អេសាយ 43 - អាល់គីតាបអុលឡោះនឹងរំដោះជនជាតិអ៊ីស្រអែល 1 ជនជាតិអ៊ីស្រអែលជាកូនចៅ របស់យ៉ាកកូបអើយ ឥឡូវនេះ អុលឡោះតាអាឡាដែលបានបង្កើត និងសូនអ្នក ទ្រង់មានបន្ទូលថា៖ កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។ 2 ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ 3 ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងជាម្ចាស់ដ៏វិសុទ្ធនៃជនជាតិអ៊ីស្រអែល ជាអ្នកសង្គ្រោះរបស់អ្នក។ យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវ ដើម្បីលោះអ្នក យើងក៏បានប្រគល់ស្រុកអេត្យូពី និងស្រុកសេបា ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។ 4 យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ ជាថ្នូរលោះអ្នក ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលប់ ហើយយើងស្រឡាញ់អ្នកថែមទៀតផង។ 5 កុំភ័យខ្លាចអ្វី! យើងនៅជាមួយអ្នក យើងនឹងនាំកូនចៅរបស់អ្នកពីស្រុកខាងកើត ឲ្យវិលត្រឡប់មកវិញ ហើយប្រមូលពូជពង្សរបស់អ្នក ពីស្រុកខាងលិច ឲ្យវិលមកវិញដែរ។ 6 យើងនឹងបញ្ជាដល់ស្រុកខាងជើង ឲ្យប្រគល់កូនចៅរបស់អ្នកមកយើងវិញ យើងនឹងបញ្ជាដល់ស្រុកខាងត្បូង មិនឲ្យឃាត់គេទៀតឡើយ។ យើងនឹងប្រាប់ស្រុកទាំងនោះឲ្យប្រមូល កូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុក ឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ 7 គឺអស់អ្នកដែលយកនាមយើងធ្វើជាត្រកូល ជាអស់អ្នកដែលយើងបានសូន និងបង្កើត ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។ អ៊ីស្រអែលជាសាក្សីរបស់អុលឡោះតាអាឡា 8 ចូរនាំប្រជាជននោះចេញមក ពួកគេមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮ។ 9 ចូរឲ្យប្រជាជាតិទាំងអស់មកជួបជុំគ្នា ឲ្យប្រជាជនទាំងឡាយមកប្រមូលផ្ដុំគ្នា ក្នុងចំណោមព្រះរបស់ពួកគេ តើមានព្រះណាបានប្រាប់ ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ? តើព្រះណាបានប្រាប់ឲ្យយើងដឹង អំពីព្រឹត្តិការណ៍ដើមដំបូង? ឲ្យព្រះទាំងនោះរកសាក្សី និងបង្ហាញភស្ដុតាងមក ដើម្បីឲ្យអ្នកឯទៀតឮ រួចពោលថា ពាក្យសំដីរបស់ព្រះនោះត្រឹមត្រូវមែន។ 10 អុលឡោះតាអាឡាមានបន្ទូលថា: អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។ យើងបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង ព្រមទាំងយល់ថា មានតែយើងនេះទេ ជាអុលឡោះ។ នៅមុនយើងគ្មានម្ចាស់ណាទេ នៅក្រោយយើងក៏គ្មានម្ចាស់ណាទៀតដែរ។ 11 មានតែយើងទេជាអុលឡោះតាអាឡា ក្រៅពីយើង គ្មានអ្នកសង្គ្រោះណាទៀតឡើយ 12 មានតែយើងទេ ដែលប្រាប់អ្នករាល់គ្នាឲ្យដឹង និងសង្គ្រោះអ្នករាល់គ្នា រីឯព្រះដទៃទៀតមិនបានធ្វើបែបនេះ ក្នុងចំណោមអ្នករាល់គ្នាឡើយ។ ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់យើង ហើយយើងជាអុលឡោះ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 13 អំណើះតទៅយើងចង់ឲ្យអ្នករាល់គ្នាដឹងថា មានតែយើងទេដែលពិតជាអុលឡោះតាអាឡា គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃ របស់យើងបានទេ អ្វីៗដែលយើងធ្វើរួចហើយ គ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។ 14 អុលឡោះតាអាឡាដែលបានលោះអ្នករាល់គ្នា គឺម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: ដោយយល់ដល់អ្នករាល់គ្នា យើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន ដើម្បីរំលំអំណាចរបស់ពួកគេ។ ពេលនោះ ជនជាតិខាល់ដេនឹងរត់ខ្ចាត់ខ្ចាយ ដោយជិះសំពៅ ជាកន្លែងដែលពួកគេធ្លាប់ហ៊ោសប្បាយ។ 15 យើងជាអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់អ្នករាល់គ្នា យើងជាស្តេចដែលបាន បង្កើតអ្នករាល់គ្នា។ ផ្លូវថ្មីនៅក្នុងវាលរហោស្ថាន 16 អុលឡោះតាអាឡាដែលបានញែកសមុទ្រធ្វើផ្លូវមួយ គឺធ្វើផ្លូវតូចនៅកណ្ដាលមហាសាគរ 17 ទ្រង់ដែលបានប្រមូលកងទ័ព មានរទេះចំបាំង កងពលសេះ ព្រមទាំងទាហានដ៏អង់អាច ទ្រង់ដែលធ្វើឲ្យពួកគេបរាជ័យ ក្រោកពុំរួច គឺពួកគេរលត់ទៅ ដូចចង្កៀងអស់ប្រេង ទ្រង់មានបន្ទូលថា: 18 កុំគិតអំពីព្រឹត្តិការណ៍ដែលកើតមាន នៅគ្រាដើមដំបូងនោះធ្វើអ្វី កុំនឹកនាអំពីហេតុការណ៍ដែលកើតមាន នៅបុរាណកាលដែរ។ 19 បន្តិចទៀតយើងនឹងធ្វើឲ្យមាន ព្រឹត្តិការណ៍ថ្មីកើតឡើង ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឲ្យមានទន្លេហូរ នៅវាលហួតហែងទៀតផង។ 20 សត្វព្រៃទាំងឡាយ គឺមានឆ្កែព្រៃ និងត្មាតជាដើម នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង ដ្បិតយើងធ្វើឲ្យមានទឹក ក្នុងវាលរហោស្ថាន និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្ដល់ទឹកឲ្យប្រជាជន ដែលយើងបានជ្រើសរើស 21 គឺប្រជាជនដែលយើងបានបង្កើតសម្រាប់យើង ដើម្បីសរសើរតម្កើងយើង។ 22 ពូជពង្សយ៉ាកកូបអើយ អ្នកពុំបានហៅរកយើងទេ អ៊ីស្រអែលអើយ អ្នកនឿយណាយនឹងបម្រើយើង។ 23 អ្នកយកកូនចៀមមកដុតទាំងមូលធ្វើគូរបាន តែមិនមែនជូនយើងទេ អ្នកធ្វើគូរបាន តែមិនមែនដើម្បីសិរីរុងរឿងរបស់យើងទេ។ យើងមិនបានបង្ខិតបង្ខំអ្នក ឲ្យយកជំនូនមកឲ្យយើង យើងក៏មិនបានឲ្យអ្នក នឿយហត់ដុតធូបដែរ។ 24 អ្នកយកប្រាក់ទៅទិញគ្រឿងក្រអូប តែមិនមែនសម្រាប់យើងទេ ហើយអ្នកយកខ្លាញ់សត្វធ្វើគូរបាន តែមិនមែនដើម្បីយើងឡើយ។ ផ្ទុយទៅវិញ ដោយសារអំពើបាបរបស់អ្នក អ្នកបែរជាចង់បង្ខិតបង្ខំយើង ឲ្យយើងធ្វើជាខ្ញុំបម្រើរបស់អ្នកទៅវិញ អ្នកបានធ្វើឲ្យយើងនឿយណាយ ដោយសារអំពើអាក្រក់របស់អ្នក។ 25 ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស និងដោយយល់ដល់នាមរបស់យើង យើងយល់ព្រមលើកលែងទោសឲ្យអ្នក យើងនឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។ 26 ចូររៀបរាប់ប្រាប់យើងមកមើល! យើងទាំងពីរនឹងវិនិច្ឆ័យរកខុសត្រូវជាមួយគ្នា ចូរនិយាយការពារខ្លួន ដើម្បីបញ្ជាក់ថា អ្នកពិតជាគ្មានទោស! 27 យ៉ាកកូបជាបុព្វបុរសរបស់អ្នក បានប្រព្រឹត្តអំពើបាប ហើយពួកតំណាងរបស់អ្នក ក៏បានបះបោរប្រឆាំងនឹងយើងដែរ។ 28 ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក មេដឹកនាំម៉ាស្ជិទ យើងឲ្យគេបំផ្លាញកូនចៅយ៉ាកកូប យើងឲ្យគេប្រមាថមើលងាយ ប្រជាជនអ៊ីស្រអែល។ |
© 2014 United Bible Societies, UK.
United Bible Societies