ម៉ាថាយ 5:16 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺនៅមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ Khmer Christian Bible ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌។ អាល់គីតាប ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ដ ហើយលើកតម្កើងសិរីរុងរឿងអុលឡោះជាបិតារបស់អ្នករាល់គ្នា ដែលនៅសូរ៉កា»។ |
បើធ្វើដូច្នេះ ពន្លឺរបស់អ្នកនឹងធ្លាយចេញមកដូចជាពន្លឺអរុណ ហើយការជាសះស្បើយរបស់អ្នកនឹងដុះឡើងយ៉ាងឆាប់ រីឯសេចក្ដីសុចរិតរបស់អ្នកនឹងដើរនៅមុខអ្នក ហើយសិរីរុងរឿងរបស់ព្រះយេហូវ៉ានឹងការពារខាងក្រោយអ្នក។
ដើម្បីចែកដល់ពួកអ្នកដែលកាន់ទុក្ខនៃស៊ីយ៉ូន គឺឲ្យគ្រឿងតែងសក់ដល់ពួកគេជំនួសផេះ ប្រេងនៃអំណរជំនួសការកាន់ទុក្ខ ព្រមទាំងសម្លៀកបំពាក់នៃការសរសើរតម្កើងជំនួសវិញ្ញាណខ្សោយល្វើយ ដើម្បីឲ្យពួកគេត្រូវបានហៅថា “ដើមអូកនៃសេចក្ដីសុចរិត” ដែលចេញពីការដាំដុះរបស់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គទទួលការលើកតម្កើងសិរីរុងរឿង។
ពួកគេធ្វើកិច្ចការទាំងអស់ដើម្បីឲ្យគេឃើញ។ ពួកគេពង្រីកប្រអប់ព្រះបន្ទូលរបស់ពួកគេ ហើយធ្វើរំយោលអាវឲ្យវែង។
កុំហៅអ្នកណានៅលើផែនដីថា ‘បិតា’ របស់អ្នករាល់គ្នាឡើយ ដ្បិតព្រះបិតាសួគ៌របស់អ្នករាល់គ្នាមានតែមួយអង្គគត់។
ដើម្បីឲ្យអ្នករាល់គ្នាទៅជាកូនរបស់ព្រះបិតាដែលគង់នៅស្ថានសួគ៌។ ដ្បិតព្រះអង្គទ្រង់ធ្វើឲ្យថ្ងៃរះឡើងទាំងលើមនុស្សអាក្រក់ និងមនុស្សល្អ ហើយបង្អុរភ្លៀងទាំងលើមនុស្សសុចរិត និងមនុស្សទុច្ចរិតផង។
“កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើទឹកមុខស្រងូតស្រងាត់ដូចពួកមនុស្សមានពុតឡើយ ដ្បិតពួកគេធ្វើមុខស្អុយ ដើម្បីឲ្យមនុស្សឃើញថាពួកគេកំពុងតមអាហារ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។
“ដូច្នេះ ចូរអ្នករាល់គ្នាអធិស្ឋានដូចតទៅ: ព្រះបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមរបស់ព្រះអង្គត្រូវបានតម្កើងជាវិសុទ្ធ
នៅពេលឃើញដូច្នេះ ហ្វូងមនុស្សក៏កោតខ្លាច ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរទូលថា: ‘ព្រះបិតាអើយ សូមឲ្យព្រះនាមរបស់ព្រះអង្គត្រូវបានតម្កើងជាវិសុទ្ធ សូមឲ្យអាណាចក្ររបស់ព្រះអង្គបានមកដល់។
ព្រះបិតារបស់ខ្ញុំបានទទួលការលើកតម្កើងសិរីរុងរឿងដោយសារតែការនេះ គឺការដែលអ្នករាល់គ្នាបង្កើតផលជាច្រើន និងការដែលអ្នករាល់គ្នាធ្វើជាសិស្សរបស់ខ្ញុំ។
នៅយ៉ុបប៉េមានសិស្សម្នាក់ឈ្មោះតេប៊ីថា (តេប៊ីថា មានអត្ថន័យប្រែថា ក្ដាន់)។ នាងបានពេញដោយអំពើល្អ និងការចែកទាន ដែលនាងតែងតែធ្វើ។
ហើយការសម្ងាត់ក្នុងចិត្តគាត់ក៏ជាក់ច្បាស់ ដូច្នេះ គាត់នឹងថ្វាយបង្គំព្រះដោយក្រាបមុខដល់ដី រួចប្រកាសថា៖ “ព្រះ ពិតជាគង់នៅក្នុងចំណោមអ្នករាល់គ្នាមែន!”។
ពួកគេបានលើកតម្កើងសិរីរុងរឿងដល់ព្រះ តាមរយៈភស្តុតាងនៃការបម្រើនេះ ដោយព្រោះការចុះចូលរបស់អ្នករាល់គ្នាចំពោះពាក្យសារភាពអំពីដំណឹងល្អរបស់ព្រះគ្រីស្ទ និងដោយព្រោះចិត្តទូលាយក្នុងការចែកទានដល់ពួកគេ និងមនុស្សទាំងអស់;
ពិតមែនហើយ យើងជាស្នាព្រះហស្តរបស់ព្រះ ដែលត្រូវបាននិម្មិតបង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ។ ព្រះបានរៀបចំការល្អជាមុន ដើម្បីឲ្យយើងដើរតាមការទាំងនោះ។
ពីមុន អ្នករាល់គ្នាជាសេចក្ដីងងឹត ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរឲ្យដូចជាកូននៃពន្លឺ
យើងបានលើកទឹកចិត្ត កម្សាន្តចិត្ត ហើយដាស់តឿនអ្នករាល់គ្នា ឲ្យអ្នករាល់គ្នាដើរតាមបែបសមគួរនឹងព្រះដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងអាណាចក្រ និងសិរីរុងរឿងរបស់អង្គទ្រង់។
ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អខាងអំពើល្អ ដូចជា បានចិញ្ចឹមកូន បានទទួលអ្នកដទៃដោយរាក់ទាក់ បានលាងជើងឲ្យវិសុទ្ធជន បានជួយអ្នកដែលរងទុក្ខ បាននៅជាប់ក្នុងការល្អគ្រប់បែបយ៉ាង ជាដើម។
អំពើល្អក៏ជាក់ច្បាស់ដូចគ្នាដែរ ហើយអំពើណាដែលមិនជាក់ច្បាស់ ក៏មិនអាចលាក់បាំងបានឡើយ៕
ចូរបង្គាប់ពួកគេឲ្យធ្វើល្អ ឲ្យមានស្ដុកស្ដម្ភខាងឯការប្រព្រឹត្តល្អ មានចិត្តទូលាយ និងមានចិត្តចែករំលែក
ព្រះអង្គបានថ្វាយអង្គទ្រង់ជំនួសយើង ដើម្បីប្រោសលោះយើងពីការឥតច្បាប់គ្រប់បែបយ៉ាង ហើយជម្រះប្រជារាស្ត្រមួយដែលជ្រើសរើសទុកជាពិសេសសម្រាប់ព្រះអង្គផ្ទាល់ ជាអ្នកស៊ប់ខាងកិច្ចការដ៏ប្រសើរ។
ខ្លួនអ្នកត្រូវបង្ហាញគំរូក្នុងកិច្ចការដ៏ប្រសើរគ្រប់យ៉ាង ហើយក្នុងការបង្រៀន ត្រូវបង្ហាញភាពទៀងត្រង់ កិរិយាថ្លៃថ្នូរ
គ្នារបស់យើងក៏ត្រូវរៀនឲ្យចេះផ្ដាច់ខ្លួនទៅក្នុងកិច្ចការដ៏ល្អដើម្បីបំពេញតម្រូវការដែលចាំបាច់ ដើម្បីកុំឲ្យពួកគេទៅជាមនុស្សមិនបង្កើតផលឡើយ។
ប៉ុន្តែនៅពេលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិរបស់ព្រះដែលជាព្រះសង្គ្រោះនៃយើងបានលេចមក
ចូរឲ្យយើងយកចិត្តទុកដាក់នឹងគ្នាទៅវិញទៅមក ដើម្បីជំរុញទឹកចិត្តឲ្យចេះស្រឡាញ់ និងប្រព្រឹត្តការល្អ។
អ្នករាល់គ្នាត្រូវមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃ ធ្វើដូច្នេះទោះបីជាគេមួលបង្កាច់អ្នករាល់គ្នាដូចជាមនុស្សធ្វើអាក្រក់ក៏ដោយ ក៏គេនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះ នៅថ្ងៃនៃការយាងមក ដោយសារបានឃើញអំពើល្អរបស់អ្នករាល់គ្នា។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាពូជសាសន៍ដែលត្រូវបានជ្រើសរើសជាបូជាចារ្យខាងស្ដេច ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសគុណធម៌ របស់ព្រះអង្គ ដែលត្រាស់ហៅអ្នករាល់គ្នាចេញពីភាពងងឹត មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ដូចគ្នាដែរ ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលនឹងប្ដីរបស់ខ្លួន។ ធ្វើដូច្នេះ ទោះបីជាមានប្ដីខ្លះមិនព្រមជឿព្រះបន្ទូលក៏ដោយ ក៏ពួកគេនឹងត្រូវឈ្នះបានមកវិញតាមរយៈកិរិយារបស់ប្រពន្ធ ដោយមិនបាច់មានពាក្យសម្ដីអ្វីឡើយ
យ៉ាងណាមិញ ចូរឆ្លើយដោយសុភាពរាបសា និងដោយការកោតខ្លាច ទាំងរក្សាសតិសម្បជញ្ញៈត្រឹមត្រូវ ដើម្បីកាលណាអ្នករាល់គ្នាត្រូវគេមួលបង្កាច់ ពួកអ្នកដែលត្មះតិះដៀលកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បានអាម៉ាស់មុខវិញ។
ប្រសិនបើអ្នកណានិយាយ ត្រូវនិយាយស្របតាមព្រះបន្ទូលរបស់ព្រះ; ប្រសិនបើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានទទួលការលើកតម្កើងសិរីរុងរឿងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ប្រសិនបើអ្នករាល់គ្នាត្រូវគេត្មះតិះដៀលដោយព្រោះព្រះនាមរបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាមានពរហើយ ដ្បិតព្រះវិញ្ញាណនៃសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះ សណ្ឋិតលើអ្នករាល់គ្នា។