Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ាកុប 3 - ព្រះគម្ពីរខ្មែរសាកល


ការទប់អណ្ដាត

1 បងប្អូន​របស់ខ្ញុំ​អើយ កុំ​ធ្វើជា​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា យើង​ដែលធ្វើជាគ្រូ​នឹង​ទទួល​ការជំនុំជម្រះ​តឹងរ៉ឹងជាង​។

2 តាមពិត យើង​ទាំងអស់គ្នា​តែងតែ​ជំពប់​ក្នុង​ចំណុច​ជាច្រើន​។ ប្រសិនបើ​អ្នកណា​មិន​ជំពប់​ក្នុង​ពាក្យសម្ដី​របស់ខ្លួន អ្នកនោះ​ជា​មនុស្ស​ពេញវ័យ​ដែល​អាច​ទប់​រូបកាយ​ទាំងមូល​បាន​។

3 ប្រសិនបើ​ដាក់​បង្ខាំបង្ហៀរ​ក្នុង​មាត់​សេះ​ដើម្បីឲ្យ​វា​ស្ដាប់បង្គាប់​យើង យើង​ក៏​អាច​បញ្ជា​ខ្លួន​វា​ទាំងមូល​បាន​។

4 មើល៍! សំពៅ​ក៏ដូចគ្នាដែរ ទោះបីជា​ធំដល់ម្ល៉េះ ហើយ​ត្រូវ​ខ្យល់​ខ្លាំង​បក់បោក​ក៏ដោយ ក៏​វា​ត្រូវបាន​បញ្ជា​ឲ្យទៅ​ទីណា​ក៏បាន ដោយ​ចង្កូត​ដ៏តូចបំផុត​តាមបំណងចិត្ត​អ្នក​បើក​។

5 រីឯ​អណ្ដាត​ក៏​ដូច្នោះ​ដែរ វា​ជា​អវយវៈ​មួយ​តូច ប៉ុន្តែ​ចេះ​អួតអាង​សម្បើមណាស់​។ មើល៍! សូម្បីតែ​ភ្លើង​ដ៏តូច ក៏​អាច​ឆាបឆេះ​ព្រៃ​ដ៏ធំ​បាន​!

6 អណ្ដាត​ជា​ភ្លើង ជា​ពិភព​នៃ​សេចក្ដីទុច្ចរិត​; អណ្ដាត​ត្រូវបាន​ដាក់​នៅក្នុងចំណោម​អវយវៈ​របស់យើង ទាំង​ធ្វើឲ្យ​រូបកាយ​ទាំងមូល​សៅហ្មង ក៏​បញ្ឆេះ​ដំណើរ​ជីវិត ហើយ​ខ្លួនវា​ក៏​ត្រូវបាន​បញ្ឆេះ​ដោយ​ភ្លើង​ស្ថាននរក​ដែរ​។

7 ជាការពិត គ្រប់ទាំង​ពូជ​សត្វព្រៃ បក្សាបក្សី សត្វលូនវារ រួមទាំង​សត្វក្នុងសមុទ្រ អាច​ផ្សាំង​បាន ហើយក៏​ត្រូវ​មនុស្សជាតិ​ផ្សាំង​ហើយ​ដែរ

8 ប៉ុន្តែ​គ្មានមនុស្សណា​អាច​ផ្សាំង​អណ្ដាត​បាន​ឡើយ​។ វាជា​សេចក្ដី​អាក្រក់​ដែលទប់មិនបាន ទាំង​ពេញ​ដោយ​ពិស​ដែលនាំឲ្យស្លាប់​។

9 យើង​សរសើរតម្កើង​ព្រះអម្ចាស់ និង​ព្រះ​បិតា ដោយ​អណ្ដាត ហើយ​យើង​ប្រទេចផ្ដាសា​មនុស្ស​ដែល​ត្រូវបាន​បង្កើត​តាម​លក្ខណៈដូច​ព្រះ ដោយ​អណ្ដាតដដែលនោះ​ដែរ​។

10 មាន​ទាំង​ពាក្យសរសើរតម្កើង និង​ពាក្យប្រទេចផ្ដាសា​ចេញមក​ពី​មាត់​តែមួយ​! បងប្អូន​របស់ខ្ញុំ​អើយ មិន​ត្រូវ​ឲ្យ​មាន​ដូច្នេះ​ឡើយ​!

11 ប្រភពទឹក​មិន​បង្ហូរចេញ​ជា​ទឹក​សាប​ផង ទឹក​ប្រៃ​ផង ពី​រន្ធ​តែមួយ​ទេ មែនទេ​?

12 បងប្អូន​របស់ខ្ញុំ​អើយ ដើមល្វា​មិន​អាច​បង្កើត​ផ្លែអូលីវ​បាន​ទេ ឬ​ដើមទំពាំងបាយជូរ​មិន​អាច​បង្កើត​ផ្លែល្វា​បាន​ទេ មែនទេ​? ទឹកប្រៃ​ក៏មិន​អាច​បង្ហូរចេញ​ជា​ទឹក​សាប​បាន​ដែរ​។


ប្រាជ្ញាពីខាងលើ

13 ក្នុងចំណោម​អ្នករាល់គ្នា តើ​នរណា​មានប្រាជ្ញា និង​មានការយល់ដឹង​? ចូរឲ្យ​អ្នកនោះ​បង្ហាញ​ការប្រព្រឹត្ត​របស់​ខ្លួន តាមរយៈ​កិរិយា​ល្អ ដោយ​ភាពសុភាពរាបសា​នៃ​ប្រាជ្ញា​ចុះ​។

14 ប៉ុន្តែ​ប្រសិនបើ​មាន​ការឈ្នានីស​ដ៏ល្វីងជូរចត់ និង​ការទាស់ទែង​ក្នុង​ចិត្ត​អ្នករាល់គ្នា នោះ​កុំ​អួតខ្លួន ‍ហើយ​ភូតភរ​ទាស់នឹង​សេចក្ដីពិត​ឡើយ​។

15 ប្រាជ្ញា​បែបនេះ មិនមែន​ចុះមក​ពីខាងលើ​ទេ គឺ​មកពី​ខាងលោកីយ៍ ខាងសាច់ឈាម និង​ខាងអារក្ស​វិញ​។

16 ដ្បិត​ទីណាដែល​មាន​ការឈ្នានីស និង​ការទាស់ទែង ទីនោះ​មាន​ភាពច្របូកច្របល់ និង​ការអាក្រក់​គ្រប់យ៉ាង​។

17 រីឯ​ប្រាជ្ញា​ពីខាងលើ ដំបូង​គឺ​បរិសុទ្ធ រួចមក​គឺ​សុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញ​ដោយ​សេចក្ដីមេត្តា និង​ផលផ្លែ​ដ៏ល្អ ឥតលំអៀង ហើយ​ឥតពុតត្បុត​។

18 មួយវិញទៀត ផលផ្លែ​នៃ​សេចក្ដីសុចរិត តែងតែ​ត្រូវបាន​សាបព្រោះ​ក្នុង​សន្តិភាព ដោយ​អ្នក​ដែល​បង្កើត​សន្តិភាព​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម