Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

កាឡាទី 1 - ព្រះគម្ពីរខ្មែរសាកល


ពាក្យជម្រាបសួរ

1 ពី​ខ្ញុំ ប៉ូល សាវ័ក​ដែល​មិនមែន​មកពី​មនុស្ស ឬ​តាមរយៈ​មនុស្ស គឺ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះដែលជាព្រះបិតា​ដែល​បាន​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។

2 ពី​ខ្ញុំ និង​បងប្អូន​ទាំងអស់គ្នា​ដែល​នៅ​ជាមួយ​ខ្ញុំ ជូនចំពោះ​ក្រុមជំនុំ​នៅ​កាឡាទី​។

3 សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​!

4 ព្រះគ្រីស្ទ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​បាប​របស់យើង ដើម្បី​រំដោះ​យើង​ពី​លោកីយ៍​ដ៏អាក្រក់​នា​បច្ចុប្បន្ននេះ ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះដែលជាព្រះបិតា​របស់យើង​។

5 សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


គ្មានដំណឹងល្អផ្សេងទៀត

6 ខ្ញុំ​ភ្ញាក់ផ្អើល ដែល​អ្នករាល់គ្នា​បែរចេញ​ឆាប់​យ៉ាងនេះ ពី​ព្រះអង្គ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ក្នុង​ព្រះគុណ​របស់​ព្រះ​គ្រីស្ទ ហើយ​ទៅតាម​ដំណឹងល្អ​ផ្សេងទៀត​វិញ​។

7 តាមពិត វា​មិនមែន​ជា​ដំណឹងល្អ​ផ្សេងទៀត​ទេ គឺ​គ្រាន់តែ​មាន​អ្នកខ្លះ​ធ្វើឲ្យ​អ្នករាល់គ្នា​វិលវល់ ហើយ​ចង់​បំប្លែង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​។

8 ប៉ុន្តែ​ទោះបីជា​យើង​ក្ដី ឬ​ទូតសួគ៌​ពី​ស្ថានសួគ៌​ក្ដី ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា ខុសពី​ដំណឹងល្អ​ដែល​យើង​បាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា សូម​ឲ្យ​អ្នកនោះ​ត្រូវ​បណ្ដាសា​។

9 ដូចដែល​យើង​បាន​និយាយទុកមុន ឥឡូវនេះ​ខ្ញុំ​សូម​និយាយ​ម្ដងទៀត​ថា ប្រសិនបើ​អ្នកណា​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា ខុសពី​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល សូម​ឲ្យ​អ្នកនោះ​ត្រូវ​បណ្ដាសា​។

10 ឥឡូវនេះ តើ​ខ្ញុំ​រកការទុកចិត្ត​ពី​មនុស្ស ឬ​ពី​ព្រះ​? តើ​ខ្ញុំ​កំពុង​ព្យាយាម​បំពេញចិត្ត​មនុស្ស​ឬ​? ប្រសិនបើ​ខ្ញុំ​នៅតែ​ព្យាយាម​បំពេញចិត្ត​មនុស្ស នោះ​ខ្ញុំ​មិនមែន​ជា​បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។


ប៉ូលការពារមុខងារជាសាវ័ករបស់ខ្លួន

11 បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា ដំណឹងល្អ​ដែល​ខ្ញុំ​ផ្សព្វផ្សាយ​នេះ គឺ​មិនមែន​ចេញពី​មនុស្ស​ទេ

12 ពីព្រោះ​ខ្ញុំ​មិន​បាន​ទទួល​ដំណឹងល្អនេះ​ពី​មនុស្ស​ឡើយ ហើយក៏មិន​ត្រូវគេ​បង្រៀន​ដែរ គឺ​បាន​ទទួល​ដំណឹងល្អនេះ​តាមរយៈ​ការបើកសម្ដែង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​វិញ​។

13 អ្នករាល់គ្នា​បាន​ឮ​ហើយ អំពី​កិរិយា​របស់ខ្ញុំ​កាល​ខ្ញុំ​នៅក្នុង​សាសនាយូដា ថា​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះ​យ៉ាងកាចសាហាវ ថែមទាំង​បំផ្លាញ​ក្រុមជំនុំ​ទៀតផង​។

14 ខ្ញុំ​បាន​ចម្រើនឡើង​ក្នុង​សាសនាយូដា លើសជាង​អ្នកវ័យស្រករ​ខ្ញុំ​ជាច្រើន​ក្នុងចំណោម​ជនរួមជាតិ​របស់ខ្ញុំ ហើយ​ជា​អ្នកស៊ប់​យ៉ាងលើសលប់​ចំពោះ​ទំនៀមទម្លាប់​ដូនតា​របស់ខ្ញុំ​។

15 យ៉ាងណាមិញ ព្រះ​ដែល​ញែក​ខ្ញុំ​ទុក​តាំងពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រមទាំង​ត្រាស់ហៅ​ខ្ញុំ​ដោយ​ព្រះគុណ​របស់​ព្រះអង្គ គឺ​នៅពេល​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ

16 បើកសម្ដែង​ព្រះបុត្រា​របស់​ព្រះអង្គ​នៅក្នុង​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​បាន​ប្រកាស​ព្រះអង្គ​នៅក្នុងចំណោម​សាសន៍ដទៃ នោះ​ខ្ញុំ​មិន​បាន​ប្រឹក្សា​ភ្លាម​ជាមួយ​មនុស្ស​ឡើយ

17 ហើយក៏មិន​បាន​ឡើង​ទៅ​យេរូសាឡិម ទៅ​ជួប​ពួក​អ្នក​ដែល​ជា​សាវ័ក​មុន​ខ្ញុំ​ដែរ ផ្ទុយទៅវិញ ខ្ញុំ​បាន​ចេញទៅ​អារ៉ាប៊ី រួច​ត្រឡប់មក​ដាម៉ាស់​វិញ​។

18 លុះ​បី​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឡើង​ទៅ​យេរូសាឡិម​ដើម្បី​ជួប​កេផាស ហើយ​ស្នាក់នៅ​ជាមួយ​គាត់​ដប់ប្រាំ​ថ្ងៃ​។

19 ប៉ុន្តែ​ខ្ញុំ​មិន​បាន​ជួប​សាវ័ក​ឯទៀត​ទេ លើកលែងតែ​យ៉ាកុប​ប្អូនប្រុស​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ​។

20 សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​នេះ ខ្ញុំ​មិន​ភូតភរ​ទេ មើល៍! នៅចំពោះ​ព្រះ​ហើយ​។

21 បន្ទាប់មក ខ្ញុំ​បាន​ធ្វើដំណើរ​ទៅ​តំបន់​ស៊ីរី និង​គីលីគា​។

22 កាលនោះ ក្រុមជំនុំ​ក្នុង​ព្រះ​គ្រីស្ទ​នៅ​យូឌា មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ឡើយ

23 ពួកគេ​គ្រាន់តែ​ឮ​ថា​៖ “ម្នាក់​ដែល​បៀតបៀន​យើង​ពីមុន ឥឡូវនេះ​ផ្សព្វផ្សាយ​អំពី​ជំនឿ​ដែល​គាត់​ព្យាយាម​បំផ្លាញ​កាលពីដើម​នោះ​វិញ”

24 ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយព្រោះ​ខ្ញុំ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម