១ ពេត្រុស 3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឯពួកស្រីៗ ត្រូវចុះចូលចំពោះប្ដីខ្លួនបែបដូច្នោះដែរ ដើម្បីបើមានអ្នកណា ដែលមិនព្រមស្តាប់បង្គាប់ តាមព្រះបន្ទូល នោះប្រពន្ធនឹងទាញចិត្តមកបាន ដោយសារកិរិយាល្អ ក្រៅពីព្រះបន្ទូល 2 ដោយអ្នកនោះឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះ 3 ទាំងតែងខ្លួនមិនមែនដោយបែបខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសំលៀកបំពាក់ផ្សេងៗឡើយ 4 គឺតែងចំពោះមនុស្សលាក់កំបាំងក្នុងចិត្តវិញ ដោយគ្រឿងដ៏មិនចេះពុករលួយរបស់វិញ្ញាណសំឡូត ហើយរម្យទម នោះឯងជាសេចក្ដី ដែលមានដំឡៃវិសេសនៅចំពោះព្រះ 5 ដ្បិតពីដើម ពួកស្រីៗ បរិសុទ្ធដែលសង្ឃឹមដល់ព្រះ ក៏បានតែងខ្លួនយ៉ាងដូច្នោះ ទាំងចុះចូលចំពោះប្ដីខ្លួនដែរ 6 ដូចជានាងសារ៉ាបានចុះចូលនឹងលោកអ័ប្រាហាំ ព្រមទាំងហៅលោកជាម្ចាស់ផង ឯអ្នករាល់គ្នា ក៏បានត្រឡប់ជាពូជនាងនោះ ដោយបានប្រព្រឹត្តល្អ ឥតភិតភ័យនឹងសេចក្ដីស្ញែងខ្លាចណាឡើយ 7 ឯពួកប្រុសៗ នោះក៏ត្រូវនៅជាមួយនឹងប្រពន្ធដោយប្រាជ្ញាដែរ ដូចនឹងគ្រឿងភាជនៈដែលខ្សោយជាង គឺជាមនុស្សស្រី ព្រមទាំងរាប់អាននាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមរដកជាមួយគ្នា ដើម្បីកុំឲ្យមានអ្វីបង្អាក់ ដល់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ។ 8 ក្រោយបង្អស់នេះ ចូរឲ្យគ្រប់គ្នាមានគំនិតតែ១ ព្រមទាំងមានចិត្តអាណិតអាសូរ ហើយស្រឡាញ់គ្នាជាបងប្អូន នឹងមានចិត្តទន់សន្តោស ហើយសុភាព 9 ឥតធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញ ដោយដឹងថា ទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ដើម្បីឲ្យបានព្រះពរទុកជាមរដក 10 ដ្បិត«អ្នកណាដែលចូលចិត្តចង់ស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាដ៏ល្អ នោះត្រូវបញ្ចៀសអណ្តាតពីសេចក្ដីអាក្រក់ចេញ ហើយបបូរមាត់ក៏ដែរ កុំឲ្យពោលពាក្យប្រកបដោយឧបាយកលឡើយ 11 ត្រូវឲ្យអ្នកនោះបែរចេញពីការអាក្រក់ ប្រយោជន៍ឲ្យបានធ្វើការល្អវិញ ត្រូវស្វែងរក ហើយដេញតាមសេចក្ដីមេត្រីភាព 12 ពីព្រោះព្រះនេត្រនៃព្រះអម្ចាស់ តែងទតមកលើមនុស្សសុចរិត ឯព្រះកាណ៌ទ្រង់ក៏ផ្ទៀងស្តាប់ពាក្យទូលអង្វររបស់គេ តែព្រះភក្ត្រ ព្រះអម្ចាស់តែងទាស់ទទឹងនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់វិញ»។ 13 បើអ្នករាល់គ្នាឧស្សាហ៍នឹងប្រព្រឹត្តការល្អ នោះតើមានអ្នកណានឹងធ្វើបាបដល់អ្នករាល់គ្នា 14 តែបើអ្នករាល់គ្នាត្រូវរងទុក្ខ ដោយព្រោះសេចក្ដីសុចរិតវិញ នោះអ្នករាល់គ្នាមានពរពិត មិនត្រូវឲ្យអ្នកខ្លាចចំពោះសេចក្ដីស្ញែងខ្លាចរបស់គេឡើយ ក៏កុំឲ្យថប់បារម្ភដែរ 15 ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា 16 ព្រមទាំងមានបញ្ញាចិត្តជ្រះថ្លា ដើម្បីឲ្យពួកអ្នកដែលនិយាយដើមពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ បានអៀនខ្មាសវិញ ដោយព្រោះគេនិយាយបង្កាច់ពីកិរិយាល្អដែលអ្នករាល់គ្នាប្រព្រឹត្តក្នុងព្រះគ្រីស្ទ 17 ដ្បិតបើព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារងទុក្ខ នោះស៊ូរងដោយព្រោះការល្អជាជាងការអាក្រក់ 18 ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ ដោយទ្រង់ត្រូវគេធ្វើគុតខាងសាច់ឈាម តែបានព្រះវិញ្ញាណប្រោសឲ្យរស់វិញ 19 ហើយដោយនូវព្រះវិញ្ញាណនោះឯង ទ្រង់បានយាងទៅប្រដៅដល់ពួកវិញ្ញាណដែលជាប់ឃុំ ជាពួកអ្នកដែលពីដើមមិនព្រមជឿ 20 គឺក្នុងខណដែលសេចក្ដីអត់ធ្មត់របស់ព្រះ បានរង់ចាំនៅជំនាន់លោកណូអេ កាលលោកកំពុងតែធ្វើទូកធំ ហើយនៅក្នុងទូកនោះមានមនុស្សតែបន្តិច គឺ៨នាក់ប៉ុណ្ណោះ ដែលបានរួចដោយសារទឹក 21 ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្ដីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ 22 ដែលទ្រង់បានយាងចូលទៅក្នុងស្ថានសួគ៌ គង់នៅខាងស្តាំនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច នឹងពួកមានឥទ្ធិឫទ្ធិទាំងប៉ុន្មាន ចុះចូលនឹងទ្រង់ដែរ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia