អេសាយ 56:2 - ព្រះគម្ពីរខ្មែរសាកល មានពរហើយ មនុស្សដែលប្រព្រឹត្តយ៉ាងនោះ កូនមនុស្សដែលកាន់ខ្ជាប់នូវសេចក្ដីនោះ ជាអ្នកដែលរក្សាថ្ងៃសប្ប័ទឥតបង្អាប់ឡើយ ក៏រក្សាដៃរបស់ខ្លួនពីការធ្វើអំពើអាក្រក់ណាមួយផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺជាអ្នកដែលថែរក្សាថ្ងៃសប្ប័ទឥតបង្អាប់ ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សណាក៏ដោយឲ្យតែប្រព្រឹត្តដូច្នេះ គឺគោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ ព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយ មុខជាមានសុភមង្គលមិនខាន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺជាអ្នកដែលថែរក្សាថ្ងៃឈប់សំរាកឥតបង្អាប់ ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ អាល់គីតាប មនុស្សណាក៏ដោយឲ្យតែប្រព្រឹត្តដូច្នេះ គឺគោរពថ្ងៃឈប់សម្រាបានត្រឹមត្រូវឥតខ្ចោះ ព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយ មុខជាមានសុភមង្គលមិនខាន! |
ហាលេលូយ៉ា! មានពរហើយ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា ហើយពេញចិត្តយ៉ាងខ្លាំងនឹងសេចក្ដីបង្គាប់របស់ព្រះអង្គ!
ទូលបង្គំបានទប់ជើងទូលបង្គំពីអស់ទាំងគន្លងអាក្រក់ ដើម្បីកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
ចូរបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ ចូរស្វែងរកសន្តិភាព ហើយដេញតាមវា។
មនុស្សមានប្រាជ្ញាភ័យខ្លាច ហើយបែរចេញពីការអាក្រក់ រីឯមនុស្សល្ងង់វិញ តក់ក្រហល់ ហើយមិនចេះខ្លាច។
វិថីរបស់មនុស្សទៀងត្រង់ គឺការដែលបែរចេញពីសេចក្ដីអាក្រក់; អ្នកដែលការពារផ្លូវរបស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន។
អំពើទុច្ចរិតត្រូវបានលុបលាងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ ហើយមនុស្សបានបែរចេញពីសេចក្ដីអាក្រក់ ដោយការកោតខ្លាចព្រះយេហូវ៉ា។
ចូរកាន់សេចក្ដីប្រៀនប្រដៅឲ្យជាប់ កុំលែងឡើយ; ចូររក្សាប្រាជ្ញា ដ្បិតនាងជាជីវិតរបស់អ្នក។
ជាការល្អដែលអ្នកចាប់មួយនេះ ហើយក៏មិនឲ្យមួយនោះរបូតពីដៃអ្នកដែរ; ដ្បិតអ្នកដែលកោតខ្លាចព្រះ នឹងចេញរួចពីការទាំងអស់នេះ។
ដ្បិតព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ចំពោះមនុស្សកម្រៀវដែលរក្សាថ្ងៃសប្ប័ទរបស់យើង ហើយជ្រើសរើសអ្វីដែលយើងពេញចិត្ត ព្រមទាំងកាន់ខ្ជាប់នូវសម្ពន្ធមេត្រីរបស់យើង
រីឯសាសន៍ដទៃដែលរួមជាមួយព្រះយេហូវ៉ា ដើម្បីបម្រើព្រះអង្គ ដើម្បីស្រឡាញ់ព្រះនាមរបស់ព្រះយេហូវ៉ា ដើម្បីធ្វើជាបាវបម្រើរបស់ព្រះអង្គ គឺអស់អ្នកដែលរក្សាថ្ងៃសប្ប័ទឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់នូវសម្ពន្ធមេត្រីរបស់យើង
ប្រសិនបើក្នុងថ្ងៃសប្ប័ទ អ្នកបង្វែរជើងរបស់ខ្លួន ក៏មិនធ្វើតាមការសប្បាយរបស់ខ្លួនក្នុងថ្ងៃវិសុទ្ធរបស់យើង ប្រសិនបើអ្នករាប់ថ្ងៃសប្ប័ទជាទីរីករាយ ហើយឲ្យតម្លៃថ្ងៃវិសុទ្ធរបស់ព្រះយេហូវ៉ា ប្រសិនបើអ្នកលើកកិត្តិយសដល់ថ្ងៃនោះ ហើយមិនធ្វើតាមផ្លូវរបស់ខ្លួន ឬស្វែងរកការសប្បាយរបស់ខ្លួន ឬពោលពាក្យតាមគំនិតខ្លួនឯងនោះទេ
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“អ្នកដែលឮព្រះបន្ទូលរបស់ព្រះ ហើយប្រតិបត្តិតាមវិញទេ ដែលមានពរ!”។
ដោយព្រោះអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះហើយ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាម នោះអ្នករាល់គ្នាមានពរហើយ។
សេចក្ដីស្រឡាញ់ត្រូវតែឥតពុតត្បុត។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ចូរកាន់ខ្ជាប់អ្វីដែលល្អ។
“មានពរហើយ អ្នកដែលលាងសម្អាតអាវវែងរបស់ខ្លួន ដើម្បីឲ្យខ្លួនឯងមានសិទ្ធិដល់ដើមឈើនៃជីវិត ហើយអាចចូលទៅក្នុងទីក្រុងតាមទ្វារ!