Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 65 - ព្រះគម្ពីរខ្មែរសាកល


ព្រះមើលថែផែនដី
ចម្រៀង​មួយ ជា​បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 ឱ​ព្រះ​អើយ ការសរសើរតម្កើង​រង់ចាំ​ព្រះអង្គ​នៅ​ស៊ីយ៉ូន ហើយ​គេ​នឹង​លាបំណន់​ដល់​ព្រះអង្គ​។

2 ព្រះអង្គដែល​សណ្ដាប់​សេចក្ដីអធិស្ឋាន​អើយ គ្រប់ទាំង​សាច់​នឹង​មករក​ព្រះអង្គ​!

3 អំពើទុច្ចរិត​បាន​ឈ្នះ​ទូលបង្គំ​; ចំពោះ​ការបំពាន​របស់យើងខ្ញុំ ព្រះអង្គ​នឹង​លុបលាង​វា​ចេញ​។

4 មានពរ​ហើយ អ្នកដែល​ព្រះអង្គ​ជ្រើសរើស ហើយ​នាំមកជិត ដើម្បីឲ្យ​គេ​រស់នៅ​ទីធ្លា​របស់ព្រះអង្គ​! យើងខ្ញុំ​នឹង​ស្កប់ចិត្ត​ដោយ​សេចក្ដីល្អ​នៃ​ដំណាក់​របស់ព្រះអង្គ ជាភាព​វិសុទ្ធ​នៃ​ព្រះវិហារ​របស់ព្រះអង្គ​។

5 ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ ព្រះអង្គ​ទ្រង់​ឆ្លើយ​នឹង​យើងខ្ញុំ​ដោយ​ការដ៏​គួរឲ្យស្ញែងខ្លាច ក្នុង​សេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គជា​សេចក្ដីសង្ឃឹម​ដល់​អស់ទាំង​ចុងបំផុត​នៃ​ផែនដី និង​សមុទ្រដ៏ឆ្ងាយបំផុត​!

6 ព្រះអង្គ​តាំង​ភ្នំ​នានា​ឡើង​ដោយ​ឫទ្ធិអំណាច​របស់ព្រះអង្គ ក៏​ក្រវាត់​អង្គទ្រង់​ដោយ​ព្រះចេស្ដា​។

7 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​សូរសន្ធឹក​របស់​សមុទ្រ សូរសន្ធឹក​របស់​រលក និង​ចលាចល​របស់​ជាតិសាសន៍​នានា​បាន​ស្ងប់​។

8 ដូច្នេះ អ្នកដែល​រស់នៅ​ចុងបំផុតនៃផែនដី​នឹង​កោតខ្លាច​ដោយសារតែ​ទីសម្គាល់​របស់ព្រះអង្គ​; ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​តំបន់ថ្ងៃរះ និងថ្ងៃលិច​ស្រែកហ៊ោសប្បាយ​។

9 ព្រះអង្គ​មើលថែ​ផែនដី ហើយ​ស្រោចស្រព​វា ក៏​ធ្វើឲ្យ​វា​មានជីជាតិ​យ៉ាងសម្បូរហូររហៀរ​; ទន្លេ​របស់​ព្រះ​ពេញ​ដោយ​ទឹក​។ ព្រះអង្គ​រៀបចំ​ឲ្យមាន​ស្រូវ​សម្រាប់​មនុស្ស ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ផែនដី​យ៉ាងដូច្នេះ​។

10 ព្រះអង្គ​ផ្សើម​គន្លងនង្គ័ល​របស់វា ហើយ​ពង្រាប​អាចម៍បំណះ​របស់វា ទាំង​ធ្វើឲ្យ​វា​ទន់​ដោយ​ទឹកភ្លៀង ក៏​ប្រទានពរ​ដល់​ការលូតលាស់​របស់វា​។

11 ព្រះអង្គ​យក​សេចក្ដីល្អ​របស់ព្រះអង្គ​បំពាក់ជាមកុដ​លើ​ឆ្នាំអាយុ ហើយ​គន្លង​របស់ព្រះអង្គ​ស្រក់​ដោយ​សេចក្ដីបរិបូរ

12 គឺ​ស្រក់​ទៅលើ​វាលស្មៅ​ក្នុង​ទីរហោស្ថាន ទីទួល​នានា​ក៏​ក្រវាត់​ខ្លួន​ដោយ​សេចក្ដីត្រេកអរ​ដែរ​;

13 វាលស្មៅ​ត្រូវបាន​ដណ្ដប់​ដោយ​ហ្វូងចៀម ហើយ​ជ្រលងភ្នំ​ត្រូវបាន​គ្រប​ដោយ​ស្រូវ​។ ពួកវា​ស្រែកហ៊ោសប្បាយ ក៏​ច្រៀង​ផងដែរ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម