យ៉ូហាន 13 - ព្រះគម្ពីរខ្មែរសាកលព្រះយេស៊ូវទ្រង់លាងជើងពួកសាវ័ក 1 មុនបុណ្យរំលង ព្រះយេស៊ូវទ្រង់ជ្រាបថាពេលវេលារបស់ព្រះអង្គមកដល់ហើយ ដើម្បីយាងចាកចេញពីពិភពលោកនេះទៅឯព្រះបិតា។ ព្រះអង្គទ្រង់ស្រឡាញ់មនុស្សរបស់ព្រះអង្គដែលនៅក្នុងពិភពលោក គឺស្រឡាញ់ពួកគេរហូតដល់ចុងបំផុត។ 2 អំឡុងអាហារពេលល្ងាច មារបានបញ្ចូលគំនិតរួចហើយ ក្នុងចិត្តយូដាសកូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត ឲ្យក្បត់ព្រះអង្គ។ 3 ព្រះយេស៊ូវទ្រង់ជ្រាបថា ព្រះបិតាបានប្រទានអ្វីៗទាំងអស់មកក្នុងព្រះហស្តរបស់ព្រះអង្គ ហើយក៏ជ្រាបដែរថា ព្រះអង្គយាងមកពីព្រះ ហើយនឹងយាងទៅឯព្រះវិញ។ 4 ព្រះអង្គក៏ក្រោកឡើងពីតុអាហារ ហើយដោះព្រះពស្ត្រចេញ រួចយកកន្សែងក្រវាត់នឹងអង្គទ្រង់ 5 បន្ទាប់មក ព្រះអង្គទ្រង់ចាក់ទឹកក្នុងចានដែកមួយ ហើយចាប់ផ្ដើមលាងជើងរបស់ពួកសិស្ស ព្រមទាំងជូតដោយកន្សែងដែលក្រវាត់នោះផង។ 6 នៅពេលព្រះអង្គមកដល់ស៊ីម៉ូនពេត្រុស គាត់ទូលព្រះអង្គថា៖ “ព្រះអម្ចាស់ តើព្រះអង្គនឹងលាងជើងរបស់ទូលបង្គំឬ?”។ 7 ព្រះយេស៊ូវមានបន្ទូលតបថា៖“ឥឡូវនេះ អ្នកមិនយល់អ្វីដែលខ្ញុំកំពុងធ្វើទេ ប៉ុន្តែក្រោយពីការទាំងនោះ អ្នកនឹងយល់”។ 8 ពេត្រុសទូលព្រះអង្គថា៖ “ព្រះអង្គលាងជើងរបស់ទូលបង្គំមិនបានជាដាច់ខាត គឺជារៀងរហូត!”។ ព្រះយេស៊ូវទ្រង់តបថា៖“ប្រសិនបើខ្ញុំមិនលាងឲ្យអ្នកទេ អ្នកគ្មានចំណែកជាមួយខ្ញុំឡើយ”។ 9 ស៊ីម៉ូនពេត្រុសទូលថា៖ “ព្រះអម្ចាស់អើយ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ គឺសូមលាងទាំងដៃ ទាំងក្បាលផង”។ 10 ព្រះយេស៊ូវមានបន្ទូលថា៖“អ្នកដែលងូតទឹកហើយ ក្រៅពីជើងមិនចាំបាច់លាងទេ គឺបានស្អាតទាំងស្រុងហើយ។ អ្នករាល់គ្នាបានស្អាត ប៉ុន្តែមិនមែនទាំងអស់គ្នាទេ”។ 11 ដ្បិតព្រះអង្គទ្រង់ជ្រាបអ្នកដែលនឹងក្បត់ព្រះអង្គរួចហើយ ហេតុនេះហើយបានជាព្រះអង្គមានបន្ទូលថា:“មិនមែនទាំងអស់គ្នាបានស្អាតទេ”។ អត្ថន័យនៃការលាងជើង 12 នៅពេលព្រះយេស៊ូវទ្រង់លាងជើងពួកគេហើយ ក៏ពាក់ព្រះពស្ត្រ រួចគង់ចុះវិញ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាយល់អ្វីដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នាឬទេ? 13 អ្នករាល់គ្នាហៅខ្ញុំថា ‘លោកគ្រូ’ និង ‘ព្រះអម្ចាស់’។ អ្នករាល់គ្នានិយាយត្រូវ ពីព្រោះគឺខ្ញុំហ្នឹងហើយ។ 14 ដូច្នេះ ប្រសិនបើខ្ញុំដែលជាព្រះអម្ចាស់ និងជាគ្រូ បានលាងជើងរបស់អ្នករាល់គ្នា អ្នករាល់គ្នាក៏គួរតែលាងជើងគ្នាទៅវិញទៅមកដែរ។ 15 ពោលគឺ ខ្ញុំបានទុកគំរូឲ្យអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាធ្វើដូចដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នាដែរ។ 16 “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា បាវបម្រើមិនធំជាងចៅហ្វាយរបស់ខ្លួនទេ ហើយអ្នកដែលត្រូវគេចាត់ ក៏មិនធំជាងអ្នកដែលចាត់ខ្លួនដែរ។ 17 ដោយព្រោះអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះហើយ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាម នោះអ្នករាល់គ្នាមានពរហើយ។ 18 ខ្ញុំនិយាយមិនមែនអំពីអ្នកទាំងអស់គ្នាទេ។ ខ្ញុំស្គាល់អ្នកដែលខ្ញុំជ្រើសរើសហើយ ប៉ុន្តែនេះគឺដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:‘អ្នកដែលហូបនំប៉័ងរបស់ខ្ញុំបានលើកកែងជើងរបស់ខ្លួនទាស់នឹងខ្ញុំ’។ 19 “ខ្ញុំប្រាប់អ្នករាល់គ្នាពីឥឡូវនេះ មុនការនោះកើតឡើង ដើម្បីកាលណាការនោះកើតឡើង អ្នករាល់គ្នាបានជឿថា គឺខ្ញុំហ្នឹងហើយជាព្រះអង្គនោះ។ 20 ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលទទួលអ្នកណាក៏ដោយដែលខ្ញុំចាត់ឲ្យទៅ គឺទទួលខ្ញុំ រីឯអ្នកដែលទទួលខ្ញុំ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមក”។ ប្រាប់ជាមុនអំពីការក្បត់របស់យូដាស 21 នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវមានអំពល់ក្នុងវិញ្ញាណ ក៏ធ្វើបន្ទាល់ថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានម្នាក់ក្នុងអ្នករាល់គ្នានឹងក្បត់ខ្ញុំ”។ 22 ពួកសិស្សមើលមុខគ្នាទៅវិញទៅមក ទាំងវល់គំនិតអំពីអ្នកណាដែលព្រះអង្គមានបន្ទូល។ 23 មានម្នាក់ក្នុងពួកសិស្សជាអ្នកដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ កំពុងផ្អែកលើព្រះឱរារបស់ព្រះអង្គ។ 24 ស៊ីម៉ូនពេត្រុសធ្វើសញ្ញាទៅគាត់ ឲ្យទូលសួរព្រះអង្គអំពីអ្នកដែលព្រះអង្គមានបន្ទូលនោះ ថាជានរណា។ 25 គាត់ក៏ទូលសួរ ទាំងផ្អែកលើព្រះឱរារបស់ព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ តើជានរណា?”។ 26 ព្រះយេស៊ូវទ្រង់ឆ្លើយថា៖“គឺអ្នកដែលខ្ញុំនឹងជ្រលក់ដុំនំប៉័ងឲ្យទៅគាត់”។ បន្ទាប់មក ព្រះអង្គជ្រលក់ដុំនំប៉័ង ហើយយកឲ្យយូដាសកូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត។ 27 ក្រោយពីគាត់ទទួលដុំនំប៉័ងនោះ សាតាំងក៏ចូលក្នុងគាត់។ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អ្វីដែលអ្នកនឹងធ្វើ ចូរប្រញាប់ធ្វើចុះ”។ 28 ប៉ុន្តែគ្មានអ្នកណាដែលរួមតុអាហារដឹងថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលនឹងគាត់ដូច្នេះឡើយ។ 29 ដ្បិតអ្នកខ្លះស្មានថា ដោយសារយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូវមានបន្ទូលនឹងគាត់ឲ្យទៅទិញអ្វីដែលត្រូវការសម្រាប់ពិធីបុណ្យ ឬក៏ឲ្យទៅចែកអ្វីដល់អ្នកក្រ។ 30 យូដាសទទួលដុំនំប៉័ងនោះ ក៏ចេញទៅភ្លាម។ ពេលនោះយប់ហើយ។ សេចក្ដីបង្គាប់ថ្មី 31 នៅពេលយូដាសចេញទៅហើយ ព្រះយេស៊ូវមានបន្ទូលថា៖“ឥឡូវនេះ កូនមនុស្សទទួលការលើកតម្កើងសិរីរុងរឿង ហើយព្រះក៏ទទួលការលើកតម្កើងសិរីរុងរឿងតាមរយៈកូនមនុស្សដែរ។ 32 ប្រសិនបើព្រះទទួលការលើកតម្កើងសិរីរុងរឿងតាមរយៈកូនមនុស្សព្រះក៏នឹងលើកតម្កើងសិរីរុងរឿងដល់កូនមនុស្សតាមរយៈអង្គទ្រង់ដែរ ហើយព្រះអង្គនឹងលើកតម្កើងសិរីរុងរឿងដល់កូនមនុស្សភ្លាម។ 33 “កូនរាល់គ្នាអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ។ អ្នករាល់គ្នានឹងរកខ្ញុំ ហើយដូចដែលខ្ញុំបានប្រាប់ពួកយូដាយ៉ាងណា ឥឡូវនេះខ្ញុំក៏ប្រាប់អ្នករាល់គ្នាយ៉ាងនោះដែរថា: ‘អ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយ’ ។ 34 “ខ្ញុំផ្ដល់សេចក្ដីបង្គាប់ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ ដូចដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នា អ្នករាល់គ្នាក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ 35 មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារតែការនេះឯង គឺប្រសិនបើអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក”។ ប្រាប់ជាមុនអំពីការបដិសេធរបស់ពេត្រុស 36 ស៊ីម៉ូនពេត្រុសទូលសួរថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គយាងទៅឯណា?”។ ព្រះយេស៊ូវទ្រង់តបថា៖“កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំឥឡូវនេះបានទេ ប៉ុន្តែអ្នកនឹងទៅតាមនៅពេលក្រោយ”។ 37 ពេត្រុសទូលថា៖ “ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះបាន? ទូលបង្គំនឹងលះបង់ជីវិតរបស់ទូលបង្គំសម្រាប់ព្រះអង្គ!”។ 38 ព្រះយេស៊ូវទ្រង់តបថា៖“តើអ្នកនឹងលះបង់ជីវិតរបស់អ្នកសម្រាប់ខ្ញុំឬ? ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា មាន់នឹងមិនរងាវសោះឡើយ រហូតទាល់តែអ្នកបដិសេធខ្ញុំបីដង”៕ |