Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ របា‌ក្សត្រ 16 - អាល់គីតាប

1 កាល​ដង្ហែ​ហិប​របស់​អុលឡោះ​ទៅ​ដល់​ហើយ គេ​ក៏​តម្កល់​នៅ​កណ្តាល​ជំរំ‌សក្ការៈ ដែល​ស្តេច​ទត​បាន​បម្រុង​ទុក រួច​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព នៅ​ចំពោះ​អុលឡោះ។

2 កាល​ស្តេច​ទត​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​ចប់​សព្វ​គ្រប់​ហើយ ស្តេច​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ក្នុង​នាមអុលឡោះ‌តាអាឡា។

3 បន្ទាប់​មក​ស្តេច​ប្រទាន​ម្ហូប​អាហារ​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់ ទាំង​ប្រុស​ទាំង​ស្រី ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយ‌ជូរ​ក្រៀម​មួយ​ដុំ។

4 ស្តេច​ទត​ចាត់​ក្រុម​លេវី​ខ្លះ ឲ្យ​បម្រើ​ការ‌ងារ​នៅ​ខាង​មុខ​ហិប​របស់អុលឡោះ‌តាអាឡា ដើម្បី​ធ្វើ​ពិធី​រំលឹក លើក​តម្កើង និង​ច្រៀង​សរសើរអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល

5 គឺ​មាន​លោក​អេសាភ ជា​មេ​ដឹក​នាំ បន្ទាប់​មក​មាន​លោក​សាកា‌រីយ៉ា​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​យីអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​ម៉ាធិ‌ធា លោក​អេលាប លោក​បេណា‌យ៉ា លោក​អូបេដ-អេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​អ្នក​លេង​ភ្លេង គឺ​មាន​ឃឹម និង​ពិណ ហើយ​លោក​អេសាភ​ជា​អ្នក​វាយ​ឈិង។

6 អ៊ីមុាំ​បេណា‌យ៉ា និង​លោក​យ៉ាហា‌សៀល​ផ្លុំ​ត្រែ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​អុលឡោះ​ជា‌និច្ច។

7 គឺ​ថ្ងៃ​នោះ​ហើយ ដែល​ស្តេច​ទត​បាន​ចាត់​លោក​អេសាភ ព្រម​ទាំង​បង​ប្អូន​របស់​គាត់ ឲ្យ​ប្រារព្ធ​ពិធី​លើក​តម្កើងអុលឡោះ‌តាអាឡា​ជា​លើក​ដំបូង​បង្អស់។


ទំនុក‌តម្កើង

8 «ចូរ​នាំ​គ្នា​លើក​តម្កើងអុលឡោះ‌តាអាឡា ចូរ​ប្រកាស​នាម​ទ្រង់! ចូរ​ថ្លែង​អំពី​ការ​អស្ចារ្យ​របស់​ទ្រង់ ប្រាប់​ប្រជា‌ជាតិ​នានា!

9 ចូរ​ច្រៀង​តម្កើង​ទ្រង់ ចូរ​ច្រៀង​ទំនុក‌តម្កើង​ជូន​ទ្រង់! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ!

10 ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា ជា​ប្រជា‌រាស្ត្រ​របស់​អុលឡោះ​ដ៏‌វិសុទ្ធ! អស់​អ្នក​ស្វែង​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ចូរ​សប្បាយ​ចិត្ត​ចុះ!

11 ចូរ​ស្វែង​រកអុលឡោះ‌តាអាឡា​ប្រកប​ដោយ​ចេស្តា ចូរ​ស្វែង​រក​មុខ​ទ្រង់ ឥត​ឈប់​ឈរ​ឡើយ!

12 ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ទ្រង់​បាន​ធ្វើ ចូរ​នឹក​ដល់​ការ​អស្ចារ្យ និង​ការ​ជំនុំ​ជម្រះ ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​សម្រេច។

13 អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​អ៊ីស្រ‌អែល ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកកូប ដែល​ទ្រង់​បាន​ជ្រើស​រើស!

14 មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​ជា​ម្ចាស់​របស់​យើង ទ្រង់​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។

15 ចូរ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ទ្រង់​ជា‌និច្ច គឺ​ជា​បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់ មួយ​ពាន់​តំណ

16 គឺ​សម្ពន្ធ‌មេត្រី​ដែល​ទ្រង់​បាន​ចង​ជា​មួយ អ៊ីព្រហ៊ីម ព្រម​ទាំង​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​អ៊ីសា‌ហាក់។

17 ទ្រង់​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះ ជា​មួយ​យ៉ាកកូប ទុក​ជា​សម្ពន្ធ‌មេត្រី អស់‌កល្ប​ជា‌និច្ច​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល។

18 គឺ​ទ្រង់​មាន​បន្ទូល​ថា: «យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក ទុក​ជា​ចំណែក​មត៌ក»។

19 នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ជា​ក្រុម​មួយ​ដ៏​តូច ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។

20 អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។

21 ប៉ុន្តែ ទ្រង់​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ សង្កត់‌សង្កិន​អ្នក​រាល់​គ្នា​ទេ ដើម្បី​ការ‌ពារ​អ្នក​រាល់​គ្នា ទ្រង់​បាន​បន្ទោស​ស្តេច​នានា​ថា:

22 «កុំ​ប៉ះ‌ពាល់​អស់​អ្នក​ដែល​យើង​បាន​ចាក់​ប្រេង តែង‌តាំង​នេះ​ឡើយ កុំ​ធ្វើ​បាប​ណាពី​របស់​យើង​ឲ្យ​សោះ!»។

23 មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ជូនអុលឡោះ‌តាអាឡា! ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​សង្គ្រោះ​របស់​ទ្រង់។

24 ចូរ​ប្រកាស​អំពី​សិរី‌រុង‌រឿង​របស់​ទ្រង់ នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ប្រកាស​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់ ទ្រង់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់!

25 ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ប្រសើរ​ឧត្តម ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ទ្រង់​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។

26 ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់ រីឯអុលឡោះ‌តាអាឡា ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ។

27 មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាច​ចាំង​ចេញ​ពី​ទ្រង់ ដំណាក់​របស់​ទ្រង់​ពោរ‌ពេញ​ទៅ​ដោយ អំណាច និង​អំណរ​សប្បាយ។

28 ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿងអុលឡោះ‌តាអាឡា ហើយ​ថ្លែង​អំពី​អំណាច​របស់​ទ្រង់

29 ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង​នៃ​នាម​របស់អុលឡោះ‌តាអាឡា! ចូរ​នាំ​គ្នា​យក​ជំនូន​ចូល​មក​ជូន​ទ្រង់! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​ពេល​ទ្រង់​សំដែង​ភាព​បរិសុទ្ធ​របស់​ទ្រង់!

30 មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់​ចុះ! ពិភព​លោក​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ

31 ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយ និង​ឲ្យ​ផែនដី​បាន​រីក‌រាយ​ដ៏​លើស‌លប់! ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា អុលឡោះ‌តាអាឡា​គ្រង​រាជ្យ!

32 ចូរ​ឲ្យ​សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ បន្លឺ​សំឡេង​យ៉ាង​អឺង‌កង! ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅ​ទី​នោះ ត្រេក​អរ​សប្បាយ!

33 ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន​ស្រែក​ហ៊ោ នៅ​ចំពោះអុលឡោះ‌តាអាឡា! ដ្បិត​ទ្រង់​មក​គ្រប់‌គ្រង​ផែនដី។

34 ចូរ​លើក​តម្កើងអុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​សប្បុរស ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

35 ចូរ​ជម្រាប​ទ្រង់​ថា: ម្ចាស់‌សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​ផ្តុំ​យើង​ខ្ញុំ ហើយ​យក​យើង​ខ្ញុំ ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​នានា ដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើង នាម​ដ៏‌វិសុទ្ធ​របស់​ទ្រង់ និង​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ទ្រង់!

36 សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល តាំង​ពី​ដើម​រៀង​មក ហើយ​អស់‌កល្ប​ត​រៀង​ទៅ!»។ ពេល​នោះ​ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ថា «អាមីន សូម​សរសើរ​តម្កើង​អុលឡោះ​!»។

37 ស្តេច​ទត​ចាត់​លោក​អេសោភ និង​បង​ប្អូន​របស់​គាត់​ឲ្យ​បំពេញ​មុខ‌ងារ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ជា​រៀង​រាល់​ថ្ងៃ ឥត​ដែល​អាក់​ខាន​ដូច​បាន​កំណត់​ទុក។

38 ស្តេច​ចាត់​លោក​អូបេឌ-អេដុម​ជា​កូន​របស់​លោក​យេឌូ‌ថិន និង​លោក​ហូសា ព្រម​ទាំង​បង​ប្អូន​របស់​គាត់​ហុក‌សិប​ប្រាំ​បី​នាក់ ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ។

39 ស្តេច​ក៏​ចាត់​អ៊ីមុាំ​សាដុក និង​អ៊ីមុាំ​ឯ​ទៀតៗ ជា​បង​ប្អូន​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ​នៅ​មុខ​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ដែល​ស្ថិត​លើ​ទួល​ខ្ពស់ នៅ​គីបៀន

40 ដើម្បី​ធ្វើ​គូរបាន​ដុត​ជា​អចិ‌ន្ត្រៃយ៍​ចំពោះអុលឡោះ‌តាអាឡា លើ​អាសនៈ​សម្រាប់​ធ្វើ​គូរបាន​ដុត ទាំង​ព្រឹក ទាំង​ល្ងាច ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល។

41 លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​គេ​បាន​ជ្រើស​រើស​តាម​ឈ្មោះ ដើម្បី​លើក​តម្កើងអុលឡោះ‌តាអាឡា ក៏​មក​ចូល​រួម​ជា​មួយ​អ៊ីមុាំ​ទាំង​នោះ​ដែរ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

42 លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន​ក៏​ទទួល​ខុស​ត្រូវ​លើ​ត្រែ និង​ឈិង​របស់​ពួក​តន្ត្រី‌ករ ព្រម​ទាំង​ឧបករណ៍​ឯ​ទៀតៗ សម្រាប់​ប្រគំ​បទ​ចំរៀង​ជូន​អុលឡោះ។ កូន​ចៅ​របស់​លោក​យេឌូ‌ថិន​ក៏​មាន​មុខ‌ងារ ជា​ឆ្មាំ​នៅ​មាត់​ទ្វារ​ដែរ។

43 ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ស្តេច​ទត​ក៏​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជ‌វង្ស។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម