរោធ​ដ៏ក្រេវក្រោធ ដើម្បី​ធ្វើឲ្យ​ផែនដី​ទៅជា​ទីហិនហោច ហើយ​បំផ្លាញ​មនុស្សបាប​ក្នុង​នោះ​ឲ្យអស់​ពី​ផែនដី​។

10 ផ្កាយ​នៅ​លើមេឃ និង​ហ្វូងតារា​របស់វា នឹង​លែង​បញ្ចេញ​ពន្លឺ​; ព្រះអាទិត្យ​នឹង​ងងឹត​នៅពេល​រះឡើង ព្រះចន្ទ​នឹង​មិន​បញ្ចេញ​ពន្លឺ​ឡើយ​។

11 យើង​នឹង​ដាក់ទោស​ពិភពលោក ដោយព្រោះ​ការអាក្រក់​របស់ពួកគេ យើង​នឹង​ដាក់ទោស​មនុស្ស​អាក្រក់ ដោយព្រោះ​សេចក្ដីទុច្ចរិត​របស់ពួកគេ​; យើង​នឹង​កម្ចាត់​អំនួត​របស់​មនុស្ស​ក្អេងក្អាង ហើយ​បន្ទាប​ភាពព្រហើន​របស់​មនុស្ស​កាចសាហាវ​។

12 យើង​នឹង​ធ្វើឲ្យ​មនុស្ស កម្រមាន​ជាង​មាសសុទ្ធ គឺ​ធ្វើឲ្យ​មនុស្សជាតិ កម្រមាន​ជាង​មាស​ពី​អូភារ​ទៅទៀត​។

13 ដោយហេតុនេះ យើង​នឹង​ធ្វើឲ្យ​ផ្ទៃមេឃ​រញ្ជួយ ហើយ​ផែនដី​នឹង​កក្រើក​ចេញពី​កន្លែង​របស់វា ដោយសារតែ​សេចក្ដីក្ដៅក្រហាយ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ក្នុង​ថ្ងៃ​នៃ​ព្រះពិរោធ​ដ៏ក្រេវក្រោធ​របស់ព្រះអង្គ​។

14 នោះ​ពួកគេ​នឹង​បាន​ដូចជា​ឈ្លូស​ដែល​ត្រូវគេ​ដេញតាម និង​ដូចជា​ហ្វូងចៀម​ដែល​គ្មាន​អ្នកគង្វាល ម្នាក់ៗ​នឹង​វិល​ទៅរក​ជនរួមជាតិ​របស់ខ្លួន​វិញ ម្នាក់ៗ​នឹង​រត់គេច​ទៅ​ស្រុក​របស់ខ្លួន​។

15 អស់អ្នក​ដែល​ត្រូវគេ​រកឃើញ​នឹង​ត្រូវបាន​ចាក់ទម្លុះ អស់អ្នក​ដែល​ត្រូវគេ​ចាប់បាន​នឹង​ដួល​ដោយ​មុខដាវ​។

16 ទារក​របស់ពួកគេ​នឹង​ត្រូវគេ​បោកកម្ទេច​នៅចំពោះ​ភ្នែក​របស់ពួកគេ ផ្ទះ​របស់ពួកគេ​នឹង​ត្រូវគេ​ប្លន់ ហើយ​ប្រពន្ធ​របស់ពួកគេ​នឹង​ត្រូវគេ​រំលោភ​។

17 មើល៍! យើង​នឹង​ដាស់​ជនជាតិមេឌី​ឡើង​ឲ្យ​ទាស់នឹង​ពួកគេ ជាជនជាតិ​ដែល​មិន​ឲ្យតម្លៃ​ដល់​ប្រាក់ ក៏​មិន​ពេញចិត្ត​នឹង​មាស​ដែរ

18 រីឯ​ធ្នូ​របស់ជនជាតិនោះ​នឹង​បុកកម្ទេច​ពួក​យុវជន គេ​នឹង​មិន​អាណិតមេត្តា​ផល​នៃ​ផ្ទៃ​ឡើយ ហើយ​ភ្នែក​របស់គេ​នឹង​មិន​ត្រាប្រណី​កូនក្មេង​ដែរ​។

19 នោះ​បាប៊ីឡូន​ដែលជា​សិរីរុងរឿង​នៃ​អាណាចក្រ​នានា ជា​ភាពរុងរឿង​នៃ​មោទនភាព​របស់​ជនជាតិខាល់ដេ នឹង​បាន​ដូចជា​សូដុម និង​កូម៉ូរ៉ា​ដែល​ព្រះ​បាន​បំផ្លាញ​។

20 បាប៊ីឡូន​នឹង​គ្មានអ្នកណា​រស់នៅ ក៏​គ្មានអ្នកណា​ស្នាក់នៅ​ជារៀងរហូត​ពីជំនាន់មួយទៅជំនាន់មួយ សូម្បីតែ​ជនជាតិអារ៉ាប់​ក៏​មិន​បោះរោង​នៅ​ទីនោះ ហើយ​អ្នកគង្វាល​ក៏​មិន​ឲ្យ​ហ្វូងសត្វ​ដេក​នៅ​ទីនោះ​ដែរ

21 ផ្ទុយទៅវិញ សត្វព្រៃនៅទីរហោស្ថាន​នឹង​ដេក​នៅ​ទីនោះ សត្វព្រៃដែលគ្រហឹម​នឹង​ពេញ​ក្នុង​ផ្ទះ​ពួកគេ អូទ្រីស​នឹង​រស់នៅ​ទីនោះ ពពែព្រៃ​នឹង​លោតកញ្ឆេង​នៅ​ទីនោះ

22 សត្វស្វាន​នឹង​លូ​ក្នុង​ប៉ម​របស់ពួកគេ ហើយ​ឆ្កែព្រៃ​នឹង​នៅក្នុង​វិមាន​ដ៏ល្អប្រណិត​។ ពេលកំណត់​របស់​បាប៊ីឡូន​នៅជិតបង្កើយ​ហើយ ថ្ងៃកំណត់​របស់​បាប៊ីឡូន​ក៏​មិន​ពន្យារ​ទៀត​ដែរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម