សាស្តា 7 - ព្រះគម្ពីរខ្មែរសាកលពាក្យទំនៀមប្រកបដោយប្រាជ្ញា 1 កេរ្តិ៍ឈ្មោះល្អ ប្រសើរជាងប្រេងដ៏ល្អ ហើយថ្ងៃស្លាប់ ក៏ប្រសើរជាងថ្ងៃកើតដែរ។ 2 ទៅផ្ទះកាន់ទុក្ខ ប្រសើរជាងទៅផ្ទះជប់លៀង ដ្បិតនេះជាទីបញ្ចប់របស់មនុស្សទាំងអស់ ហើយមនុស្សដែលនៅរស់ត្រូវយកចិត្តទុកដាក់ចំពោះការនេះ។ 3 ទុក្ខព្រួយប្រសើរជាងការសើចសប្បាយ ដ្បិតដោយទឹកមុខក្រៀមក្រំ ធ្វើឲ្យចិត្តប្រសើរឡើង។ 4 ចិត្តរបស់មនុស្សមានប្រាជ្ញា នៅក្នុងផ្ទះនៃការកាន់ទុក្ខ រីឯចិត្តរបស់មនុស្សល្ងង់វិញ នៅក្នុងផ្ទះនៃការសប្បាយ។ 5 ចំពោះមនុស្ស ការដែលស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ចម្រៀងរបស់មនុស្សល្ងង់; 6 ដ្បិតដូចដែលសំឡេងប្រែះៗរបស់បន្លានៅក្រោមឆ្នាំងជាយ៉ាងណា សំណើចរបស់មនុស្សល្ងង់ក៏ជាយ៉ាងនោះដែរ។ នេះក៏ជាការឥតន័យដែរ! 7 ការសង្កត់សង្កិនប្រាកដជាធ្វើឲ្យមនុស្សមានប្រាជ្ញាទៅជាឆ្កួត ហើយសំណូកបង្ខូចចិត្តមនុស្ស។ 8 ចុងបញ្ចប់នៃអ្វីមួយ ប្រសើរជាងការចាប់ផ្ដើមរបស់វា ចិត្តអត់ធ្មត់ ប្រសើរជាងចិត្តឆ្មើងឆ្មៃ។ 9 កុំឲ្យចិត្តរបស់អ្នកឆាប់ខឹងឡើយ ដ្បិតកំហឹងរមែងតែងតែស្ថិតនៅក្នុងទ្រូងមនុស្សល្ងង់។ 10 កុំពោលថា៖ “ម្ដេចក៏កាលពីមុនល្អជាងសព្វថ្ងៃ?” នោះឡើយ ដ្បិតមិនមែនមកពីប្រាជ្ញាទេ ដែលអ្នកបានសួរដូច្នេះ។ 11 ប្រាជ្ញាគឺល្អប្រពៃ ស្មើនឹងមរតក ហើយជាប្រយោជន៍ដល់អ្នកដែលឃើញពន្លឺថ្ងៃ 12 ដ្បិតប្រាជ្ញាជាគ្រឿងការពារ ដូចដែលប្រាក់ជាគ្រឿងការពារដែរ; ប្រយោជន៍នៃចំណេះដឹង គឺជាប្រាជ្ញាដែលរក្សាជីវិតពួកម្ចាស់របស់វា។ 13 ចូរពិចារណាកិច្ចការរបស់ព្រះចុះ ដ្បិតតើនរណាអាចធ្វើឲ្យត្រង់បាន នូវអ្វីដែលព្រះអង្គបានធ្វើឲ្យវៀចទៅហើយ? 14 នៅគ្រាល្អ ចូរអរសប្បាយចុះ រីឯនៅគ្រាមានភាពអកុសល ចូរពិចារណាវិញ; ព្រះបានបង្កើតមួយនេះជាមួយគ្នានឹងមួយនោះដែរ ដើម្បីកុំឲ្យមនុស្សរកឃើញថាមានអ្វីកើតឡើងក្រោយពីគេឡើយ។ ចៀសវាងពីភាពហួសហេតុ 15 ខ្ញុំបានឃើញអ្វីៗទាំងអស់ ក្នុងថ្ងៃអាយុដ៏ឥតន័យរបស់ខ្ញុំ គឺមានមនុស្សសុចរិតវិនាសដោយសារតែសេចក្ដីសុចរិតរបស់ខ្លួន ហើយក៏មានមនុស្សអាក្រក់មានអាយុវែងដោយសារតែការអាក្រក់របស់ខ្លួនដែរ។ 16 កុំឲ្យសុចរិតហួសហេតុពេក ហើយក៏កុំធ្វើឲ្យខ្លួនមានប្រាជ្ញាពេកដែរ។ ម្ដេចក៏ត្រូវបំផ្លាញខ្លួនឯងដូច្នេះ? 17 កុំឲ្យធ្វើអាក្រក់ហួសហេតុពេក ហើយក៏កុំឲ្យធ្វើជាមនុស្សល្ងង់ដែរ។ ម្ដេចក៏ត្រូវស្លាប់មុនពេលកំណត់របស់អ្នកដូច្នេះ? 18 ជាការល្អដែលអ្នកចាប់មួយនេះ ហើយក៏មិនឲ្យមួយនោះរបូតពីដៃអ្នកដែរ; ដ្បិតអ្នកដែលកោតខ្លាចព្រះ នឹងចេញរួចពីការទាំងអស់នេះ។ 19 ប្រាជ្ញាធ្វើឲ្យមនុស្សមានប្រាជ្ញា មានកម្លាំងជាងមេគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយទៅទៀត។ 20 តាមពិត គ្មានមនុស្សសុចរិតនៅលើផែនដី ដែលធ្វើការល្អ ហើយមិនប្រព្រឹត្តបាបនោះឡើយ។ 21 កុំយកចិត្តទុកដាក់ចំពោះពាក្យនីមួយៗដែលគេនិយាយឡើយ ក្រែងលោអ្នកឮបាវបម្រើរបស់អ្នកប្រទេចផ្ដាសាអ្នក; 22 ដ្បិតចិត្តរបស់អ្នកដឹងហើយថា ខ្លួនអ្នកក៏ធ្លាប់ប្រទេចផ្ដាសាអ្នកដទៃជាច្រើនដងដែរ។ ការរកឃើញរបស់សាស្ដា 23 ខ្ញុំបានសាកល្បងការទាំងអស់នេះដោយប្រាជ្ញា។ ខ្ញុំបានពោលថា៖ “ខ្ញុំនឹងមានប្រាជ្ញា” ប៉ុន្តែវានៅឆ្ងាយពីខ្ញុំ។ 24 អ្វីដែលមាននៅ គឺនៅឆ្ងាយ ហើយជ្រៅក្រៃលែង តើនរណាអាចរុករកវាបាន? 25 ខ្ញុំបានបែរចិត្តខ្ញុំមក ដើម្បីយល់ សង្កេត ហើយស្វែងរកប្រាជ្ញា និងគោលការណ៍ ព្រមទាំងដើម្បីយល់ថាការអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយភាពល្ងង់ជាសេចក្ដីចម្កួត។ 26 ខ្ញុំបានរកឃើញអ្វីដែលល្វីងជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត គឺមនុស្សស្រីដែលចិត្តរបស់នាងជាអន្ទាក់ និងជាសំណាញ់ ហើយដៃរបស់នាងជាខ្នោះ។ អ្នកដែលផ្គាប់ព្រះហឫទ័យព្រះ នឹងរួចផុតពីនាង ប៉ុន្តែមនុស្សបាបនឹងត្រូវនាងចាប់វិញ។ 27 សាស្ដាពោលថា៖ “មើល៍! ខ្ញុំបានរកឃើញសេចក្ដីនេះ ដោយយោងពីមួយទៅមួយ ដើម្បីបានរកឃើញគោលការណ៍ 28 ដែលព្រលឹងរបស់ខ្ញុំបានស្វែងរកម្ដងហើយម្ដងទៀត ប៉ុន្តែនៅតែរកមិនឃើញ។ ក្នុងចំណោមមួយពាន់នាក់ ខ្ញុំបានរកឃើញមនុស្សប្រុសទៀងត្រង់ម្នាក់ ប៉ុន្តែខ្ញុំរកមិនឃើញមនុស្សស្រីទៀងត្រង់សោះ ក្នុងចំណោមអ្នកទាំងអស់នោះ។ 29 មើល៍! ខ្ញុំបានរកឃើញតែសេចក្ដីនេះប៉ុណ្ណោះ គឺថាព្រះបានបង្កើតមនុស្សឲ្យបានទៀងត្រង់ ប៉ុន្តែពួកគេបានស្វែងរកឧបាយកលជាច្រើនវិញ”៕ |