Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ចោទិយ‌កថា 34 - អាល់គីតាប


ណាពី​ម៉ូសា​ទទួល​មរណភាព

1 ម៉ូសា​ឡើង​ពី​វាល​ទំនាប​ស្រុក​ម៉ូអាប់​ឆ្ពោះ​ទៅ​ភ្នំ​នេបូ ត្រង់​កំពូល​ភ្នំ​ពីស្កា ដែល​ស្ថិត​នៅ​ទល់​មុខ​ក្រុង​យេរី‌ខូ។ អុលឡោះ‌តាអាឡា​បាន​បង្ហាញ​ឲ្យ​គាត់​ឃើញ​ស្រុក​ទាំង​មូល គឺ​ទឹក​ដី​ស្រុក​កាឡាត​រហូត​ដល់​ក្រុង​ដាន់

2 ទឹក​ដី​ណែបថា‌លី​ទាំង​មូល ទឹក​ដី​អេប្រា‌អ៊ីម និង​ម៉ាណា‌សេ ទឹក​ដី​ស្រុក​យូដា​ទាំង​មូល រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ

3 តំបន់​ណេកិប ព្រម​ទាំង​តំបន់​ជុំ​វិញ​ទន្លេ​យ័រ‌ដាន់ ក្រុង​យេរី‌ខូ​ដែល​ជា​ក្រុង​ដើម​លម៉ើរ រហូត​ដល់​ក្រុង​សូអារ។

4 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ថា៖ «នេះ​ជា​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ចំពោះ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ ឲ្យ​ពូជ‌ពង្ស​របស់​អ្នក”។ យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ស្រុក​នេះ​ផ្ទាល់​នឹង​ភ្នែក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ឡើយ»។

5 ម៉ូសា ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា បាន​ស្លាប់​នៅ​ទី​នោះ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។

6 អុលឡោះ‌តាអាឡា​បញ្ចុះ​សព​គាត់​នៅ​ជ្រលង​ភ្នំ ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេត‌ពេអ៊រ។ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​ពុំ​មាន​នរណា​ម្នាក់​ស្គាល់​ផ្នូរ​របស់​គាត់​ឡើយ។

7 ពេល​ម៉ូសា​ស្លាប់​នោះ គាត់​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​គាត់​មិន​អន់​ទេ រីឯ​កម្លាំង​របស់​គាត់ ក៏​មិន​ចុះ​អន់​ថយ​ដែរ។

8 ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​កាន់​ទុក្ខ​ម៉ូសា អស់​រយៈ​ពេល​សាម‌សិប​ថ្ងៃ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ពួក​គេ​យំ​កាន់​ទុក្ខ​គាត់​រហូត​ទាល់​តែ​ផុត​កំណត់ ពេល​សាម‌សិប​ថ្ងៃ​នោះ។

9 យ៉ូស្វេ ជា​កូន​របស់​លោក​នូន ពោរ​ពេញ​ដោយ​ប្រាជ្ញា‌ញាណ ដ្បិត​ម៉ូសា​បាន​ដាក់​ដៃ​លើ​គាត់។ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ស្តាប់​បង្គាប់​យ៉ូស្វេ ដោយ​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

10 នៅ​ស្រុក​អ៊ីស្រ‌អែល​ពុំ​ដែល​មាន​ណាពី​ណា​ម្នាក់ ដូច​ម៉ូសា​ទេ គឺអុលឡោះ‌តាអាឡា​មាន​បន្ទូល​ជា​មួយ​គាត់ មុខ​ទល់​នឹង​មុខ។

11 គ្មាន​នរណា​ម្នាក់​សំដែង​ទី​សំគាល់ និង​ការ​អស្ចារ្យ​ដូចអុលឡោះ‌តាអាឡា​ចាត់​គាត់ ឲ្យ​ទៅ​សំដែង នៅ​ស្រុក​អេស៊ីប​ប្រឆាំង​នឹង​ស្តេច‌ហ្វៀរ៉អ៊ូន ព្រម​ទាំង​អ្នក​បម្រើ និង​ប្រជា‌ជន​ទាំង​មូល​នៅ​ស្រុក​នោះ​ឡើយ

12 ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​សំដែង​អំណាច គួរ​ឲ្យ​ស្ញែង​ខ្លាច នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ដូច​ម៉ូសា​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម