Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 105 - អាល់គីតាប


ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​អុលឡោះ

1 ចូរ​នាំ​គ្នា​លើក​តម្កើង​អុលឡោះ‌តាអាឡា ចូរ​ប្រកាស​នាម​ទ្រង់! ចូរ​ថ្លែង​អំពី​ស្នា‌ដៃ​របស់​ទ្រង់ ប្រាប់​ប្រជា‌ជាតិ​នានា!

2 ចូរ​ច្រៀង​តម្កើង​ទ្រង់ ចូរ​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ!


គីតាបសាបូរ​ជូន​ទ្រង់!

3 ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​របស់​ម្ចាស់​ដ៏‌វិសុទ្ធ! អស់​អ្នក​ស្វែង​រក​អុលឡោះ‌តាអាឡា​អើយ ចូរ​សប្បាយ​ចិត្ត​ចុះ!

4 ចូរ​ស្វែង​រក​អុលឡោះ‌តាអាឡា​ប្រកប​ដោយ​អំណាច ចូរ​ស្វែង​រក​ទ្រង់​ឥត​ឈប់‌ឈរ​ឡើយ!

5 ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ទ្រង់​បាន​ធ្វើ ចូរ​នឹក​ដល់​អំណាច និង ការ​ជំនុំ‌ជម្រះ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​សម្រេច។

6 អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកកូប ដែល​ទ្រង់​បាន​ជ្រើស​រើស​អើយ

7 មាន​តែ​អុលឡោះ‌តាអាឡា​ទេ​ដែល​ជា​ម្ចាស់​របស់​យើង ទ្រង់​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។

8 ទ្រង់​តែងតែ​នឹក​ដល់​សម្ពន្ធ‌មេត្រី របស់​ទ្រង់​ជា‌និច្ច គឺ​ជា​បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​មួយ​ពាន់​តំណ

9 ទ្រង់​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​អ៊ីព្រហ៊ីម ព្រម​ទាំង​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​អ៊ីសា‌ហាក់​

10 ទ្រង់​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះ ជា​មួយ​យ៉ាកកូប ទុក​ជា​សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជា‌និច្ច ជា​មួយ​អ៊ីស្រ‌អែល។​

11 គឺ​ទ្រង់​មាន​បន្ទូល​ថា: «យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក ទុក​ជា​ចំណែក​មត៌ក»។

12 នៅ​គ្រា​នោះ ប្រជា‌ជន​អ៊ីស្រ‌អែល ជា​ក្រុម​មួយ​ដ៏​តូច ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។​

13 គេ​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។

14 ប៉ុន្តែ ទ្រង់​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ សង្កត់‌សង្កិន​គេ​ទេ ដើម្បី​ការ‌ពារ​ពួក​គេ ទ្រង់​បាន​បន្ទោស​ស្ដេច​នានា​ថា:

15 «កុំ​ប៉ះ‌ពាល់​អស់​អ្នក ដែល​យើង​បាន​ចាក់​ប្រេង​តែង‌តាំង​នេះ​ឡើយ កុំ​ធ្វើ​បាប​ណាពី​របស់​យើង​ឲ្យ​សោះ!»។​

16 ទ្រង់​បាន​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន នៅ​ក្នុង​ស្រុក​នោះ ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​ម្ហូប​អាហារ​

17 ទ្រង់​ចាត់​បុរស​ម្នាក់​ឲ្យ​ទៅ​មុន គឺ​យូសុះ​ដែល​គេ​បាន​លក់​ជា​ទាសករ។

18 គេ​ដាក់​ខ្នោះ​ជើង​គាត់ ហើយ​ដាក់​ច្រវាក់​ក​គាត់​

19 រហូត​ដល់​មាន​ហេតុ‌ការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​ដែល​គាត់​បាន​ថ្លែង​ទុក គឺ​បន្ទូល​របស់​អុលឡោះ‌តាអាឡា​បាន​ធ្វើ ជា​ភស្ដុតាង​បញ្ជាក់​ថា​គាត់​ជា​មនុស្ស​ស្លូត​ត្រង់។

20 ស្ដេច​ស្រុក​អេស៊ីប ដែល​ជា​ម្ចាស់​លើ​ប្រជា‌រាស្ត្រ​នានា បាន​ចេញ​បញ្ជា​ឲ្យ​គេ​ស្រាយ​ចំណង ដោះ​លែង​គាត់។

21 បន្ទាប់​មក ស្ដេច​បាន​តែង‌តាំង​គាត់​ឲ្យ ត្រួត‌ត្រា​លើ​រាជ​វាំង​ ព្រម​ទាំង​ឲ្យ​គាត់​មើល​ខុស​ត្រូវ លើ​រាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។

22 ស្ដេច​ប្រទាន​ឲ្យ​គាត់​ត្រួត‌ត្រា លើ​មន្ត្រី​ទាំង​អស់ ហើយ​ឲ្យ​គាត់​ប្រៀន‌ប្រដៅ ពួក​ព្រឹទា‌ចារ្យ​របស់​ស្ដេច​ទៀត​ផង។

23 ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​រស់​នៅ ក្នុង​ស្រុក​អេស៊ីប កូន​ចៅ​របស់​យ៉ាកកូប​ស្នាក់​អាស្រ័យ នៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។

24 អុលឡោះ​ប្រោស​ប្រទាន​ឲ្យ ប្រជា‌រាស្ត្រ​របស់​ទ្រង់​កើន​ចំនួន​ច្រើន​ឡើង មាន​កម្លាំង​ជាង​បច្ចា‌មិត្ត​ទៅ​ទៀត។

25 ទ្រង់​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ អេស៊ីប​ដូរ​ចិត្ត​គំនិត គឺ​ពួក​គេ​នាំ​គ្នា​ស្អប់​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ពួក​គេ​បាន​បោក​ប្រាស់ និង​ធ្វើ​បាប​អ្នក​បម្រើ​របស់​ទ្រង់។​

26 ទ្រង់​បាន​ចាត់​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់ ព្រម​ទាំង​ហារូន ជា​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​ទៅ។​

27 អ្នក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ទ្រង់ សំដែង​ទី​សំគាល់ និង​អំណាច​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។

28 អុលឡោះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​អន្ធការ នៅ​ពេញ​ស្រុក គ្មាន​នរណា​ជំទាស់​នឹង​បន្ទូល របស់​ទ្រង់​បាន​ឡើយ។

29 ទ្រង់​បាន​ប្រែ​ទឹក​ឲ្យ​ទៅ​ជា​ឈាម​ ទ្រង់​ធ្វើ​ឲ្យ​ត្រី​នៅ​ស្រុក​គេ​វិនាស​អស់។

30 ទ្រង់​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង មក​ពេញ​ក្នុង​ស្រុក​ គឺ​ឡើង​រហូត​ទៅ​ដល់​បន្ទប់‌សម្រាន្ត​របស់​ស្ដេច។

31 ពេល​ទ្រង់​មាន​បន្ទូល នោះ​ក៏​មាន​រុយ​ដែល​មាន​ពិស និង​មូស​ មក​រាត‌ត្បាត​ពាស‌ពេញ​ក្នុង​ស្រុក​របស់​គេ។

32 ទ្រង់​ធ្វើ​ឲ្យ​មាន​ព្រឹល​បង្អុរ ចុះ​មក​ជំនួស​ភ្លៀង​ ព្រម​ទាំង​មាន​រន្ទះ​បាញ់​ឆេះ​ស្រុក​របស់​គេ​ផង។

33 ទ្រង់​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ដំណាំ​របស់​គេ ទ្រង់​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​លើ​ទឹក​ដី​របស់​គេ។

34 ពេល​ទ្រង់​មាន​បន្ទូល នោះ​ក៏​មាន​កណ្ដូប និង​ក្រា​ ដែល​មាន​ចំនួន​ច្រើន​ឥត​គណនា

35 ទៅ​ស៊ី​បង្ហិន​ដំណាំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​គេ ព្រម​ទាំង​ស៊ី​បង្ហិន​បន្លែ​បង្ការ ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ​ផង។

36 បន្ទាប់​មក ទ្រង់​បាន​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​របស់​គេ​ គឺ​កូន​ដែល​កើត​មក​ក្នុង​ពេល​គេ នៅ​ពេញ​កម្លាំង​នៅ​ឡើយ។

37 បន្ទាប់​មក ទ្រង់​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​យក​មាស​ប្រាក់​ទៅ​ជា​មួយ​ផង​ ហើយ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​នរណា​ម្នាក់​ទន់​ខ្សោយ​ឡើយ។

38 ពេល​ពួក​គេ​ចាក​ចេញ​ទៅ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​សប្បាយ​ចិត្ត ដ្បិត​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច​ពួក​គេ​ជា​ខ្លាំង។​

39 ទ្រង់​បាន​ដាក់​ពពក​បាំង​ពី​លើ​ពួក​គេ ហើយ​ប្រទាន​ដុំ​ភ្លើង​មក​បំភ្លឺ​ពួក​គេ នៅ​ពេល​យប់។​

40 ពួក​គេ​សុំ​អាហារ ទ្រង់​ប្រទាន​សត្វ​ក្រួច និង​ប្រទាន​អាហារ​ពី​សូរ៉កា មក​ឲ្យ​គេ​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។​

41 ទ្រង់​បាន​បំបែក​ថ្ម ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក​ ប្រៀប​បាន​នឹង​ទន្លេ​ហូរ​នៅ​ក្នុង​វាល​ហួត‌ហែង។

42 ទ្រង់​នឹក​ដល់​បន្ទូល​ដ៏‌វិសុទ្ធ ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​អ៊ីព្រហ៊ីម ជា​អ្នក​បម្រើ​របស់​ទ្រង់។

43 ទ្រង់​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ចេញ​មក​ដោយ​អំណរ​សប្បាយ ទ្រង់​បាន​នាំ​ប្រជា‌ជន​ដែល​ទ្រង់ បាន​ជ្រើស​រើស​ចេញ​មក​ដោយ​ហ៊ោ​កញ្ជ្រៀវ។

44 ទ្រង់​បាន​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា មក​ចែក​ឲ្យ​ពួក​គេ ព្រម​ទាំង​ឲ្យ​ពួក​គេ​ទទួល​ភោគ‌ផល ដែល​ប្រជា‌ជាតិ​ទាំង​នោះ​បាន​ដាំ​

45 ដើម្បី​ឲ្យ​ពួក​គេ​ប្រតិបត្តិ​តាម សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ទ្រង់ និង​ធ្វើ​តាម​ហ៊ូកុំ​របស់​ទ្រង់។ ចូរ​សរសើរ‌តម្កើង​អុលឡោះ​!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម