Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

និក្ខមនំ 6 - អាល់គីតាប

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ហ្វៀរ៉អ៊ូន យើង​នឹង​សំដែង​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​យើង បង្ខំ​ស្តេច​នេះ​អនុ‌ញ្ញាត​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ចេញ​ទៅ។ ដោយ​សារ​អំណាច​ដ៏​ខ្លាំង​ពូកែ ស្តេច​ហ្វៀរ៉អ៊ូន​នឹង​បណ្តេញ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប»។


បន្ទូល​អុលឡោះ​សន្យា​រំដោះ​ជន‌ជាតិ​អ៊ីស្រ‌អែល

2 អុលឡោះ​មាន​បន្ទូល​មក​ម៉ូសា​ទៀត​ថា៖ «យើង​ជាអុលឡោះ‌តាអាឡា

3 យើង​បាន​បង្ហាញ​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ស្គាល់​យើង ក្នុង​ឋានៈ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ អុលឡោះ‌តាអាឡា​ទេ។

4 យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ យើង​បាន​សន្យា​ប្រគល់​ស្រុក​កាណាន​ឲ្យ​ពួក​គេ គឺ​ស្រុក​ដែល​ពួក​គេ​ស្នាក់​នៅ​ក្នុង​ឋានៈ​ជា​ជន​បរទេស។

5 យើង​ឮ​ជន‌ជាតិ​អ៊ីស្រ‌អែល​ស្រែក​ថ្ងូរ ព្រោះ​ត្រូវ​ពួក​អេស៊ីប​សង្កត់​សង្កិន។ យើង​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​យើង។

6 ហេតុ​នេះ ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា: “យើង​ជាអុលឡោះ‌តាអាឡា យើង​នឹង​ដោះ​លែង​អ្នក​រាល់​គ្នា​ពី​ការ​ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​ជន‌ជាតិ​អេស៊ីប យើង​នឹង​លោះ​អ្នក​រាល់​គ្នា ដោយ​ប្ញទ្ធិ​អំណាច​របស់​យើង។

7 យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា យើង​ដោះ​លែង​អ្នក​រាល់​គ្នា​ចេញ​ពី​ការ​ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ។

8 បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡារិក ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប ហើយ​យើង​ឲ្យ​ស្រុក​នោះ ដល់​អ្នក​រាល់​គ្នា​ជា​មត៌ក យើង​ជាអុលឡោះ‌តាអាឡា!»។

9 ម៉ូសា​ក៏​នាំ​បន្ទូល​ទាំង​នោះ​ទៅ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល ប៉ុន្តែ ពួក​គេ​មិន​ស្តាប់​គាត់​ឡើយ ព្រោះ​ពួក​គេ​បាក់​ទឹក​ចិត្ត ដោយ​សារ​ទុក្ខ​វេទនា ក្នុង​ភាព​ជា​ទាសករ។

10 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ទៀត​ថា៖

11 «ចូរ​ទៅ​ប្រាប់​ហ្វៀរ៉អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប​ថា ត្រូវ​បើក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ»។

12 ម៉ូសា​ជម្រាប​អុលឡោះ​ថា៖ «សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រ‌អែល ក៏​មិន​ព្រម​ស្តាប់​ខ្ញុំ​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​ស្តាប់​ខ្ញុំ ជា​មនុស្ស​ដែល​គ្មាន​វោ​ហារ​នេះ!»។

13 ដូច្នេះ អុលឡោះ‌តាអាឡា​បង្គាប់​ម៉ូសា និង​ហារូន​ឲ្យ​នាំ​បន្ទូល​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ស្តេច​ហ្វៀរ៉អ៊ូន ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


បញ្ជី​រាយ​នាម​បុព្វ‌បុរស​របស់​ណាពី​ម៉ូសា និង​ណាពី​ហារូន

14 នេះ​ជា​បញ្ជី​រាយ​នាម​មេ​គ្រួសារ​នៃ​បុព្វ‌បុរស​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល: កូន​របស់​លោក​រូបេន​ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រ‌អែល មាន​ហេណុក ប៉ាលូវ ហេតស្រុន និង​កើមី។ អ្នក​ទាំង​នោះ​ជា​បុព្វ‌បុរស​នៃ​អំបូរ​រូបេន។

15 កូន​របស់​លោក​ស៊ីម្មាន​មាន យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។ អ្នក​ទាំង​នោះ ជា​បុព្វ‌បុរស​នៃ​អំបូរ​ស៊ីម្មាន។

16 រីឯ​កូន​ចៅ​របស់​លោក​លេវី មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល​ដូច​តទៅ: កូន​របស់​លោក​លេវី​មាន គើសុន កេហាត់ និង​ម៉្រារី។ លោក​លេវី​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ​ពីរ​ឆ្នាំ។

17 កូន​របស់​គើសុន មាន លិបនី និង​ស៊ីម៉ៃ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ។

18 កូន​របស់​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូសាល។ លោក​កេហាត់​រស់​បាន​មួយ​រយ​សាម‌សិប​បី​ឆ្នាំ។

19 កូន​របស់​ម៉្រារី​មាន ម៉ាលី និង​មូស៊ី។ អ្នក​ទាំង​នោះ​ជា​បុព្វ‌បុរស​នៃ​អំបូរ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។

20 លោក​អាំរ៉ាម​រៀប​ការ​ជា​មួយ​នាង​យ៉ុកិបិត ដែល​ត្រូវ​ជា​ម្តាយ​មីង​របស់​លោក នាង​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​ហារូន និង​ម៉ូសា។ លោក​អាំរ៉ាម​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ​ពីរ​ឆ្នាំ។

21 កូន​របស់​លោក​យីតសារ​មាន កូរេ ណេផេក និង​ស៊ីកគ្រី។

22 កូន​របស់​លោក​អ៊ូសាល​គឺ មីសាអែល អែលសាផាន និង​ស៊ីតទ្រី។

23 ហារូន​រៀប​ការ​ជា​មួយ​នាង​អេលី‌សេបា ជា​កូន​របស់​លោក​អមីណា‌ដាប់ និង​ជា​ប្អូន​របស់​លោក​ណាសូន។ នាង​បង្កើត​បាន​កូន​ប្រុស​បួន​នាក់​ជូន​លោក​គឺ ណាដាប អប៊ីហ៊ូវ អេឡាសារ និង​អ៊ីថាម៉ារ។

24 កូន​របស់​កូរេ​មាន អាស់សៀរ អែលកាណា និង​អេបៀសាប់ ដែល​ជា​បុព្វ‌បុរស​នៃ​អំបូរ​កូរេ។

25 លោក​អេឡាសារ កូន​ប្រុស​របស់​ហារូន បាន​រៀប​ការ​ជា​មួយ​កូន​ស្រី​លោក​ពូធាល នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក​គឺ ភីនេ‌ហាស។ អ្នក​ទាំង​នេះ​ជា​មេ​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​អំបូរ​របស់​ពួក​គេ។

26 អុលឡោះ‌តាអាឡា​បាន​បង្គាប់​ឲ្យ​ហារូន និង​ម៉ូសា​នេះ​នាំ​កូន​ចៅ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព​មួយ។

27 ម៉ូសា និង​ហារូន​នេះ​ហើយ ដែល​បាន​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប ដើម្បី​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​អេស៊ីប។


បញ្ជា​របស់​អុលឡោះ​ចំពោះ​ណាពី​ម៉ូសា និង​ណាពី​ហារូន

28 ពេល​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា នៅ​ស្រុក​អេស៊ីប

29 ទ្រង់​មាន​បន្ទូល​មក​គាត់​ថា៖ «យើង​ជាអុលឡោះ‌តាអាឡា! ចូរ​នាំ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់​ដល់​អ្នក យក​ទៅ​ប្រាប់​ហ្វៀរ៉អ៊ូន​ជា​ស្តេច​ស្រុក​អេស៊ីប»។

30 ប៉ុន្តែ ម៉ូសា​ជម្រាបអុលឡោះ‌តាអាឡា​ថា៖ «ខ្ញុំ​គ្មាន​វោ​ហារ​ទេ ស្តេច​ហ្វៀរ៉អ៊ូន​មុខ​ជា​មិន​ស្តាប់​ខ្ញុំ​ឡើយ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម