Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

កិច្ចការ 28 - ព្រះគម្ពីរខ្មែរសាកល


អ្នកម៉ាល់ត៍ទទួលរាក់ទាក់

1 ក្រោយពី​រួចជីវិត ទើប​យើង​ដឹង​ថា​កោះ​នោះ​ឈ្មោះ​ម៉ាល់ត៍​។

2 អ្នកស្រុក​នោះ​បាន​បង្ហាញ​ចិត្តសប្បុរស​មិន​ធម្មតា​ដល់​យើង​។ ដោយសារ​ធ្លាក់​ភ្លៀង និង​រងា​ផង ពួកគេ​ក៏​បង្កាត់​ភ្លើង​ទទួល​យើង​ទាំងអស់គ្នា​។

3 នៅពេល​ប៉ូល​ប្រមូល​មែកគុម្ពោត​មួយ​កង ហើយ​ដាក់​លើ​ភ្នក់ភ្លើង មាន​ពស់វែក​មួយ​ចេញមក​ដោយសារតែ​កម្ដៅ ចឹក​ដៃ​គាត់​ជាប់​។

4 កាល​អ្នកស្រុក​នោះ​ឃើញ​ពស់​កំពុង​សំយុងចុះ​ពី​ដៃ​របស់​គាត់ ពួកគេ​និយាយ​គ្នា​ថា​៖ “អ្នក​នេះ​ប្រាកដជា​ឃាតករ​មែនហើយ ទោះបីជា​វា​គេចរួច​ពី​សមុទ្រ​ក៏ដោយ ក៏​ព្រះម៉ែនៃសេចក្ដីយុត្តិធម៌​មិន​ទុកឲ្យ​វា​នៅរស់​ដែរ”។

5 ក៏ប៉ុន្តែ​ប៉ូល​រលាស់​ពស់​នោះ​ទៅក្នុង​ភ្លើង ដោយ​មិន​រងទុក្ខ​អន្តរាយ​អ្វីឡើយ​។

6 ពួកគេ​ស្មានថា​គាត់​រៀបនឹង​ហើមឡើង ឬ​ដួល​ស្លាប់​ភ្លាម ប៉ុន្តែ​ពេល​ពួកគេ​រង់ចាំ​យូរ ហើយ​ឃើញថា​គ្មានអ្វី​ប្លែក​កើតឡើង​ដល់​គាត់​សោះ ពួកគេ​ក៏​ដូរគំនិត ហើយ​ពោលថា​គាត់​ជា​ព្រះ​វិញ​។


ព័ន្ធកិច្ចនៅម៉ាល់ត៍

7 នៅ​ជិត​កន្លែង​នោះ មាន​ដី​របស់​មេគ្រប់គ្រង​កោះ​នោះ​ឈ្មោះ​ពូព្លាស​។ លោក​បាន​ទទួល​យើង​ឲ្យស្នាក់នៅ​យ៉ាងរាក់ទាក់​រយៈពេល​បី​ថ្ងៃ​។

8 ពេលនោះ ឪពុក​របស់​ពូព្លាស​កំពុង​ដេក ទាំង​រងទុក្ខ​ដោយ​គ្រុន និង​រាកមួល​។ ប៉ូល​ចូលទៅ​ជួប​គាត់ ហើយ​ប្រោស​គាត់​ឲ្យជា ដោយ​អធិស្ឋាន​ដាក់​ដៃ​លើ​គាត់​។

9 ក្រោយពី​ការនេះ​បាន​កើតឡើង អ្នក​ឯទៀត​នៅ​កោះ​នោះ​ដែល​មានជំងឺ​ក៏​ចូលមក​ដែរ ហើយ​ពួកគេ​ក៏​ត្រូវបាន​ប្រោសឲ្យជា​។

10 ពួកគេ​គោរព​យើង​យ៉ាងខ្លាំង ហើយ​នៅពេល​យើង​ចេញសំពៅ ពួកគេ​បាន​ជួយឧបត្ថម្ភ​អ្វីៗ​ដែល​យើង​ត្រូវការ​។


ទៅដល់រ៉ូម

11 បី​ខែ​ក្រោយមក យើង​បាន​ចេញដំណើរ​តាម​សំពៅ​មួយ​ពី​អ័លេក្សានទ្រា​ដែល​ចាំឲ្យផុតរដូវរងា​នៅ​កោះ​នោះ​។ សំពៅនោះ​មាន​រូបចម្លាក់​ព្រះជាបងប្អូនភ្លោះ​។

12 ពេល​ចូលចត​នៅ​ស៊ីរ៉ាគូស យើង​ស្នាក់នៅ​ទីនោះ​បី​ថ្ងៃ

13 ហើយ​ចេញ​ពីទីនោះ​វាង​ទៅដល់​រេគាម​។ មួយ​ថ្ងៃ​ក្រោយមក មាន​ខ្យល់ទិសខាងត្បូង​បក់មក ហើយ​នៅថ្ងៃទីពីរ យើង​មកដល់​ពូទីយ៉ូលី​។

14 នៅទីនោះ យើង​ជួប​ពួក​បងប្អូន ហើយ​ពួកគេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់នៅ​ជាមួយ​ពួកគេ​ប្រាំពីរ​ថ្ងៃ​។ គឺ​ដូច្នោះឯង ដែល​យើង​ទៅដល់​រ៉ូម​។

15 នៅពេល​ឮ​ដំណឹង​អំពី​យើង ពួក​បងប្អូន​ក៏​ចេញ​ពីទីនោះ​មក​រហូតដល់​ផ្សារ​អាប់ពីយូស និង​ផ្ទះសំណាក់​បី ដើម្បី​ទទួល​យើង​។ កាល​ឃើញ​ពួកគេ ប៉ូល​ក៏​អរព្រះគុណ​ដល់​ព្រះ ហើយ​មាន​ចិត្តក្លាហាន​ឡើង​។

16 ក្រោយពី​យើង​ចូលទៅ​រ៉ូម គេ​បាន​អនុញ្ញាតឲ្យ​ប៉ូល​ស្នាក់នៅ​ម្នាក់ឯង ដោយមាន​ទាហាន​ម្នាក់​យាម​គាត់​។


សម្ភាសប៉ូលលើកដំបូងដោយជនជាតិយូដានៅរ៉ូម

17 បី​ថ្ងៃ​ក្រោយមក ប៉ូល​ហៅ​ពួក​មេគ្រប់គ្រង​របស់​ជនជាតិយូដា​មក​ជុំគ្នា​។ នៅពេល​ពួកគេ​មកជួបជុំគ្នា ប៉ូល​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “បងប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំងនឹង​ប្រជាជន ឬ​ទំនៀមទម្លាប់​របស់​ដូនតា​ទេ ប៉ុន្តែ​នៅ​យេរូសាឡិម​ខ្ញុំ​ត្រូវបាន​ប្រគល់​ជា​អ្នកទោស ទៅក្នុង​កណ្ដាប់ដៃ​របស់​ជនជាតិរ៉ូម៉ាំង​។

18 នៅពេល​សួរចម្លើយ​ខ្ញុំ​រួចហើយ ពួកគេ​ចង់​ដោះលែង​ខ្ញុំ ពីព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​ដល់​ស្លាប់​ទេ​។

19 ប៉ុន្តែ​ដោយសារ​ពួកយូដា​ចេះតែ​ប្រកែក ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ​។ នេះ​មិនមែន​ថា​ខ្ញុំ​មាន​អ្វី​ចោទប្រកាន់​ជនរួមជាតិ​របស់ខ្ញុំ​ទេ​។

20 ហេតុនេះហើយបានជា​ខ្ញុំ​អញ្ជើញ​អ្នករាល់គ្នា​ឲ្យ​មក​ជួប និង​សន្ទនា ដ្បិត​ខ្ញុំ​ជាប់​ច្រវាក់​នេះ​ដោយសារតែ​សេចក្ដីសង្ឃឹម​នៃ​អ៊ីស្រាអែល”។

21 ពួកគេ​ក៏​និយាយ​នឹង​ប៉ូល​ថា​៖ “យើង​មិន​បាន​ទទួល​សំបុត្រ​ពី​យូឌា ស្ដីអំពី​លោក​ឡើយ ហើយក៏គ្មាន​អ្នកណា​ក្នុង​បងប្អូនរួមជាតិ​មក​រាយការណ៍ ឬ​និយាយ​អ្វី​អាក្រក់​អំពី​លោក​ដែរ​។

22 ប៉ុន្តែ​យើង​គិតថាគួរ​ស្ដាប់​គំនិត​របស់​លោក​ពី​លោក ដ្បិត​យើង​ដឹងច្បាស់​ថា នៅ​គ្រប់ទីកន្លែង គេ​និយាយប្រឆាំង​នឹង​និកាយ​នេះ​មែន”។


ប្រតិកម្មនឹងការផ្សព្វផ្សាយរបស់ប៉ូល

23 ដូច្នេះ ពួកគេ​បាន​កំណត់​ថ្ងៃ​ជួប​ប៉ូល នោះ​មាន​មនុស្ស​ច្រើនជាងមុន​មក​ជួប​គាត់ នៅ​កន្លែង​ដែល​គាត់​ស្នាក់នៅ​។ គាត់​ក៏​ពន្យល់​ដល់​ពួកគេ​តាំងពី​ព្រលឹម​រហូតដល់​ល្ងាច ដោយ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​អាណាចក្រ​របស់​ព្រះ ព្រមទាំង​បញ្ចុះបញ្ចូល​ពួកគេ​អំពី​ព្រះយេស៊ូវ ដោយអាង​លើ​ក្រឹត្យវិន័យ​របស់​ម៉ូសេ និង​គម្ពីរ​ព្យាការី​។

24 មាន​អ្នកខ្លះ​ទទួលជឿ​ដោយសារ​អ្វី​ដែល​គាត់​និយាយ ប៉ុន្តែ​អ្នកខ្លះទៀត​នៅតែ​មិនជឿ​។

25 នៅពេល​ពួកគេ​កំពុង​រំសាយ ទាំង​ខ្វែងគំនិត​គ្នា ប៉ូល​ក៏​និយាយ​មួយ​ពាក្យ​ទៀត​ថា​៖ “ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ថ្លែង​ដល់​ដូនតា​របស់អ្នករាល់គ្នា តាមរយៈ​ព្យាការី​អេសាយ​ត្រូវ​ហើយ

26 ថា​: ‘ចូរ​ទៅរក​ជនជាតិ​នេះ ហើយ​និយាយថា​: អ្នករាល់គ្នា​នឹង​ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​មិន​យល់​សោះឡើយ​; អ្នករាល់គ្នា​នឹង​មើលហើយមើលទៀត ប៉ុន្តែ​មិន​ចាប់ភ្លឹក​សោះឡើយ​;

27 ដ្បិត​ចិត្ត​របស់​ប្រជាជន​នេះ​បាន​ស្ពឹក ត្រចៀក​ពួកគេ​ធ្ងន់ពិបាកស្ដាប់ ហើយ​ភ្នែក​ពួកគេ​បិទ​ហើយ ក្រែងលោ​ពួកគេ​បាន​ឃើញ​នឹង​ភ្នែក ឮ​នឹង​ត្រចៀក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ក្រែងលោ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា’។

28 ដូច្នេះ ចូរ​ឲ្យ​អ្នករាល់គ្នា​ដឹងច្បាស់​ថា សេចក្ដីសង្គ្រោះ​នេះ​របស់​ព្រះ បាន​ប្រទាន​ដល់​សាសន៍ដទៃ​វិញ ហើយ​ពួកគេ​នឹង​ស្ដាប់​!”។

29 ពេល​គាត់​និយាយ​សេចក្ដីទាំងនេះ​ហើយ ពួក​ជនជាតិយូដា​ក៏​ចាកចេញទៅ ទាំង​ជជែក​គ្នា​យ៉ាងខ្លាំង​។


ប៉ូលផ្សព្វផ្សាយដោយគ្មានការរារាំង

30 រីឯ​ប៉ូល​បាន​ស្នាក់នៅ​ផ្ទះជួល​របស់គាត់​ពេញ​ពីរឆ្នាំ ហើយ​ទទួល​អស់អ្នក​ដែល​មក​ជួប​គាត់​។

31 គាត់​ប្រកាស​អាណាចក្រ​របស់​ព្រះ និង​បង្រៀន​សេចក្ដី​ដែល​ទាក់ទងនឹង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ដោយ​បើកចំហ គ្មានការហាមឃាត់​ឡើយ​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម