Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ម៉ាថាយ 5 - អាល់គីតាប


សុភមង្គល​ដ៏​ពិត​ប្រាកដ

1 អ៊ីសា​ឃើញ​មហា‌ជន​ទាំង​នេះ គាត់​ឡើង​ទៅ​លើ​ភ្នំ រួច​គាត់​នៅ​ទី​នោះ។ សិស្ស​នាំ​គ្នា​ចូល​មក​ជួប​គាត់

2 អ៊ីសា​ក៏​បាន​បង្រៀន​គេ​ថា៖

3 «អ្នក​ណា​ដាក់​ចិត្ដ​ជា​អ្នក​ក្រ‌ខ្សត់ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​បាន​ទទួល​នគរ នៃ​សូរ៉កា!

4 អ្នក​ណា​សោក‌សៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​អុលឡោះ​នឹង​សំរាល​ទុក្ខ​ពួក​គេ!

5 អ្នក​ណា​មាន​ចិត្ដ​ស្លូត‌បូត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ទទួល​ផែនដី​ទុក​ជា​មត៌ក!

6 អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​អុលឡោះ​នឹង​ប្រទាន​ឲ្យ ពួក​គេ​បាន​ឆ្អែត!

7 អ្នក​ណា​មាន​ចិត្ដ​មេត្ដា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​អុលឡោះ​នឹង​សំដែង​ចិត្ត មេត្ដាក‌រុណា​ដល់​ពួក​គេ​វិញ!

8 អ្នក​ណា​មាន​ចិត្ដ​បរិសុទ្ធ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ឃើញ​អុលឡោះ​!

9 អ្នក​ណា​កសាង​សន្ដិភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ នឹង​មាន ឈ្មោះ​ជា​កូន របស់​អុលឡោះ​!

10 អ្នក​ណា​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​នគរ​នៃ​អុលឡោះ​!

11 ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ!

12 ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​សូរ៉កា ដ្បិត​ពួក​ណាពី​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀត‌បៀន​ដូច្នោះ​ដែរ»។


អំបិល និង​ពន្លឺ

13 «អ្នក​រាល់​គ្នា​ជា​អំបិល សម្រាប់​មនុស្ស​លោក ប៉ុន្ដែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន?។ អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ គឺ​មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅ ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។

14 អ្នក​រាល់​គ្នា​ជា​ពន្លឺ សម្រាប់​បំភ្លឺ​មនុស្ស​លោក។ គេ​មិន​អាច​លាក់​បំបាំង​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ​បាន​ឡើយ។

15 គេ​មិន ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ​នោះ​ទេ គឺ​គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះ​បំភ្លឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ។

16 ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បំភ្លឺ​មនុស្ស​ទាំង‌ឡាយ​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា ដែល​នៅ​សូរ៉កា»។


អំពី​គីតាប​ហ៊ូកុំ

17 «សុំ​កុំ​នឹក​ស្មាន​ថា​ខ្ញុំ​មក​លុប​បំបាត់​គីតាប​ហ៊ូកុំ ឬ​គីតាប​ណាពី​ចោល​ឡើយ។ ខ្ញុំ​មិន​មែន​មក​លុប​បំបាត់​ទេ គឺ​ខ្ញុំ​មក​ធ្វើ​ឲ្យ​គីតាប​មាន​អត្ថន័យ​ពេញ​លក្ខណៈ​ទៅ​វិញ។

18 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​ថា ដរាប​ណា​ផ្ទៃ​មេឃ និង​ផែនដី​នៅ​ស្ថិត‌ស្ថេរ​ដរាប​នោះ​គ្មាន​ក្បៀស ឬ​បន្ដក់​ណា​មួយ​ក្នុង​គីតាប​ហ៊ូកុំ​ត្រូវ​រលុប​បាត់​ឡើយ គឺ​គីតាប​ទាំង​មូល​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​ទី​បំផុត។

19 អ្នក​ណា​ល្មើស​បទ​បញ្ជា​តូច​មួយ​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ឲ្យ​ធ្វើ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​តូច​ជាង​គេ ក្នុង​នគរ​នៃ​អុលឡោះ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ប្រព្រឹត្ដ​តាម​បទ​បញ្ជា​ទាំង​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ឲ្យ​ប្រព្រឹត្ដ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​ធំ​ក្នុង​នគរ​នៃ​អុលឡោះ។

20 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​មិន​ប្រសើរ​ជាង​សេចក្ដី​សុចរិត​របស់​ពួក​តួន និង​ពួក​ផារីស៊ី​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​ចូល​ទៅ​ក្នុង​នគរ​នៃ​អុលឡោះ​បាន​ឡើយ»។


អំពី​កំហឹង

21 «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស​ថា “កុំ​សម្លាប់​មនុស្ស” អ្នក​ណា​សម្លាប់​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា​ទោស។

22 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា​ទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​កាត់​ទោស ហើយ​អ្នក​ណា​ត្មះ‌តិះ‌ដៀល​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា​ទោស​ធ្លាក់​ក្នុង​ភ្លើង​នរ៉កា​រហូត។

23 ដូច្នេះ កាល​ណា​អ្នក​យក​ជំនូន​ទៅ​ជូន​អុលឡោះ ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​មាន​ទំនាស់​នឹង​អ្នក

24 ចូរ​ទុក​ជំនូន​របស់​អ្នក នៅ​កន្លែង​ជូន​ជំនូន ហើយ​ទៅ​ស្រុះ​ស្រួល​នឹង​បង​ប្អូន​របស់​អ្នក​ជា​មុន​សិន រួច​សឹម​វិល​មក​ជូន​ជំនូន​របស់​អ្នក​វិញ។

25 កាល​ណា​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូ‌វិវាទ​របស់​អ្នក ចូរ​ស្រុះ‌ស្រួល​ជា​មួយ​អ្នក​នោះ​ជា​ប្រញាប់ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅ‌ក្រម ចៅ‌ក្រម​បញ្ជូន​អ្នក​ទៅ​នគរ‌បាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។

26 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។


អំពី​ការ​ផិត​ក្បត់

27 «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “កុំ​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់”។

28 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ដ្រី​ម្នាក់ ហើយ​មាន​ចិត្ដ​ស្រើប​ស្រាល​ចង់​រួម​បវេណី​ជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់​ជា​មួយ​នាង នៅ​ក្នុង​ចិត្ដ​របស់​ខ្លួន រួច​ស្រេច​ទៅ​ហើយ។

29 ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរ៉កា។

30 ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចូរ​កាត់​វា ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​តែ​អវ‌យវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរ៉កា»។


អំពី​ការ​លែង​លះ​ប្ដី​ប្រពន្ធ

31 «មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា “បុរស​ណា​លែង​ភរិយា ត្រូវ​ធ្វើ​លិខិត​លែង​លះ​ឲ្យ​នាង”

32 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើក‌លែង​តែ​ភរិយានោះរួម​រស់​ជា​មួយ​បុរសផ្សេងក្រៅពីប្ដី) បុរស​នោះ​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ដ្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀប‌ការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀប‌ការ​នឹង​ស្ដ្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់​ដែរ»។


អំពី​សម្បថ

33 «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស​ថាៈ “កុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​អុលឡោះ‌ជាអម្ចាស់”។

34 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​អុលឡោះ

35 ក៏​កុំ​ស្បថ​ដោយ​យក​ផែនដី​ជា​សាក្សី​ដែរ ព្រោះ​ផែនដី​ជា​កំណល់​ទ្រ​ជើង​របស់​ទ្រង់។ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូ‌សាឡឹម​ជា​សាក្សី ព្រោះ​យេរូ‌សាឡឹម​ជា​ក្រុង​របស់​ស្តេច​ដ៏​ឧត្ដម។

36 កុំ​ស្បថ​ដោយ​យក ក្បាល​អ្នក​ជា​សាក្សី ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ សូម្បី​តែ​មួយ​សរសៃ​ក៏​ពុំ​បាន​ផង។

37 ត្រូវ​និយាយ​ឲ្យ​ទៀង​ទាត់ បើ “មែន” ឲ្យ​ប្រាកដ​ជា “មែន” បើ “ទេ”ឲ្យ​ប្រាកដ​ជា“ទេ”។ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​អ៊ីព្លេស​កំណាច​ទាំង​អស់»។


អំពី​គំនុំ​សង‌សឹក

38 «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្តី​ថ្លែង​ទុក​មក​ថា “ប្រសិន​បើ​គេ​វាយ​ភ្នែក​អ្នក​ម្ខាង ត្រូវ​វាយ​ភ្នែក​គេ​តែ​ម្ខាង​វិញ ប្រសិន​បើ​គេ​វាយ​អ្នក​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​គេ​ឲ្យ​បាក់​ធ្មេញ​តែ​មួយ​ដែរ”។

39 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​កំណាច​ឲ្យ​សោះ បើ​មាន​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ។

40 បើ​មាន​គេ​ប្ដឹង​ចង់​បាន​អាវ​ក្នុង​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។

41 បើ​មាន​គេ​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ពីរ​យោជន៍​ជា​មួយ​គេ​ចុះ។

42 អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក​ដែល​សុំ​ខ្ចី​អ្វីៗ​ពី​អ្នក​ដែរ»។


ត្រូវ​ស្រឡាញ់​ខ្មាំង​សត្រូវ

43 «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា“ចូរ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក”។

44 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូរអា​អុលឡោះ សូម​ទ្រង់​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា​ផង។

45 ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​បុត្រ​របស់​អុលឡោះ​ជា​បិតា​ដែល​នៅ​សូរ៉កា ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ព្រះ‌អាទិត្យ​របស់​ទ្រង់​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ទ្រង់​ប្រទាន​ទឹក​ភ្លៀង​ឲ្យ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។

46 ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​ទទួល​រង្វាន់​អ្វី? សូម្បី​តែ​អ្នក​ទារ​ពន្ធ​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។

47 បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បង​ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ដ​ដូច្នោះ​ដែរ។

48 អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​សូរ៉កា​ទ្រង់​គ្រប់​លក្ខណ៍​យ៉ាង​ណា សុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម