ទំនុកតម្កើង 62:1 - ព្រះគម្ពីរខ្មែរសាកល ព្រលឹងរបស់ខ្ញុំមានភាពស្ងៀមស្ងាត់នៅក្នុងតែព្រះប៉ុណ្ណោះ សេចក្ដីសង្គ្រោះរបស់ខ្ញុំមកពីព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ ដោយស្ងៀមស្ងាត់ ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែនៅក្បែរព្រះជាម្ចាស់ទេ ដែលចិត្តខ្ញុំបានស្ងប់ ព្រោះព្រះអង្គសង្គ្រោះខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយ ដោយស្ងៀមស្ងាត់ សេចក្ដីសង្គ្រោះរបស់ខ្ញុំក៏មកតែពីទ្រង់ដែរ អាល់គីតាប មានតែនៅក្បែរអុលឡោះទេ ដែលចិត្តខ្ញុំបានស្ងប់ ព្រោះទ្រង់សង្គ្រោះខ្ញុំ។ |
មើល៍! ដូចដែលភ្នែករបស់បាវបម្រើរំពឹងមើលទៅដៃចៅហ្វាយរបស់ខ្លួន ហើយដូចដែលភ្នែករបស់បាវបម្រើស្រីរំពឹងមើលទៅដៃចៅហ្វាយស្រីរបស់ខ្លួនយ៉ាងណា ភ្នែករបស់យើងក៏រំពឹងមើលទៅព្រះយេហូវ៉ាដ៏ជាព្រះរបស់យើងយ៉ាងនោះដែរ រហូតដល់ព្រះអង្គមេត្តាដល់យើង។
សូមនាំទូលបង្គំឲ្យដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ ហើយបង្រៀនទូលបង្គំផង ដ្បិតព្រះអង្គជាព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ; ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គវាល់ព្រឹកវាល់ល្ងាច។
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា! ចូរមានកម្លាំង ហើយឲ្យចិត្តរបស់អ្នកក្លាហានឡើង! ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា!៕
ចំណែកឯការរួចជីវិតរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាបន្ទាយរបស់ពួកគេ ក្នុងពេលមានទុក្ខវេទនា។
ចូរនៅស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអត់ធ្មត់ចុះ កុំរសាប់រសល់ព្រោះតែអ្នកដែលចម្រើនឡើងក្នុងផ្លូវរបស់ខ្លួនឡើយ ក៏កុំរសាប់រសល់ព្រោះតែមនុស្សដែលអនុវត្តកលល្បិចដែរ។
ខ្ញុំនិយាយថា៖ “ខ្ញុំនឹងរក្សាផ្លូវរបស់ខ្ញុំពីការប្រព្រឹត្តបាបដោយអណ្ដាតខ្ញុំ ខ្ញុំនឹងរក្សាមាត់របស់ខ្ញុំដោយប្រដាប់ឃ្លុំ ដរាបណាមនុស្សអាក្រក់នៅមុខខ្ញុំ”។
ខ្ញុំបានទន្ទឹងរង់ចាំព្រះយេហូវ៉ាដោយអត់ធ្មត់ នោះព្រះអង្គក៏បែរមករកខ្ញុំ ហើយសណ្ដាប់សម្រែករបស់ខ្ញុំ។
មានតែព្រះអង្គប៉ុណ្ណោះជាថ្មដា ជាសេចក្ដីសង្គ្រោះ និងជាទីពឹងជ្រករបស់ខ្ញុំ ខ្ញុំនឹងមិនរង្គើជាខ្លាំងឡើយ។
សំឡេងរបស់ខ្ញុំឆ្ពោះទៅព្រះ គឺខ្ញុំបានស្រែកឡើង សំឡេងរបស់ខ្ញុំឆ្ពោះទៅព្រះ នោះព្រះអង្គបានផ្ទៀងព្រះកាណ៌នឹងខ្ញុំ។
មើល៍! ព្រះជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តលើព្រះអង្គ ហើយមិនភ័យខ្លាចឡើយ ដ្បិតព្រះអម្ចាស់ គឺព្រះយេហូវ៉ា ជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ”។
ទោះបីជាយ៉ាងនោះក៏ដោយ ក៏ព្រះយេហូវ៉ាទ្រង់រង់ចាំដើម្បីមេត្តាដល់អ្នករាល់គ្នា។ ដោយហេតុនេះ ព្រះអង្គទ្រង់ក្រោកឡើងដើម្បីអាណិតមេត្តាដល់អ្នករាល់គ្នា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃសេចក្ដីយុត្តិធម៌។ មានពរហើយ អស់អ្នកដែលរង់ចាំព្រះអង្គ!
ប៉ុន្តែអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ា នឹងមានកម្លាំងជាថ្មី; ពួកគេនឹងហើរឡើងដោយស្លាបដូចឥន្ទ្រី ពួកគេនឹងរត់ទៅដោយមិនចេះហត់ ហើយដើរទៅដោយមិនចេះល្វើយ៕
ដូច្នេះ បងប្អូនអើយ ចូរអត់ធ្មត់រហូតដល់ការយាងមកវិញរបស់ព្រះអម្ចាស់ចុះ។ មើល៍! កសិកររង់ចាំភោគផលដ៏មានតម្លៃពីដី គឺអត់ធ្មត់សម្រាប់វារហូតដល់ភោគផលនោះបានទទួលភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ។