សុភាសិត 17 - ព្រះគម្ពីរខ្មែរសាកល1 មានតែនំប៉័ងក្រៀមមួយម៉ាត់ទាំងមានសេចក្ដីសុខសាន្ត ប្រសើរជាងផ្ទះដែលពេញដោយការជប់លៀងទាំងមានជម្លោះ។ 2 បាវបម្រើមានប្រាជ្ញានឹងគ្រប់គ្រងលើកូនដែលនាំមកនូវសេចក្ដីអាម៉ាស់ ក៏នឹងមានចំណែកមរតកនៅក្នុងចំណោមបងប្អូនកូននោះដែរ។ 3 ឡរំលាយមានសម្រាប់ប្រាក់ ហើយឡដុតមានសម្រាប់មាស រីឯព្រះយេហូវ៉ាជាអ្នកពិសោធចិត្ត។ 4 មនុស្សដែលធ្វើអាក្រក់យកចិត្តទុកដាក់នឹងបបូរមាត់ទុច្ចរិត; មនុស្សភូតភរស្ដាប់តាមអណ្ដាតនៃសេចក្ដីអន្តរាយ។ 5 អ្នកដែលសើចចំអកដាក់អ្នកក្រីក្រ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន; អ្នកដែលអរសប្បាយនឹងសេចក្ដីអន្តរាយរបស់គេ នឹងមិនរួចទោសឡើយ។ 6 មកុដរបស់ចាស់ៗ គឺជាចៅ ហើយភាពរុងរឿងរបស់កូនៗ គឺជាឪពុករបស់ខ្លួន។ 7 បបូរមាត់មានវោហារមិនសមនឹងមនុស្សឆោតល្ងង់ទៅហើយ ចុះទម្រាំបបូរមាត់ភូតភរវិញ តើមិនសមនឹងអភិជនអម្បាលម៉ានទៅទៀត! 8 សំណូកជាត្បូងវិសេសក្នុងភ្នែករបស់អ្នកឲ្យ គ្រប់កន្លែងដែលគាត់បែរទៅ គាត់នឹងបានសម្រេច។ 9 អ្នកដែលគ្របបាំងការបំពាន ស្វែងរកសេចក្ដីស្រឡាញ់ រីឯអ្នកដែលនិយាយច្រំដែលអំពីរឿងរ៉ាវកន្លងទៅ បំបែកបំបាក់សម្លាញ់ភ្ងា។ 10 ការស្ដីបន្ទោសដិតជាប់នឹងអ្នកដែលមានការយល់ច្បាស់ ជាងការដែលវាយមនុស្សល្ងង់មួយរយរំពាត់ទៅទៀត។ 11 មនុស្សអាក្រក់ស្វែងរកតែការបះបោរប៉ុណ្ណោះ ដូច្នេះទូតឃោរឃៅនឹងត្រូវបានចាត់ឲ្យមកទាស់នឹងគេ។ 12 ជួបមេខ្លាឃ្មុំព្រាត់កូន គ្រាន់បើជាង ជួបមនុស្សល្ងង់នៅក្នុងភាពល្ងង់របស់ខ្លួនគេ។ 13 ចំពោះអ្នកដែលធ្វើការអាក្រក់សងនឹងការល្អ ការអាក្រក់នឹងមិនចាកចេញពីផ្ទះអ្នកនោះឡើយ។ 14 ការចាប់ផ្ដើមនៃទំនាស់គឺដូចជាបើកឲ្យទឹកហូរ ដូច្នេះចូរបោះបង់ចោលជម្លោះមុនវាផ្ទុះឡើង។ 15 អ្នកដែលរាប់មនុស្សអាក្រក់ថាឥតទោស និងអ្នកដែលរាប់មនុស្សសុចរិតថាមានទោស ពួកគេទាំងពីរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។ 16 ម្ដេចក៏មានប្រាក់នៅក្នុងដៃរបស់មនុស្សល្ងង់ដើម្បីទិញប្រាជ្ញា ពេលគាត់គ្មានវិចារណញ្ញាណដូច្នេះ? 17 មិត្តភក្ដិស្រឡាញ់គ្នាគ្រប់ពេល ហើយបងប្អូនកើតមកសម្រាប់ពេលមានទុក្ខវេទនា។ 18 មនុស្សខ្វះវិចារណញ្ញាណចាប់ដៃសន្យា ហើយធានានៅមុខអ្នកជិតខាងរបស់ខ្លួន។ 19 អ្នកដែលស្រឡាញ់ការបំពាន គឺស្រឡាញ់ជម្លោះ; អ្នកដែលលើកទ្វាររបស់ខ្លួនឲ្យខ្ពស់ គឺស្វែងរកសេចក្ដីអន្តរាយ។ 20 អ្នកដែលមានចិត្តវៀចវេរ រកមិនឃើញសេចក្ដីល្អឡើយ ហើយអ្នកដែលមានអណ្ដាតប្រែប្រួល នឹងធ្លាក់ទៅក្នុងមហន្តរាយ។ 21 អ្នកដែលផ្ដល់កំណើតដល់មនុស្សល្ងង់ នាំមកនូវការព្រួយចិត្តដល់ខ្លួន ហើយឪពុករបស់មនុស្សឆោតល្ងង់ មិនដែលអរសប្បាយឡើយ។ 22 ចិត្តអរសប្បាយជាថ្នាំដ៏ល្អ ប៉ុន្តែវិញ្ញាណខ្ទេចខ្ទាំធ្វើឲ្យឆ្អឹងរីងស្ងួត។ 23 មនុស្សអាក្រក់យកសំណូកដោយសម្ងាត់ ដើម្បីបង្វែរផ្លូវនៃសេចក្ដីយុត្តិធម៌។ 24 ប្រាជ្ញានៅចំពោះមុខអ្នកដែលមានការយល់ច្បាស់ ប៉ុន្តែភ្នែករបស់មនុស្សល្ងង់សម្លឹងទៅចុងបំផុតនៃផែនដី។ 25 កូនល្ងង់ជាទុក្ខព្រួយដល់ឪពុករបស់ខ្លួន និងជាជាតិល្វីងដល់ម្ដាយដែលសម្រាលវាមក។ 26 ការដែលដាក់ទោសមនុស្សសុចរិត ឬវាយអភិជនដោយសារតែសេចក្ដីទៀងត្រង់របស់គាត់ ពិតជាមិនល្អទេ។ 27 មនុស្សដែលចេះទប់ពាក្យសម្ដីរបស់ខ្លួន គឺស្គាល់ចំណេះដឹង ហើយមនុស្សមានចិត្តត្រជាក់ គឺមានការយល់ដឹង។ 28 សូម្បីតែមនុស្សល្ងីល្ងើ ពេលនៅស្ងៀម ក៏ត្រូវគេគិតថាជាមនុស្សមានប្រាជ្ញា ហើយពេលបិទបបូរមាត់ ក៏ត្រូវគេគិតថាជាអ្នកមានការយល់ច្បាស់៕ |