១ កូរិនថូស 14 - ព្រះគម្ពីរខ្មែរសាកលការថ្លែងព្រះបន្ទូលគឺជាអំណោយទានដ៏ប្រសើរបំផុត 1 ចូរស្វែងរកសេចក្ដីស្រឡាញ់ ហើយប្រាថ្នាចង់បានអំណោយទានខាងវិញ្ញាណចុះ ជាពិសេសការថ្លែងព្រះបន្ទូល។ 2 ជាការពិត អ្នកដែលនិយាយភាសាដទៃ មិនមែននិយាយទៅកាន់មនុស្សទេ គឺនិយាយទៅកាន់ព្រះវិញ ដ្បិតគ្មានអ្នកណាស្ដាប់យល់ឡើយ; តាមពិត អ្នកនោះនិយាយអាថ៌កំបាំងក្នុងវិញ្ញាណទេ។ 3 ផ្ទុយទៅវិញ អ្នកដែលថ្លែងព្រះបន្ទូល និយាយទៅកាន់មនុស្ស ដើម្បីស្អាងទឹកចិត្ត លើកទឹកចិត្ត និងកម្សាន្តចិត្ត។ 4 អ្នកដែលនិយាយភាសាដទៃ ស្អាងទឹកចិត្តខ្លួនឯង រីឯអ្នកដែលថ្លែងព្រះបន្ទូលវិញ ស្អាងទឹកចិត្តក្រុមជំនុំ។ 5 ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានិយាយភាសាដទៃដែរ ក៏ប៉ុន្តែចង់ឲ្យថ្លែងព្រះបន្ទូលជាជាង ដ្បិតអ្នកដែលថ្លែងព្រះបន្ទូល ប្រសើរជាងអ្នកដែលនិយាយភាសាដទៃ លើកលែងតែអ្នកនោះចេះបកប្រែ ដើម្បីឲ្យក្រុមជំនុំបានទទួលការស្អាងទឹកចិត្ត។ 6 ដូច្នេះ បងប្អូនអើយ ឥឡូវនេះប្រសិនបើខ្ញុំមករកអ្នករាល់គ្នា ហើយនិយាយភាសាដទៃ តើខ្ញុំនឹងផ្ដល់ប្រយោជន៍អ្វីដល់អ្នករាល់គ្នា ប្រសិនបើខ្ញុំមិននិយាយដោយការបើកសម្ដែង ដោយចំណេះដឹង ដោយការថ្លែងព្រះបន្ទូល ឬដោយការបង្រៀន? 7 សូម្បីតែរបស់គ្មានជីវិតដែលបញ្ចេញសំឡេង ដូចជាខ្លុយ ឬពិណ ប្រសិនបើវាមិនបញ្ចេញសំឡេងខុសពីគ្នា តើនឹងដឹងយ៉ាងដូចម្ដេចថា កំពុងផ្លុំ ឬលេងអ្វី? 8 ជាការពិត ប្រសិនបើត្រែបញ្ចេញសំឡេងមិនច្បាស់ តើអ្នកណានឹងត្រៀមខ្លួនទៅច្បាំង? 9 ដូចគ្នាដែរ ប្រសិនបើអ្នករាល់គ្នាប្រើអណ្ដាតពោលពាក្យដែលមិនអាចយល់បាន តើនឹងយល់យ៉ាងដូចម្ដេចថានិយាយអ្វី? ដូច្នេះ អ្នករាល់គ្នាកំពុងនិយាយទៅកាន់ខ្យល់។ 10 ក្នុងពិភពលោក ប្រហែលជាមានភាសាផ្សេងៗជាច្រើន ប៉ុន្តែគ្មានភាសាណាមួយដែលគ្មានន័យឡើយ។ 11 ដូច្នេះ ប្រសិនបើខ្ញុំមិនយល់ន័យរបស់ភាសានោះ ខ្ញុំជាជនបរទេសចំពោះអ្នកដែលនិយាយនោះ ហើយអ្នកដែលនិយាយនោះក៏ជាជនបរទេសចំពោះខ្ញុំដែរ។ 12 អ្នករាល់គ្នាក៏ដូច្នោះដែរ។ ដោយព្រោះអ្នករាល់គ្នាឆេះឆួលចង់បានអំណោយទានខាងវិញ្ញាណ ចូរស្វែងរកការស្អាងទឹកចិត្តក្រុមជំនុំ ឲ្យបានសម្បូរហូរហៀរ។ 13 ដូច្នេះ ចូរឲ្យអ្នកដែលនិយាយភាសាដទៃអធិស្ឋាន