Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទីតុស 2 - ព្រះគម្ពីរខ្មែរសាកល


សេចក្ដីបង្រៀនដ៏ត្រឹមត្រូវ

1 រីឯ​អ្នក​វិញ ចូរ​និយាយ​អ្វីដែល​សមគួរ​នឹង​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ គឺ​:

2 បុរសចំណាស់​ត្រូវ​មានគំនិតមធ្យ័ត គួរឲ្យគោរព ចេះគ្រប់គ្រងចិត្ត ហើយ​មានសុខភាពល្អ​ក្នុង​ជំនឿ ក្នុង​សេចក្ដីស្រឡាញ់ និង​ក្នុង​ការស៊ូទ្រាំ​។

3 ដូចគ្នាដែរ ស្ត្រីចំណាស់​ត្រូវ​មាន​ចរិយា​សមជាមនុស្សវិសុទ្ធ មិន​ចោទប្រកាន់ដោយព្យាបាទ មិន​ធ្វើជាទាសករ​របស់​ស្រា​ដ៏ហូរហៀរ គឺ​ត្រូវ​ធ្វើជាគ្រូបង្រៀនការល្អ​វិញ

4 ដើម្បីឲ្យ​គាត់​អាច​អប់រំ​ស្ត្រី​ក្មេង​ឲ្យ​ស្រឡាញ់ប្ដី ស្រឡាញ់កូន

5 ចេះគ្រប់គ្រងចិត្ត បរិសុទ្ធ ខំធ្វើការងារផ្ទះ មានចិត្តល្អ ចុះចូល​នឹង​ប្ដី​របស់ខ្លួន ដើម្បីកុំឲ្យ​ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​ប្រមាថ​ឡើយ​។

6 ដូចគ្នាដែរ ចូរ​ជំរុញទឹកចិត្ត​បុរស​ក្មេង​ឲ្យ​ចេះគ្រប់គ្រងចិត្ត​។

7 ខ្លួនអ្នក​ត្រូវ​បង្ហាញ​គំរូ​ក្នុង​កិច្ចការ​ដ៏ប្រសើរ​គ្រប់យ៉ាង ហើយ​ក្នុង​ការបង្រៀន ត្រូវ​បង្ហាញ​ភាពទៀងត្រង់ កិរិយាថ្លៃថ្នូរ

8 និង​ពាក្យសម្ដី​ដ៏ត្រឹមត្រូវ​ដែល​ឥតកន្លែងបន្ទោសបាន ដើម្បីឲ្យ​អ្នក​ដែល​ប្រឆាំង​បាន​អៀនខ្មាស ដោយ​គ្មានអ្វី​អាច​និយាយ​អាក្រក់​អំពី​យើង​ឡើយ​។

9 បាវបម្រើ​ត្រូវ​ចុះចូល​នឹង​ចៅហ្វាយ​របស់ខ្លួន​ក្នុង​គ្រប់ការទាំងអស់ ត្រូវ​បំពេញចិត្ត​គាត់ កុំ​ប្រកែកជំទាស់

10 ឬ​លួចបន្លំ​ឡើយ ផ្ទុយទៅវិញ ត្រូវ​សម្ដែង​ភាពស្មោះត្រង់​ដ៏ល្អ​ក្នុង​គ្រប់ជំពូក ដើម្បី​បាន​តុបតែង​សេចក្ដីបង្រៀន​របស់​ព្រះ​ជា​ព្រះសង្គ្រោះ​នៃយើង​ក្នុង​គ្រប់ការទាំងអស់​។

11 តាមពិត ព្រះគុណ​របស់​ព្រះ​ដែល​សង្គ្រោះ​មនុស្ស​គ្រប់គ្នា បាន​លេចមក​ហើយ​។

12 ព្រះគុណនេះ​បង្ហាត់បង្រៀន​យើង​ឲ្យ​រស់នៅ​ក្នុង​សម័យ​បច្ចុប្បន្ននេះ ដោយគ្រប់គ្រងចិត្ត ដោយយុត្តិធម៌ និង​ដោយ​គោរពព្រះ ទាំង​បដិសេធ​ការមិនគោរពព្រះ និង​តណ្ហា​ខាងលោកីយ៍

13 ហើយ​ទន្ទឹងរង់ចាំ​សេចក្ដីសង្ឃឹម​ដ៏មានពរ និង​ការលេចមក​នៃ​សិរីរុងរឿង​របស់​ព្រះ​ដ៏ធំឧត្ដម និង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះសង្គ្រោះ​នៃយើង​។

14 ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។

15 ចូរ​ប្រាប់​សេចក្ដីទាំងនេះ ហើយ​ជំរុញទឹកចិត្ត និង​ស្ដីប្រដៅ​ដោយ​សិទ្ធិអំណាច​យ៉ាងពេញលេញ​។ កុំឲ្យអ្នកណា​មើលងាយ​អ្នក​ឡើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម