លោកុប្បត្តិ 50 - អាល់គីតាបពិធីបញ្ចុះសពរបស់ណាពីយ៉ាកកូប 1 យូសុះឱបឪពុក ហើយយំសម្រក់ទឹកភ្នែកលើមុខឪពុក ព្រមទាំងថើបគាត់ទៀតផង។ 2 បន្ទាប់មក យូសុះបញ្ជាឲ្យគ្រូពេទ្យ ដែលនៅបម្រើគាត់ អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពអ៊ីស្រអែល។ 3 គេត្រូវចំណាយពេលទាំងអស់សែសិបថ្ងៃ ដើម្បីធ្វើពិធីអប់សព។ ជនជាតិអេស៊ីបនាំគ្នាកាន់ទុក្ខយ៉ាកកូប អស់រយៈពេលចិតសិបថ្ងៃ។ 4 លុះផុតកំណត់ពេលកាន់ទុក្ខហើយ យូសុះនិយាយទៅកាន់ក្រុមមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូនថា៖ «ប្រសិនបើអស់លោកយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមយកពាក្យខ្ញុំទៅជម្រាបស្តេចដូចតទៅនេះ: 5 ឪពុកខ្ញុំបានសុំឲ្យខ្ញុំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ខ្ញុំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយខ្ញុំវិលត្រឡប់មកវិញ»។ 6 ស្តេចហ្វៀរ៉អ៊ូនឆ្លើយតបមកវិញថា៖ «សុំអ្នកអញ្ជើញទៅបញ្ចុះសពឪពុករបស់អ្នក ដូចអ្នកបានស្បថជាមួយគាត់ចុះ»។ 7 យូសុះក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានក្រុមមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ក្រុមអះលីជំអះនៃវាំង និងចាស់ទុំទាំងប៉ុន្មាននៅស្រុកអេស៊ីប ហែហមទៅជាមួយផង។ 8 ក្រុមគ្រួសាររបស់យូសុះទាំងមូល បងប្អូន និងញាតិសន្តានឪពុករបស់គាត់ទាំងអស់ បានរួមដំណើរទៅជាមួយដែរ គឺទុកតែកូនចៅ និងហ្វូងចៀម ហ្វូងគោ ឲ្យនៅតំបន់កូសែន។ 9 មានរទេះ មានទ័ពសេះធ្វើដំណើរទៅជាមួយយូសុះដែរ ធ្វើឲ្យក្បួនដង្ហែសពនោះ អធិកអធមក្រៃលែង។ 10 លុះមកដល់កន្លែងមួយឈ្មោះ អថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ យូសុះរំលឹកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។ 11 ជនជាតិកាណានដែលរស់នៅស្រុកនោះ ឃើញមរណទុក្ខនៅអថាត់ដូច្នេះ ក៏នាំគ្នាពោលថា៖ «ជនជាតិអេស៊ីបកើតទុក្ខខ្លាំងណាស់ហ្ន៎!»។ ហេតុនេះហើយបានជាគេហៅកន្លែងដែលនៅខាងនាយទន្លេយ័រដាន់នោះថា “អេបិល-មីសរ៉ែម”។ 12 កូនៗរបស់យ៉ាកកូបនាំគ្នាធ្វើតាមបណ្តាំរបស់ឪពុក 13 គឺគេបានយកសពគាត់ទៅស្រុកកាណាន រួចបញ្ចុះក្នុងរូងភ្នំនៅចម្ការម៉ាកពេឡា ជាចម្ការដែលអ៊ីព្រហ៊ីមបានទិញពីអេប្រូន ជាជនជាតិហេត សម្រាប់ធ្វើជាកន្លែងបញ្ចុះសពនៅជិតម៉ាមរ៉េ។ 14 ក្រោយពីបានបញ្ចុះសពឪពុករួចហើយ យូសុះវិលត្រឡប់ទៅស្រុកអេស៊ីបវិញជាមួយបងប្អូន និងអស់អ្នកដែលបានធ្វើដំណើរទៅបញ្ចុះសពឪពុកគាត់។ ណាពីយូសុះលើកទឹកចិត្តបងៗកុំឲ្យបារម្ភ 15 កាលបងៗរបស់យូសុះឃើញឪពុករបស់គេស្លាប់ហើយ គេនិយាយគ្នាថា៖ «ប្រហែលជាយូសុះស្អប់យើង ព្រមទាំងសងសឹកនឹងអំពើអាក្រក់ ដែលយើងបានប្រព្រឹត្តចំពោះគេហើយ មើលទៅ!»។ 16 ដូច្នេះ បងប្អូនបានឲ្យគេជម្រាបយូសុះដូចតទៅ៖ «មុននឹងស្លាប់ ឪពុកយើងបានផ្តាំថា: 17 ចូរកូនៗប្រាប់យូសុះថា “កូនអើយចូរអត់ទោសឲ្យបងៗរបស់កូន ចំពោះអំពើអាក្រក់ និងអំពើបាបដែលគេបានប្រព្រឹត្តចំពោះកូនផង។ បងៗបានធ្វើបាបកូនយ៉ាងខ្លាំងមែន តែឥឡូវនេះ សូមកូនមេត្តាអត់ទោសឲ្យគេជាអ្នកបម្រើរបស់អុលឡោះដែលពុកគោរពនោះផងទៅ!»។ យូសុះឮដូច្នេះ គាត់ក៏យំ។ 18 បងៗរបស់គាត់នាំគ្នាមកជួបគាត់ផ្ទាល់ ពួកគេក្រាបដល់ជើងគាត់ ហើយពោលថា៖ «យើងខ្ញុំសុខចិត្តធ្វើជាទាសកររបស់ប្អូន»។ 19 យូសុះប្រាប់ទៅពួកគេថា៖ «សូមកុំព្រួយបារម្ភអ្វីឡើយ ប្អូនមិនវិនិច្ឆ័យជំនួសអុលឡោះទេ! 20 បងៗបានឃុបឃិតគ្នាធ្វើបាបខ្ញុំ តែអុលឡោះបានធ្វើឲ្យការនោះ ប្រែទៅជាល្អ ដូចយើងឃើញសព្វថ្ងៃនេះស្រាប់ គឺទ្រង់បានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំ។ 21 ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភអ្វី ខ្ញុំនឹងជួយទំនុកបំរុងបងៗ និងកូនចៅរបស់បងៗ»។ យូសុះបានលើកទឹកចិត្តបងៗ ដោយនិយាយជាមួយគេយ៉ាងស្និទ្ធស្នាល។ ណាពីយូសុះស្លាប់ 22 យូសុះ និងក្រុមគ្រួសារឪពុករបស់គាត់បានរស់នៅក្នុងស្រុកអេស៊ីប គាត់រស់បានមួយរយដប់ឆ្នាំ។ 23 យូសុះបានឃើញកូនចៅរបស់អេប្រាអ៊ីមរហូតដល់ទៅបីតំណ ហើយគាត់ក៏បានឃើញកូនរបស់ម៉ាកៀរ ជាកូនរបស់ម៉ាណាសេ ដែលគាត់បានបីដាក់លើភ្លៅផងដែរ។ 24 យូសុះប្រាប់ទៅបងៗរបស់គាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ អុលឡោះនឹងមកជួយអ្នករាល់គ្នាពុំខាន ហើយទ្រង់នឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលទ្រង់សន្យា ថានឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប»។ 25 បន្ទាប់មក យូសុះឲ្យកូនចៅអ៊ីស្រអែលស្បថថា៖ «នៅពេលអុលឡោះមកជួយអ្នករាល់គ្នា អ្នករាល់គ្នា ត្រូវយកឆ្អឹងរបស់ខ្ញុំពីទីនេះ ទៅជាមួយផង»។ 26 យូសុះក៏ស្លាប់ក្នុងអាយុមួយរយដប់ឆ្នាំ។ គេបានអប់សពគាត់ ហើយដាក់ក្នុងក្តារមឈូសមួយនៅស្រុកអេស៊ីប។ |
© 2014 United Bible Societies, UK.
United Bible Societies