Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 34 - ព្រះគម្ពីរខ្មែរសាកល


ការជំនុំជម្រះចំពោះប្រជាជាតិនានា

1 ប្រជាជាតិ​នានា​អើយ ចូរ​ចូលមកជិត​ដើម្បី​ស្ដាប់​ចុះ​! ជាតិសាសន៍​នានា​អើយ ចូរ​យកចិត្តទុកដាក់​ចុះ​! ចូរឲ្យ​ផែនដី និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ព្រមទាំង​ពិភពលោក និង​របស់ទាំងអស់​ដែល​កើតចេញ​ពី​ទីនោះ​ស្ដាប់​ចុះ​!

2 ដ្បិត​ព្រះពិរោធ​របស់​ព្រះយេហូវ៉ា​មកលើ​គ្រប់ទាំង​ប្រជាជាតិ ហើយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​មកលើ​ពលទ័ព​ទាំងអស់​របស់ពួកគេ​។ ព្រះអង្គ​បាន​ញែកចេញបំផ្លាញ​ពួកគេ ក៏​បាន​ប្រគល់​ពួកគេ​ទៅ​ការកាប់សម្លាប់​។

3 អ្នក​ដែលត្រូវគេសម្លាប់​ក្នុង​ពួកគេ នឹង​ត្រូវបាន​បោះចោល​; ក្លិនស្អុយ​ពី​សាកសព​ទាំងនោះ​នឹង​សាយឡើង ហើយ​ភ្នំ​ទាំងឡាយ​នឹង​រលាយ​ទៅ​ដោយ​ឈាម​របស់ពួកគេ​។

4 ចំណែកឯ​អស់ទាំង​ពលបរិវារ​នៃ​មេឃ​នឹង​រលាយសូន្យ ហើយ​ផ្ទៃមេឃ​នឹង​ត្រូវបាន​មូរទុក​ដូចជា​ក្រាំង​។ អស់ទាំង​ពលបរិវារ​នៃមេឃ​នឹង​ស្រពោនជ្រុះ ដូចដែល​ស្លឹក​ស្រពោនជ្រុះ​ពី​ដើមទំពាំងបាយជូរ និង​ដូចដែល​ស្លឹក​ស្រពោនជ្រុះ​ពី​ដើមល្វា​។


ការជំនុំជម្រះចំពោះអេដំ

5 ដ្បិត​ដាវ​របស់យើង​បាន​ផឹកឆ្អែត​នៅ​លើមេឃ​ហើយ មើល៍! វា​នឹង​ចុះមក​លើ​ជនជាតិអេដំ​ដើម្បី​ជំនុំជម្រះ គឺ​ចុះមក​លើ​ប្រជាជន​ដែល​យើង​បាន​ញែកចេញបំផ្លាញ​!

6 ដាវ​របស់​ព្រះយេហូវ៉ា​បាន​ប្រឡាក់​ឈាម​ដាប ក៏​ជោក​ដោយ​ខ្លាញ់ គឺ​ដោយ​ឈាម​របស់​កូនចៀម និង​ពពែឈ្មោល ព្រមទាំង​ខ្លាញ់​ក្រលៀន​របស់​ចៀមឈ្មោល ពីព្រោះ​ព្រះយេហូវ៉ា​ទ្រង់​ធ្វើ​ពិធីថ្វាយយញ្ញបូជា​នៅ​បុសរ៉ា ហើយ​មាន​ការកាប់សម្លាប់​យ៉ាងធំ​នៅ​ដែនដី​អេដំ​។

7 គោព្រៃ​នឹង​ដួលចុះ​ជាមួយ​ពួកគេ គោស្ទាវ​នឹង​ដួលចុះ​ជាមួយ​គោបា​; ទឹកដី​របស់ពួកគេ​នឹង​ផឹកឆ្អែត​ដោយ​ឈាម ធូលីដី​របស់ពួកគេ​នឹង​ជោក​ដោយ​ខ្លាញ់​។

8 ដ្បិត​ព្រះយេហូវ៉ា​មាន​ថ្ងៃ​នៃ​ការសងសឹក ជា​ឆ្នាំ​នៃ​ការតបសង​ចំពោះ​រឿងក្ដី​របស់​ស៊ីយ៉ូន​។

9 ទឹកជ្រោះ​នៅ​អេដំ​នឹង​ក្លាយជា​ជ័រម្រ័ក្សណ៍ ធូលីដី​របស់នាង​នឹង​ក្លាយជា​ស្ពាន់ធ័រ ហើយ​ទឹកដី​របស់នាង​នឹង​ក្លាយជា​ជ័រម្រ័ក្សណ៍​ដែល​កំពុង​ឆេះ​——

10 ភ្លើងនោះ​នឹង​មិន​រលត់​ទាំងយប់ទាំងថ្ងៃ ផ្សែង​របស់វា​នឹង​ហុយឡើង​ជារៀងរហូត ស្រុកនោះ​នឹង​នៅជាទីហិនហោច​ពីជំនាន់មួយទៅជំនាន់មួយ គ្មានអ្នកណា​ឆ្លងកាត់​តាម​នោះ​ជារៀងរហូតតទៅ​។

11 សត្វទុង និង​កាំប្រមា​នឹង​កាន់កាប់​ស្រុកនោះ​វិញ ហើយ​សត្វគូក និង​ក្អែក​នឹង​រស់នៅ​ស្រុកនោះ​ដែរ​; ព្រះអង្គ​នឹង​សន្ធឹង​ខ្សែរង្វាស់​នៃ​ការហិនហោច​នៅលើ​ស្រុកនោះ ក៏​សន្ធឹង​ខ្សែប្រយោល​នៃ​ភាពទទេសូន្យ​។

12 នៅ​ទីនោះ​គ្មាន​អភិជន​របស់អេដំ​ដែល​នឹង​ប្រកាស​រាជ្យអំណាច​ឡើយ មេដឹកនាំ​ទាំងអស់​របស់នាង​ក៏​នឹង​អស់ទៅ​ដែរ​។

13 បន្លា​នឹង​ដុះឡើង​នៅ​បន្ទាយ​របស់​ស្រុកនោះ គុម្ពបន្លា និង​អញ្ចាញ​នឹង​ដុះឡើង​នៅ​ទីមាំមួន​របស់​ស្រុកនោះ​។ ស្រុកនោះ​នឹង​បានជា​លំនៅ​របស់​ឆ្កែព្រៃ និងជា​ទីលាន​សម្រាប់​អូទ្រីស​។

14 សត្វព្រៃនៅទីរហោស្ថាន​នឹង​ជួប​ជាមួយ​សត្វស្វាន ពពែព្រៃ​នឹង​ស្រែកហៅ​គ្នាទៅវិញទៅមក ចំណែកឯ​សត្វទីទុយ​នឹង​មកទំ​នៅ​ទីនោះ ហើយ​រកឃើញ​ទីសម្រាក​សម្រាប់​ខ្លួន​។

15 ទីទុយធំ​នឹង​ធ្វើសម្បុក​នៅ​ទីនោះ ព្រមទាំង​ពង ហើយ​ញាស់​កូន​ផង ក៏​ប្រមូលកូនមក​ក្រោម​ម្លប់​របស់វា​; ប្រាកដមែន ស្ទាំង​នឹងមក​ទាំងគូៗ ផ្ដុំគ្នា​នៅ​ទីនោះ​។

16 ចូរ​ស្វែងរក​ក្នុង​សៀវភៅ​របស់​ព្រះយេហូវ៉ា ហើយ​អាន​មើល៍​ចុះ​! គ្មាន​សត្វ​ណាមួយ​ក្នុង​សត្វ​ទាំងនោះ​ខានមក គ្មាន​សត្វ​ណាមួយ​ខ្វះ​គូ​ឡើយ ដ្បិត​ព្រះឱស្ឋ​របស់ព្រះអង្គ​បាន​បង្គាប់​ការនេះ គឺ​ព្រះវិញ្ញាណ​របស់ព្រះអង្គ​ហើយ ដែល​ប្រមូល​ពួកវា​មក​។

17 ព្រះអង្គ​បាន​ចាប់ឆ្នោត​ឲ្យ​ពួកវា ហើយ​ព្រះហស្ត​របស់ព្រះអង្គ​បាន​ចែក​ស្រុកនោះ​ឲ្យ​ពួកវា​ដោយ​ខ្សែរង្វាស់​។ ពួកវា​នឹង​កាន់កាប់​ស្រុកនោះ​ជារៀងរហូត ហើយ​រស់នៅ​ស្រុកនោះ​ពីជំនាន់មួយទៅជំនាន់មួយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម