Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 39 - អាល់គីតាប


ពាក្យ​សារ‌ភាព​របស់​មនុស្ស​ឈឺ​ចុក​ចាប់
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ សម្រាប់​លោក​យេ‌ឌូ‌ថិន​ ។ ទំនុក​របស់​ណាពី​ទត។

1 ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ប្រយ័ត្ន‌ប្រយែង ចំពោះ​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត ក្រែង​លោ​ខ្ញុំ​មាន​បាប ព្រោះ​តែ​ពាក្យ​សំដី។ ដរាប​ណា​មាន​មនុស្ស​អាក្រក់​នៅ​ក្បែរ​ខ្ញុំ ខ្ញុំ​នឹង​មិន​និយាយ​ស្ដី​អ្វី​សោះ​ឡើយ។

2 ខ្ញុំ​បិទ​មាត់​នៅ​ស្ងៀម គឺ​ទោះ​បី​ការ​ល្អ​ក៏​ខ្ញុំ​មិន​និយាយ​ដែរ! ដូច្នេះ ខ្ញុំ​កាន់​តែ​ឈឺ​ចុក​ចាប់​ឥត​ឧបមា!។

3 ខ្ញុំ​ក្ដៅ​ជា​ខ្លាំង ហាក់​ដូច​ជា​មាន​ភ្លើង​ឆេះ​នៅ​ក្នុង​ខ្លួន រហូត​ដល់​ទ្រាំ​លែង​បាន​ទៀត ខ្ញុំ​ក៏​ពោល​ឡើង​ថា:

4 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថ្ងៃ​ចុង​ក្រោយ នៃ​ជីវិត​របស់​ខ្ញុំ​ផង តើ​ខ្ញុំ​អាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត តើ​ជីវិត​ខ្ញុំ​ផុយ​ដល់​កំរិត​ណា?។

5 ទ្រង់​បាន​បង្កើត​ជីវិត​ខ្ញុំ​មក ដូច​ទឹក​ដក់​លើ​ស្លឹក​ឈូក​ គឺ​ជីវិត​ខ្ញុំ​ខ្លី​បំផុត​នៅ​ចំពោះ​ទ្រង់ ពិត​មែន​ហើយ ជីវិត​របស់​មនុស្ស​លោក ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ ប៉ុណ្ណោះ។ - សម្រាក

6 ជីវិត​មនុស្ស​រសាត់​បាត់​ទៅ​ប្រៀប​បី​ដូច ជា​ស្រមោល អ្វីៗ​ដែល​គេ​ខិត‌ខំ​ធ្វើ សុទ្ធ​តែ​ឥត​បាន​ការ គេ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក តែ​គេ​ពុំ​ដឹង​ថា​ទ្រព្យ‌សម្បត្តិ​នោះ នឹង​បាន​ទៅ​លើ​នរណា​ឡើយ។

7 ឱ​អុលឡោះ‌តាអាឡា​អើយ បើ​ដូច្នេះ​តើ​ឲ្យ​ខ្ញុំ​ទន្ទឹង​រង់‌ចាំ​អ្វី? មាន​តែ​ទ្រង់​ទេ ដែល​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។

8 សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អំពើ​បាប ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត! សូម​កុំ​ទុក​ឱកាស​ឲ្យ​មនុស្ស​ល្ងី‌ល្ងើ មាក់‌ងាយ​ខ្ញុំ​បាន​ឡើយ។

9 ខ្ញុំ​នៅ​ស្ងៀម មិន​និយាយ​ស្តី​អ្វី​ទេ ដ្បិត​ទ្រង់​ទេ​តើ​ដែល​បាន​ធ្វើ​ទោស​ខ្ញុំ។

10 សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ​ទៀត​ឡើយ! ដ្បិត​ខ្ញុំ​ស្ទើរ​តែ​ស្លាប់ ដោយ​ទ្រង់​វាយ​ខ្ញុំ។

11 ពេល​ទ្រង់​វាយ​ប្រដៅ​មនុស្ស​ណា​ម្នាក់ ដែល​បាន​ធ្វើ​ខុស ទ្រង់​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អ្នក​នោះ ចូល​ចិត្ត​ត្រូវ​វិនាស​ហិន‌ហោច​ដូច​កណ្ដៀរ​ស៊ី​ដែរ។ ពិត​មែន​ហើយ ជីវិត​មនុស្ស​លោក ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។ - សម្រាក

12 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ស្តាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ សូម​ស្តាប់​សំរែក​របស់​ខ្ញុំ​ផង សូម​កុំ​ព្រងើយ​កន្តើយ​នឹង​ទំនួញ យំ​សោក​របស់​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​គ្រាន់​តែ​ស្នាក់​នៅ ជា​បណ្តោះ‌អាសន្ន​ជា​មួយ​ទ្រង់ ដូច​បុព្វបុរស​របស់​ខ្ញុំ​ប៉ុណ្ណោះ។

13 សូម​បែរ​ចេញ​ពី​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្រឡះ​មុខ​បន្តិច មុន​នឹង​ខ្ញុំ​លា​ចាក​លោក​នេះ រលាយ​សូន្យ​បាត់​ទៅ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម