Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 62 - ព្រះគម្ពីរខ្មែរសាកល


ទុកចិត្តលើតែព្រះប៉ុណ្ណោះ
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​តាម​ទំនុកភ្លេង​យេឌូថិន​។

1 ព្រលឹង​របស់ខ្ញុំ​មាន​ភាពស្ងៀមស្ងាត់​នៅក្នុង​តែ​ព្រះ​ប៉ុណ្ណោះ សេចក្ដីសង្គ្រោះ​របស់ខ្ញុំ​មកពី​ព្រះអង្គ​។

2 មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ថ្មដា ជា​សេចក្ដីសង្គ្រោះ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ ខ្ញុំ​នឹង​មិន​រង្គើ​ជាខ្លាំង​ឡើយ​។

3 តើ​អ្នកទាំងអស់គ្នា​វាយប្រហារ​ទៅលើ​មនុស្ស​ម្នាក់ ទាំង​ចង់​សម្លាប់​គេ ដូច​កំពែង​ដែល​ទ្រេត ដូច​របង​ដែល​ចង់​រលំ ដល់ពេលណា​ទៀត​?

4 ពួកគេ​ពិគ្រោះគ្នា គ្រាន់តែ​ដើម្បី​បណ្ដេញ​អ្នកនោះ​ចេញ​ពី​តំណែងខ្ពស់​ប៉ុណ្ណោះ​; ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីភូតភរ​; ពួកគេ​ឲ្យពរ​ដោយ​មាត់​របស់ខ្លួន ប៉ុន្តែ​នៅក្នុង​ចិត្ត ពួកគេ​ដាក់បណ្ដាសា​វិញ​។ សេឡា

5 ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​រង់ចាំដោយស្ងៀមស្ងាត់​ចំពោះ​តែ​ព្រះ​ប៉ុណ្ណោះ ដ្បិត​សេចក្ដីសង្ឃឹម​របស់ខ្ញុំ​មកពី​ព្រះអង្គ​។

6 មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ថ្មដា ជា​សេចក្ដីសង្គ្រោះ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ ខ្ញុំ​នឹង​មិន​រង្គើ​ឡើយ​។

7 សេចក្ដីសង្គ្រោះ និង​សិរីរុងរឿង​របស់ខ្ញុំ ស្ថិត​នៅលើ​ព្រះ​; ថ្មដា​នៃ​កម្លាំង​របស់ខ្ញុំ និង​ជម្រក​របស់ខ្ញុំ គឺ​នៅក្នុង​ព្រះ​។

8 ប្រជាជន​អើយ ចូរ​ជឿទុកចិត្តលើ​ព្រះអង្គ​គ្រប់ពេលវេលា ចូរ​បង្ហូរ​ចិត្ត​របស់អ្នករាល់គ្នា​ចេញ​នៅចំពោះ​ព្រះអង្គ​ចុះ គឺ​ព្រះ​ហើយ ជា​ជម្រក​ដល់​យើង​! សេឡា

9 អ្នកតូច​គ្រាន់តែ​ជា​សេចក្ដីឥតន័យ ហើយ​អ្នកធំ​គ្រាន់តែ​ជា​សេចក្ដីឥតខ្លឹមសារ​ប៉ុណ្ណោះ​; នៅលើ​ត្រាជូ ពួកគេ​ស្រាល​ជាង​ចំហាយ​ដូចៗគ្នា​។

10 កុំ​ទុកចិត្តលើ​ការសង្កត់សង្កិន​ឡើយ ក៏​កុំ​សង្ឃឹមដោយឥតប្រយោជន៍​លើ​ការលួចប្លន់​ដែរ​; ទោះបីជា​ទ្រព្យសម្បត្តិ​កើនឡើង​ក៏ដោយ ក៏​កុំ​ផ្ចង់ចិត្ត​លើវា​ឡើយ​។

11 ព្រះ​បាន​មានបន្ទូល​ម្ដង​; ខ្ញុំ​បាន​ឮ​សេចក្ដីនេះ​ពីរ​ដង​ហើយ​ថា ព្រះចេស្ដា​ជារបស់​ព្រះ​!

12 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ក៏​ជារបស់​ព្រះអង្គ​ដែរ ដ្បិត​ព្រះអង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​វិញ តាម​អំពើ​របស់គេរៀងៗខ្លួន​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម