លោកុប្បត្តិ 13 - អាល់គីតាបឡូតបែកចេញពីអ៊ីប្រាំ 1 អ៊ីប្រាំបានវិលត្រឡប់មកពីស្រុកអេស៊ីបវិញ ឆ្ពោះទៅកាន់តំបន់ណេកិបជាមួយភរិយា និងអ្វីៗដែលជាកម្មសិទ្ធិរបស់គាត់។ ឡូតក៏មកជាមួយដែរ។ 2 អ៊ីប្រាំមានហ្វូងសត្វ និងមានមាសប្រាក់ជាច្រើន។ 3 គាត់បានធ្វើដំណើរជាច្រើនដំណាក់ ពីតំបន់ណេកិបរហូតទៅដល់បេតអែល ជាកន្លែងដែលគាត់ធ្លាប់បោះជំរំកាលពីដំបូង នៅចន្លោះបេតអែល និងក្រុងអៃ 4 គឺនៅកន្លែងដែលគាត់បានសង់អាសនៈមួយកាលពីមុន។ គាត់ក៏គោរពបម្រើអុលឡោះតាអាឡានៅទីនោះ។ 5 ឡូតដែលមកជាមួយអ៊ីប្រាំ ក៏មានហ្វូងចៀម ហ្វូងគោ និងមានជំរំជាច្រើនដែរ។ 6 ស្រុកនោះពុំមានលទ្ធភាពឲ្យគាត់ទាំងពីរនៅជាមួយគ្នាបានឡើយ ដ្បិតគាត់ទាំងពីរមានសម្បត្តិច្រើនពេក ជាហេតុធ្វើឲ្យរស់នៅជាមួយគ្នាមិនកើត។ 7 ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់អ៊ីប្រាំ និងពួកគង្វាលហ្វូងសត្វរបស់ឡូត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និងជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។ 8 អ៊ីប្រាំមានប្រសាសន៍ទៅកាន់ឡូតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។ 9 មើលនៅចំពោះមុខក្មួយ មានស្រុកទាំងមូលនៅទំនេរ ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយទៅខាងឆ្វេង អ៊ំនឹងទៅខាងស្តាំ ហើយបើក្មួយទៅខាងស្តាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។ 10 ឡូតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលអុលឡោះតាអាឡារំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់អុលឡោះតាអាឡា គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។ 11 ឡូតជ្រើសរើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសម្រាប់គាត់ ហើយក៏ចេញឆ្ពោះទៅទិសខាងកើត។ គាត់ទាំងពីរបានបែកពីគ្នា តាមរបៀបនេះឯង។ 12 អ៊ីប្រាំរស់នៅក្នុងស្រុកកាណាន រីឯឡូតរស់នៅតាមទីក្រុងនានាក្នុងតំបន់នោះ ហើយបោះជំរំនៅក្បែរក្រុងសូដុម។ 13 អ្នកក្រុងសូដុមសុទ្ធតែជាជនពាល ដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ប្រឆាំងនឹងអុលឡោះតាអាឡា។ សេចក្តីសន្យារបស់អុលឡោះ 14 ក្រោយពេលឡូតបែកចេញពីអ៊ីប្រាំទៅ អុលឡោះតាអាឡាមានបន្ទូលមកកាន់អ៊ីប្រាំថា៖ «ចូរងើបមុខមើលពីកន្លែងដែលអ្នកនៅនោះ ហើយសម្លឹងឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទិសខាងកើត និងទិសខាងលិចទៅ! 15 ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូល ដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នករហូតតទៅ។ 16 យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើន ដូចធូលីដី គ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។ 17 ចូរក្រោកឡើង ដើរឲ្យសព្វទីកន្លែងក្នុងស្រុកនេះទៅ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។ 18 អ៊ីប្រាំរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់តាម៉ាមរ៉េ ជិតក្រុងហេប្រុន។ នៅទីនោះគាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies