ទំនុកតម្កើង 32 - អាល់គីតាបសុភមង្គលរបស់អ្នកដែលអុលឡោះអត់ទោសឲ្យ ទំនុករបស់ណាពីទត។ ពាក្យកាព្យ។ 1 មានសុភមង្គលហើយ អស់អ្នកដែលអុលឡោះ លើកលែងទោសឲ្យ ព្រមទាំងប្រោសប្រណីឲ្យបានរួចពីបាប! 2 មានសុភមង្គលហើយ អស់អ្នកដែលអុលឡោះតាអាឡាមិនប្រកាន់ទោស ហើយជាមនុស្សដែលគ្មានចិត្តវៀចវេរ! 3 ដរាបណាខ្ញុំមិនសារភាពកំហុសទេនោះ ខ្ញុំកាន់តែរីងរៃទៅៗ ខ្ញុំថ្ងូរជារៀងរាល់ថ្ងៃ 4 ដ្បិតទ្រង់ធ្វើទោសខ្ញុំទាំងថ្ងៃទាំងយប់ កម្លាំងខ្ញុំខ្សោះល្វើយ ដូចទឹករីងស្ងួតនៅរដូវប្រាំង។ - សម្រាក 5 ខ្ញុំបានសារភាពអំពើបាបចំពោះទ្រង់ ខ្ញុំមិនបានលាក់លៀមកំហុស របស់ខ្ញុំឡើយ ខ្ញុំពោលថា «ខ្ញុំនឹងទទួលសារភាពអំពើបាប របស់ខ្ញុំចំពោះអុលឡោះតាអាឡា!» ទ្រង់ក៏លើកលែងទោសខ្ញុំ ឲ្យរួចពីបាប។ - សម្រាក 6 ហេតុនេះហើយបានជាអ្នកគោរព ប្រណិប័តន៍ទ្រង់ តែងទូរអាអង្វរទ្រង់នៅពេលដែលគេត្រូវការ! ទោះបីមានទុក្ខកង្វល់ប្រៀបដូច ទឹកជំនន់ខ្លាំងយ៉ាងណាក្ដី ក៏គេមិនលិចលង់ដែរ។ 7 ទ្រង់ជាជំរកសម្រាប់ខ្ញុំ ទ្រង់ការពារខ្ញុំឲ្យរួចពីអាសន្ន ទ្រង់ឲ្យខ្ញុំអាចបន្លឺសំឡេង ច្រៀងឡើង ព្រោះទ្រង់រំដោះខ្ញុំ។ - សម្រាក 8 អុលឡោះតាអាឡាមានបន្ទូលថា «យើងនឹងប្រៀនប្រដៅណែនាំអ្នក ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយឲ្យយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។ 9 មិនត្រូវឆោតល្ងង់ដូចសេះ ឬលានោះឡើយ គេដាក់ដែកបង្ខាំ និងចងបង្ហៀរ ដើម្បីញាក់វាឲ្យចុះចូល»។ 10 មនុស្សពាលនឹងត្រូវរងទុក្ខវេទនាសព្វបែបយ៉ាង ប៉ុន្តែ អុលឡោះតាអាឡាតែងសំដែងចិត្ត មេត្តាករុណា ចំពោះអស់អ្នកដែលផ្ញើជីវិតលើទ្រង់។ 11 មនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយ ចំពោះស្នាដៃរបស់អុលឡោះតាអាឡា! អ្នកទាំងអស់គ្នាដែលជាមនុស្សទៀងត្រង់អើយ ចូរស្រែកហ៊ោដោយអំណរចុះ!។ |
© 2014 United Bible Societies, UK.
United Bible Societies