ដើម្បីឲ្យចេះបកប្រែដែរ។ 14 ដ្បិតប្រសិនបើខ្ញុំអធិស្ឋានជាភាសាដទៃ វិញ្ញាណរបស់ខ្ញុំក៏អធិស្ឋានមែន ប៉ុន្តែគំនិតរបស់ខ្ញុំមិនបង្កើតផលអ្វីឡើយ។ 15 ដូច្នេះ តើត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយក៏នឹងអធិស្ឋានដោយគំនិតដែរ; ខ្ញុំនឹងច្រៀងសរសើរតម្កើងដោយវិញ្ញាណ ហើយក៏នឹងច្រៀងសរសើរតម្កើងដោយគំនិតដែរ។ 16 បើមិនដូច្នោះទេ ប្រសិនបើអ្នករាល់គ្នាអរព្រះគុណដោយវិញ្ញាណ តើអ្នកដែលនៅទីនោះដែលមិនយល់ អាចនិយាយថា “អាម៉ែន” ចំពោះការអរព្រះគុណរបស់អ្នកយ៉ាងដូចម្ដេចបាន? ព្រោះថាគាត់មិនយល់អ្វីដែលអ្នកនិយាយផង! 17 ដ្បិតការដែលអ្នកអរព្រះគុណព្រះ ល្អមែនហើយ ប៉ុន្តែអ្នកដទៃមិនត្រូវបានស្អាងទឹកចិត្តទេ។ 18 ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំចេះនិយាយភាសាដទៃច្រើនជាងអ្នកទាំងអស់គ្នា 19 ប៉ុន្តែនៅក្នុងក្រុមជំនុំ ខ្ញុំសុខចិត្តនិយាយប្រាំម៉ាត់ដោយគំនិតរបស់ខ្ញុំ ដើម្បីបង្រៀនអ្នកដទៃ ជាជាងនិយាយមួយម៉ឺនម៉ាត់ជាភាសាដទៃ។ 20 បងប្អូនអើយ កុំធ្វើជាកូនក្មេងក្នុងការយល់ដឹងឡើយ គឺក្នុងការអាក្រក់ ចូរធ្វើជាកូនក្មេង ហើយក្នុងការយល់ដឹង ចូរធ្វើជាមនុស្សពេញវ័យចុះ។ 21 នៅក្នុងក្រឹត្យវិន័យ មានសរសេរទុកមកថា: “ព្រះអម្ចាស់មានបន្ទូលថា: ‘យើងនឹងនិយាយទៅកាន់ប្រជាជននេះដោយភាសាបរទេស និងដោយបបូរមាត់របស់អ្នកដទៃ ទោះបីជាដូច្នេះក៏ដោយ ក៏ពួកគេមិនស្ដាប់យើងដែរ’”។ 22 ដូច្នេះ ភាសាដទៃមិនមែនជាទីសម្គាល់សម្រាប់អ្នកជឿទេ គឺសម្រាប់អ្នកមិនជឿវិញ រីឯការថ្លែងព្រះបន្ទូលមិនមែនជាទីសម្គាល់សម្រាប់អ្នកមិនជឿទេ គឺសម្រាប់អ្នកជឿវិញ។ 23 ដូច្នេះ ប្រសិនបើក្រុមជំនុំទាំងមូលមកជួបជុំជាមួយគ្នា ហើយទាំងអស់គ្នាកំពុងនិយាយភាសាដទៃ រួចមានអ្នកមិនយល់ ឬអ្នកមិនជឿចូលមក តើពួកគេនឹងមិននិយាយថាអ្នករាល់គ្នាឆ្កួតទេឬ? 24 ផ្ទុយទៅវិញ ប្រសិនបើទាំងអស់គ្នាកំពុងថ្លែងព្រះបន្ទូល រួចមានអ្នកមិនជឿ ឬអ្នកមិនយល់ចូលមក នោះគាត់នឹងត្រូវទាំងអស់គ្នាធ្វើឲ្យដឹងកំហុស និងត្រូវទាំងអស់គ្នាវិនិច្ឆ័យ 25 ហើយការសម្ងាត់ក្នុងចិត្តគាត់ក៏ជាក់ច្បាស់ ដូច្នេះ គាត់នឹងថ្វាយបង្គំព្រះដោយក្រាបមុខដល់ដី រួចប្រកាសថា៖ “ព្រះ ពិតជាគង់នៅក្នុងចំណោមអ្នករាល់គ្នាមែន!”។ សណ្ដាប់ធ្នាប់ក្នុងការជួបជុំគ្នា 26 បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច? កាលណាអ្នករាល់គ្នាមកជួបជុំគ្នា ម្នាក់ៗមានទំនុកតម្កើង មានការបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ; ចូរធ្វើការទាំងអស់ដើម្បីស្អាងទឹកចិត្ត។ 27 ប្រសិនបើអ្នកណានិយាយភាសាដទៃ ត្រូវនិយាយតែពីរនាក់ប៉ុណ្ណោះ ឬយ៉ាងច្រើនបំផុតបីនាក់ ហើយឲ្យនិយាយម្នាក់ម្ដងៗ រួចឲ្យម្នាក់បកប្រែ។ 28 ប្រសិនបើគ្មានអ្នកបកប្រែ អ្នកនោះត្រូវនៅស្ងៀមក្នុងក្រុមជំនុំ ហើយនិយាយទៅកាន់ខ្លួនឯង និងព្រះ។ 29 ចូរឲ្យអ្នកថ្លែងព្រះបន្ទូលពីរ ឬបីនាក់និយាយ ហើយឲ្យអ្នកឯទៀតពិចារណា។ 30 ប្រសិនបើមានសេចក្ដីអ្វីមួយត្រូវបានបើកសម្ដែងដល់អ្នកផ្សេងដែលនៅអង្គុយ ចូរឲ្យអ្នកនិយាយមុនស្ងៀមស្ងាត់ទៅ។ 31 ដ្បិតអ្នកទាំងអស់គ្នាអាចថ្លែងព្រះបន្ទូលបានម្នាក់ម្ដងៗ ដើម្បីឲ្យទាំងអស់គ្នាបានរៀន និងទទួលការលើកទឹកចិត្ត។ 32 វិញ្ញាណរបស់ព្យាការី តែងតែចុះចូលនឹងព្យាការី 33 ដ្បិតព្រះមិនមែនជាព្រះនៃភាពច្របូកច្របល់ទេ គឺជាព្រះនៃសន្តិភាពវិញ។ ដូចក្នុងក្រុមជំនុំទាំងអស់របស់វិសុទ្ធជន 34 មនុស្សស្រីត្រូវតែនៅស្ងៀមក្នុងក្រុមជំនុំ ពីព្រោះមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយ ផ្ទុយទៅវិញ ពួកនាងត្រូវចុះចូល ដូចដែលមានចែងក្នុងក្រឹត្យវិន័យដែរ។ 35 ប្រសិនបើពួកនាងចង់រៀនពីអ្វីមួយ ចូរសួរប្ដីរបស់ខ្លួននៅផ្ទះចុះ ដ្បិតការដែលមនុស្សស្រីនិយាយនៅក្នុងក្រុមជំនុំ ជាការគួរឲ្យខ្មាសហើយ។ 36 តើព្រះបន្ទូលរបស់ព្រះចេញមកពីអ្នករាល់គ្នាឬ? តើព្រះបន្ទូលបានទៅដល់តែអ្នករាល់គ្នាប៉ុណ្ណោះឬ? 37 ប្រសិនបើអ្នកណាគិតថា ខ្លួនឯងជាអ្នកថ្លែងព្រះបន្ទូល ឬជាមនុស្សខាងវិញ្ញាណ អ្នកនោះត្រូវទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ជាសេចក្ដីបង្គាប់របស់ព្រះអម្ចាស់។ 38 ប៉ុន្តែប្រសិនបើអ្នកណាមិនទទួលស្គាល់សេចក្ដីនេះទេ អ្នកនោះក៏មិនត្រូវបានទទួលស្គាល់ដែរ។ 39 បងប្អូនរបស់ខ្ញុំអើយ ដូច្នេះ ចូរប្រាថ្នាចង់បានការថ្លែងព្រះបន្ទូល ហើយកុំហាមការនិយាយភាសាដទៃឡើយ។ 40 យ៉ាងណាមិញ ការទាំងអស់ត្រូវតែធ្វើយ៉ាងត្រឹមត្រូវ និងដោយមានសណ្ដាប់ធ្នាប់៕ |