អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
លោកុប្បត្តិ 26:3 - អាល់គីតាប ចូរស្នាក់នៅក្នុងស្រុកនេះហើយ។ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីនេះឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នក។ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយអ៊ីព្រហ៊ីម ជាឪពុករបស់អ្នក។ ព្រះគម្ពីរខ្មែរសាកល ចូររស់នៅបណ្ដោះអាសន្នក្នុងទឹកដីនេះ ហើយយើងនឹងនៅជាមួយអ្នក ព្រមទាំងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីទាំងអស់នេះទៅអ្នក និងពូជពង្សរបស់អ្នក; យើងនឹងបញ្ជាក់សម្បថដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរស្នាក់នៅក្នុងស្រុកនេះហើយ យើងនឹងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងប្រគល់ស្រុកទាំងនេះដល់អ្នក និងពូជពង្សរបស់អ្នក ហើយយើងនឹងសម្រេចតាមពាក្យសម្បថ ដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្នាក់នៅក្នុងស្រុកនេះហើយ។ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីនេះឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នក។ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយអប្រាហាំ ជាឪពុករបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសំណាក់នៅក្នុងស្រុកនេះចុះ នោះអញនឹងនៅជាមួយនឹងឯង ព្រមទាំងឲ្យពរផង អញនឹងឲ្យស្រុកទាំងនេះដល់ឯងនឹងពូជឯង ហើយអញនឹងសំរេចតាមសេចក្ដីសម្បថ ដែលអញបានស្បថនឹងអ័ប្រាហាំឪពុកឯង |
អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូល ដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នករហូតតទៅ។
នៅថ្ងៃនោះ អុលឡោះតាអាឡាបានចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត
ប៉ុន្តែ អុលឡោះមានបន្ទូលថា៖ «ទេ គឺសារ៉ាជាភរិយារបស់អ្នក នឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន! អ្នកត្រូវដាក់ឈ្មោះកូននោះថា“អ៊ីសាហាក់”។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ និងពូជពង្ស ដែលកើតមកតាមក្រោយ ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាបតទៅ។
យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាម្ចាស់របស់ពូជពង្សអ្នក»។
អ៊ីព្រហ៊ីមចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ណេកិប។ គាត់បានតាំងទីលំនៅ នៅចន្លោះក្រុងកាដែស និងក្រុងស៊ើរ បន្ទាប់មក គាត់បានទៅនៅក្រុងកេរ៉ា។
ក្រោយអ៊ីព្រហ៊ីមស្លាប់ផុតទៅ អុលឡោះក៏បានប្រទានពរឲ្យអ៊ីសាហាក់ កូនប្រុសរបស់គាត់ ដែលរស់នៅក្បែរអណ្តូងទឹកឡាហាយ-រយ។
អ៊ីសាហាក់សាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតអុលឡោះតាអាឡាប្រទានពរឲ្យគាត់។
គាត់មានហ្វូងចៀម និងហ្វូងគោ ព្រមទាំងមានអ្នកបម្រើជាច្រើនផង។ ដូច្នេះ ជនជាតិភីលីស្ទីនមានចិត្តច្រណែននឹងគាត់
នៅពេលយប់ អុលឡោះតាអាឡាមកជួបគាត់ មានបន្ទូលថា៖ «យើងជាម្ចាស់របស់អ៊ីព្រហ៊ីមឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អ៊ីព្រហ៊ីមជាអ្នកបម្រើរបស់យើង»។
ពេលនោះ អុលឡោះតាអាឡានៅក្បែរគាត់មានបន្ទូលថា៖ «យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ជីតាអ្នក ហើយក៏ជាម្ចាស់របស់អ៊ីសាហាក់ដែរ។ យើងនឹងប្រគល់ទឹកដី ដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់ តាមពាក្យដែលយើងសន្យានេះ»។
អុលឡោះតាអាឡាក៏មានបន្ទូលមកយ៉ាកកូបថា៖ «ចូរវិលទៅស្រុកដូនតារបស់អ្នក ទៅរកញាតិសន្តានរបស់អ្នកវិញទៅ យើងនឹងនៅជាមួយអ្នក»។
រីឯស្រុកដែលយើងបានប្រគល់ឲ្យ អ៊ីព្រហ៊ីម និងអ៊ីសាហាក់នោះ យើងក៏នឹងប្រគល់ឲ្យអ្នក និងពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ»។
អុលឡោះតាអាឡានៅជាមួយយូសុះ ការអ្វីដែលគាត់ធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ គាត់រស់នៅក្នុងផ្ទះម្ចាស់របស់គាត់ ដែលជាជនជាតិអេស៊ីបនោះ។
អុលឡោះតាអាឡានៅជាមួយយូសុះ ហើយសំដែងចិត្តសប្បុរសចំពោះគាត់ គឺធ្វើឲ្យនាយកពន្ធនាគារមានចិត្តសន្តោសដល់គាត់។
អ៊ីស្រអែលនិយាយទៅយូសុះថា៖ «មើល៍ ពុកជិតលាចាកលោកនេះហើយ! ប៉ុន្តែ អុលឡោះនៅជាមួយកូនៗទាំងអស់គ្នា ទ្រង់ក៏នឹងនាំកូនៗវិលត្រឡប់ទៅស្រុករបស់ដូនតាកូនវិញដែរ។
យូសុះប្រាប់ទៅបងៗរបស់គាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ អុលឡោះនឹងមកជួយអ្នករាល់គ្នាពុំខាន ហើយទ្រង់នឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលទ្រង់សន្យា ថានឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប»។
គឺសម្ពន្ធមេត្រីដែលទ្រង់បានចងជាមួយ អ៊ីព្រហ៊ីម ព្រមទាំងបន្ទូលដែលទ្រង់បានសន្យា ជាមួយអ៊ីសាហាក់។
ទ្រង់តែងតែនឹកដល់សម្ពន្ធមេត្រី របស់ទ្រង់ជានិច្ច គឺជាបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ
ទ្រង់នឹកដល់សម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយអ៊ីព្រហ៊ីម ព្រមទាំងបន្ទូលដែលទ្រង់បានសន្យា ជាមួយអ៊ីសាហាក់
អុលឡោះតាអាឡាមានបន្ទូលថា «យើងនឹងប្រៀនប្រដៅណែនាំអ្នក ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយឲ្យយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។
ឱអុលឡោះតាអាឡាអើយ សូមស្តាប់ពាក្យសូមអង្វររបស់ខ្ញុំ សូមស្តាប់សំរែករបស់ខ្ញុំផង សូមកុំព្រងើយកន្តើយនឹងទំនួញ យំសោករបស់ខ្ញុំឡើយ ដ្បិតខ្ញុំគ្រាន់តែស្នាក់នៅ ជាបណ្តោះអាសន្នជាមួយទ្រង់ ដូចបុព្វបុរសរបស់ខ្ញុំប៉ុណ្ណោះ។
អុលឡោះឮសំរែកថ្ងូររបស់ពួកគេ។ ទ្រង់នឹកដល់សម្ពន្ធមេត្រីដែលទ្រង់ចងជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។
អុលឡោះមានបន្ទូលថា៖ «យើងនៅជាមួយអ្នកហើយ! កាលណាអ្នកនាំជនជាតិអ៊ីស្រអែលចេញផុតពីស្រុកអេស៊ីប អ្នករាល់គ្នាត្រូវមកគោរពបម្រើយើងនៅលើភ្នំនេះ ដែលជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។
យើងបានចងសម្ពន្ធមេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាម្ចាស់របស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។
បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិក ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ហើយយើងឲ្យស្រុកនោះ ដល់អ្នករាល់គ្នាជាមត៌ក យើងជាអុលឡោះតាអាឡា!»។
ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ
កុំភ័យខ្លាចអ្វី! យើងនៅជាមួយអ្នក យើងនឹងនាំកូនចៅរបស់អ្នកពីស្រុកខាងកើត ឲ្យវិលត្រឡប់មកវិញ ហើយប្រមូលពូជពង្សរបស់អ្នក ពីស្រុកខាងលិច ឲ្យវិលមកវិញដែរ។
ទ្រង់នឹងសំដែងចិត្តស្មោះស្ម័គ្រ ដល់កូនចៅរបស់យ៉ាកកូប ហើយសំដែងចិត្តមេត្តាករុណា ដល់កូនចៅរបស់អ៊ីព្រហ៊ីម ដូចទ្រង់បានសន្យាជាមួយបុព្វបុរស របស់យើងខ្ញុំកាលពីជំនាន់ដើម។
អុលឡោះមិនមែនដូចមនុស្សលោកទេ ទ្រង់មិនចេះកុហកឡើយ ទ្រង់ក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់អាដាមដែរ! ទ្រង់មានបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ទ្រង់តែងតែសម្រេចតាមពាក្យ ដែលទ្រង់បានថ្លែង។
មើលចុះ! យើងប្រគល់ស្រុកឲ្យអ្នករាល់គ្នាហើយ គឺស្រុកដែលយើងជាអុលឡោះតាអាឡាបានសន្យាប្រគល់ឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងពូជពង្សដែលកើតមកតាមក្រោយ។ ដូច្នេះ ចូរនាំគ្នាចូលទៅកាន់កាប់ស្រុកនោះទៅ”។
អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «នេះជាស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ចំពោះអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបថា “យើងនឹងប្រគល់ស្រុកនេះ ឲ្យពូជពង្សរបស់អ្នក”។ យើងបង្ហាញឲ្យអ្នកឃើញស្រុកនេះផ្ទាល់នឹងភ្នែក តែអ្នកនឹងមិនចូលទៅឡើយ»។
សេចក្ដីដែលបងប្អូនបានរៀន បានទទួល និងបានឮពីខ្ញុំ ហើយការអ្វីដែលបងប្អូនបានឃើញខ្ញុំធ្វើនោះ ចូរបងប្អូនប្រព្រឹត្ដតាមទៅ។ ធ្វើដូច្នេះ អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដនឹងនៅជាមួយបងប្អូនមិនខាន។
ដោយសារជំនឿ គាត់ បានមករស់នៅជាអាណិកជន ក្នុងស្រុកដែលអុលឡោះបានសន្យាថា នឹងប្រទានឲ្យ គឺគាត់បានបោះជំរំនៅជាមួយណាពីអ៊ីសាហាក់ និងណាពីយ៉ាកកូប ដែលត្រូវទទួលទឹកដីនោះជាមត៌ករួមជាមួយគាត់ តាមបន្ទូលសន្យានៃអុលឡោះដដែល។
អុលឡោះក៏ពេញចិត្តបង្ហាញឲ្យអស់អ្នកដែលទទួលមត៌កតាមបន្ទូលសន្យា បានដឹងរឹតតែច្បាស់ថា បើទ្រង់សម្រេចចិត្តយ៉ាងណាហើយនោះ ទ្រង់មិនប្រែប្រួលទេ។ ហេតុនេះ ទ្រង់មានបន្ទូលស្បថថែមលើបន្ទូលសន្យាទៀត។