ដូចដែលឪពុកអាណិតមេត្តាកូនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតមេត្តាអ្នកដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។
១ ពេត្រុស 3:8 - ព្រះគម្ពីរខ្មែរសាកល ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និងមានចិត្តបន្ទាបខ្លួន។ Khmer Christian Bible នៅទីបញ្ចប់នេះ ចូរឲ្យអ្នកទាំងអស់គ្នាមានគំនិតតែមួយ មានចិត្ដអាណិតអាសូរ មានចិត្ដស្រឡាញ់គ្នាដូចជាបងប្អូន ចិត្ដសន្ដោស និងចិត្តសុភាពចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានគំនិតតែមួយ មានចិត្តអាណិតអាសូរ មានចិត្តស្រឡាញ់គ្នាជាបងប្អូន មានចិត្តទន់សន្តោស ហើយសុភាព។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីបញ្ចប់ ត្រូវមានចិត្តគំនិតតែមួយ និងរួមសុខទុក្ខជាមួយគ្នា។ ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកដូចបងប្អូនបង្កើត មានចិត្តអាណិតមេត្តា និងសុភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយបង្អស់នេះ ចូរឲ្យគ្រប់គ្នាមានគំនិតតែ១ ព្រមទាំងមានចិត្តអាណិតអាសូរ ហើយស្រឡាញ់គ្នាជាបងប្អូន នឹងមានចិត្តទន់សន្តោស ហើយសុភាព អាល់គីតាប នៅទីបញ្ចប់ ត្រូវមានចិត្ដគំនិតតែមួយ និងរួមសុខទុក្ខជាមួយគ្នា។ ត្រូវមានចិត្ដស្រឡាញ់គ្នាទៅវិញទៅមកដូចបងប្អូនបង្កើត មានចិត្ដអាណិតមេត្ដា និងសុភាព។ |
ដូចដែលឪពុកអាណិតមេត្តាកូនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតមេត្តាអ្នកដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។
អ្នកដែលចម្រើនទ្រព្យសម្បត្តិរបស់ខ្លួនដោយការប្រាក់ និងការប្រាក់បន្ថែមដ៏ហួសហេតុ គឺប្រមូលទុកសម្រាប់អ្នកដែលមានចិត្តសប្បុរសដល់អ្នកក្រខ្សត់។
“ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះថា: ‘ចូរឲ្យម្នាក់ៗអនុវត្តការកាត់ក្ដីដ៏ពិតត្រង់ ហើយសម្ដែងសេចក្ដីសប្បុរស និងសេចក្ដីមេត្តាដល់បងប្អូនរបស់ខ្លួនចុះ។
តើមិនគួរឲ្យអ្នកអាណិតមេត្តាបាវបម្រើជាគ្នារបស់អ្នក ដូចដែលយើងបានអាណិតមេត្តាអ្នកដែរទេឬ?’។
ប៉ុន្តែមានជនជាតិសាម៉ារីម្នាក់ធ្វើដំណើរមកដល់ នៅពេលឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរ
នៅថ្ងៃបន្ទាប់ យើងចូលចតនៅស៊ីដូន។ យូលាសបានប្រព្រឹត្តដល់ប៉ូលដោយសប្បុរស គឺលោកបានអនុញ្ញាតឲ្យប៉ូលទៅជួបមិត្តភក្ដិ ដើម្បីបានការទទួលយ៉ាងកក់ក្ដៅពីពួកគេ។
នៅជិតកន្លែងនោះ មានដីរបស់មេគ្រប់គ្រងកោះនោះឈ្មោះពូព្លាស។ លោកបានទទួលយើងឲ្យស្នាក់នៅយ៉ាងរាក់ទាក់រយៈពេលបីថ្ងៃ។
ពេលនោះ ហ្វូងមនុស្សដែលបានជឿមានចិត្តគំនិតតែមួយ ហើយគ្មានអ្នកណាម្នាក់អះអាងថា អ្វីៗដែលខ្លួនមានជារបស់ខ្លួនឯងឡើយ ផ្ទុយទៅវិញ ពួកគេដាក់អ្វីៗទាំងអស់ជារបស់រួម។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរនាំមុខក្នុងការគោរពគ្នាទៅវិញទៅមក។
ដូច្នេះ សូមឲ្យព្រះនៃការអត់ធ្មត់ និងការកម្សាន្តចិត្ត ប្រទានឲ្យអ្នករាល់គ្នាមានចិត្តតែមួយចំពោះគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ឲ្យអ្នកទាំងអស់គ្នាយល់ស្របគ្នាទៅវិញទៅមក ហើយកុំឲ្យមានការបាក់បែកគ្នាក្នុងចំណោមអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ឲ្យអ្នករាល់គ្នាសាមគ្គីគ្នាដោយមានគំនិតតែមួយ និងបំណងតែមួយ។
ប្រសិនបើអវយវៈណាមួយរងទុក្ខ អវយវៈទាំងអស់ក៏រងទុក្ខជាមួយដែរ; ប្រសិនបើអវយវៈណាមួយទទួលការលើកតម្កើងសិរីរុងរឿង អវយវៈទាំងអស់ក៏អបអរជាមួយដែរ។
គឺដោយការបន្ទាបខ្លួន និងសេចក្ដីសុភាពរាបសាទាំងស្រុង ដោយការអត់ធ្មត់ ទាំងទ្រាំនឹងគ្នាទៅវិញទៅមកក្នុងសេចក្ដីស្រឡាញ់
ចូរដកយកអស់ទាំងជាតិល្វីង សេចក្ដីក្ដៅក្រហាយ កំហឹង ជម្លោះឡូឡា និងការមួលបង្កាច់ ព្រមទាំងគំនិតព្យាបាទគ្រប់បែបយ៉ាងចេញពីអ្នករាល់គ្នា។
ចូរមានចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក ទាំងមេត្តាករុណា ហើយលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដូចដែលព្រះបានលើកលែងទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ៕
កុំធ្វើអ្វីដោយចិត្តទាស់ទែង ឬដោយចិត្តចង់បានកិត្តិយសឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរចាត់ទុកអ្នកដទៃថាប្រសើរជាងខ្លួន ដោយបន្ទាបខ្លួនចុះ។
ដោយហេតុនេះ ក្នុងនាមជាអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះ ជាអ្នកដ៏វិសុទ្ធ និងជាទីស្រឡាញ់ ចូរបំពាក់ខ្លួនដោយដួងចិត្តនៃសេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស ការបន្ទាបខ្លួន សេចក្ដីសុភាពរាបសា និងសេចក្ដីអត់ធ្មត់
ជាការពិត ការជំនុំជម្រះគ្មានសេចក្ដីមេត្តាចំពោះអ្នកដែលមិនសម្ដែងសេចក្ដីមេត្តា។ សេចក្ដីមេត្តាតែងតែឈ្នះលើការជំនុំជម្រះ។
រីឯប្រាជ្ញាពីខាងលើ ដំបូងគឺបរិសុទ្ធ រួចមកគឺសុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តា និងផលផ្លែដ៏ល្អ ឥតលំអៀង ហើយឥតពុតត្បុត។
មើល៍! យើងហៅអ្នកដែលស៊ូទ្រាំថាជាអ្នកមានព្រះពរ! អ្នករាល់គ្នាបានឮអំពីការស៊ូទ្រាំរបស់យ៉ូប ហើយបានឃើញចុងបញ្ចប់របស់លោកដែលព្រះអម្ចាស់ប្រទានឲ្យ គឺព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណា។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធដោយការស្ដាប់បង្គាប់សេចក្ដីពិត ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត ដូច្នេះចូរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តដោយចិត្តបរិសុទ្ធចុះ។
ដូចគ្នាដែរ អ្នករាល់គ្នាដែលនៅក្មេងអើយ ចូរចុះចូលនឹងពួកចាស់ទុំចុះ។ អ្នកទាំងអស់គ្នាត្រូវបំពាក់ខ្លួនដោយការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ដ្បិត “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។
បន្ថែមសេចក្ដីស្រឡាញ់ជាបងប្អូនលើការគោរពព្រះ ហើយបន្ថែមសេចក្ដីស្រឡាញ់លើសេចក្ដីស្រឡាញ់ជាបងប្អូន។
យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ ពីព្រោះយើងស្រឡាញ់បងប្អូន។ អ្នកដែលមិនស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។