អេសាយ 43:10 - ព្រះគម្ពីរខ្មែរសាកល នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “អ្នករាល់គ្នាជាសាក្សីរបស់យើង និងជាអ្នកបម្រើរបស់យើងដែលយើងបានជ្រើសរើស ដើម្បីឲ្យអ្នករាល់គ្នាបានស្គាល់ និងជឿលើយើង ព្រមទាំងដើម្បីឲ្យយល់ច្បាស់ថា គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ; មុនយើង គ្មានព្រះណាត្រូវបានសូនឡើងទេ ហើយក្រោយយើង ក៏មិនមានដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយជាអ្នកបម្រើដែលយើងបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់យើង ព្រមទាំងយល់ថា គឺយើងនេះហើយ ឥតមានព្រះណាកើតមកមុនយើងទេ ហើយនៅក្រោយយើងក៏គ្មានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។ យើងបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង ព្រមទាំងយល់ថា មានតែយើងនេះទេ ជាព្រះជាម្ចាស់។ នៅមុនយើងគ្មានព្រះណាទេ នៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់អញ ព្រមទាំងយល់ថា គឺអញនេះហើយ ឥតមានព្រះណាកើតមកមុនអញទេ ហើយក្រោយអញក៏ឥតមានដែរ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា: អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។ យើងបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង ព្រមទាំងយល់ថា មានតែយើងនេះទេ ជាអុលឡោះ។ នៅមុនយើងគ្មានម្ចាស់ណាទេ នៅក្រោយយើងក៏គ្មានម្ចាស់ណាទៀតដែរ។ |
ដើម្បីឲ្យគេបានឃើញ និងដឹង ព្រមទាំងពិចារណា ហើយចាប់ភ្លឹកជាមួយគ្នាថា ព្រះហស្តរបស់ព្រះយេហូវ៉ាបានធ្វើការនេះ ហើយថា អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលបាននិម្មិតបង្កើតការនេះ។
តើនរណាបានប្រព្រឹត្ត និងបានធ្វើការនេះ ទាំងហៅទៅកាន់ជំនាន់ទាំងឡាយតាំងពីដើមដំបូង? គឺយើងជាយេហូវ៉ាដែលជាដើម ហើយក៏នៅជាមួយនឹងចុងដែរ គឺយើងហ្នឹងហើយជាព្រះអង្គនោះ”។
រីឯអ្នកវិញ អ៊ីស្រាអែលអ្នកបម្រើរបស់យើងអើយ! យ៉ាកុបដែលយើងបានជ្រើសរើស ជាពូជពង្សរបស់អ័ប្រាហាំមិត្តសម្លាញ់របស់យើងអើយ!
“មើល៍! អ្នកបម្រើរបស់យើងដែលយើងទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើសរបស់យើង ដែលយើងពេញចិត្ត។ យើងបានដាក់វិញ្ញាណរបស់យើងលើគាត់ ហើយគាត់នឹងនាំមកនូវសេចក្ដីយុត្តិធម៌ដល់ប្រជាជាតិនានា។
គឺយើងបានប្រកាស បានសង្គ្រោះ ហើយបានថ្លែងថា គ្មានព្រះដទៃក្នុងចំណោមអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាជាសាក្សីរបស់យើង!”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “គឺយើងហ្នឹងហើយ ជាព្រះ។
យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ គ្មានព្រះណាក្រៅពីយើងឡើយ។ យើងនឹងក្រវាត់អ្នក ទោះបីជាអ្នកមិនស្គាល់យើងក៏ដោយ
ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិចថា គ្មានព្រះណាក្រៅពីយើងឡើយ យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។
យ៉ាកុប និងអ៊ីស្រាអែល ជាអ្នកដែលយើងបានហៅអើយ ចូរស្ដាប់យើងចុះ! គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ។ យើងជាដើម និងជាចុង។
ស្ដេចនឹងធ្វើជាឪពុកចិញ្ចឹមរបស់អ្នក ហើយមហេសីនឹងធ្វើជាមេដោះរបស់អ្នក; ពួកគេនឹងក្រាបមុខដល់ដីនៅចំពោះអ្នក ហើយលិទ្ធធូលីនៅជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាយេហូវ៉ា។ អ្នកដែលទន្ទឹងរង់ចាំយើងនឹងមិនអាម៉ាស់មុខឡើយ”។
មើល៍! យើងបានធ្វើឲ្យដាវីឌបានជាសាក្សីដល់ជាតិសាសន៍នានា គឺជាអ្នកដឹកនាំ និងជាអ្នកបញ្ជាដល់ជាតិសាសន៍នានា។
ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំតាំងពីដំបូងមក។
ប៉ុន្តែសេចក្ដីទាំងនេះត្រូវបានសរសេរ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ និងដើម្បីឲ្យអ្នករាល់គ្នាមានជីវិតក្នុងព្រះនាមរបស់ព្រះអង្គ ដោយសារអ្នករាល់គ្នាជឿ៕
យ៉ាងណាមិញ កាលណាព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើអ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលព្រះចេស្ដា ហើយបានជាសាក្សីរបស់ខ្ញុំ ទាំងនៅយេរូសាឡិម យូឌានិងសាម៉ារីទាំងមូល ព្រមទាំងរហូតដល់ចុងបំផុតនៃផែនដី”។
មិនត្រឹមតែប៉ុណ្ណោះទេ យើងនឹងត្រូវគេចាត់ទុកថាជាសាក្សីភូតភរអំពីព្រះ ដ្បិតប្រសិនបើមនុស្សស្លាប់មិនត្រូវបានលើកឲ្យរស់ឡើងវិញ ព្រះអង្គក៏មិនបានលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញដែរ ប៉ុន្តែយើងបានធ្វើបន្ទាល់អំពីព្រះថាព្រះអង្គបានលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញ។
ផ្ទុយទៅវិញ ព្រះអង្គបានធ្វើឲ្យអង្គទ្រង់ទៅជាឥតតម្លៃ ដោយយកសណ្ឋានជាបាវបម្រើ ហើយប្រសូតក្នុងសណ្ឋានដូចមនុស្ស គឺក្នុងរូបរាងដែលមើលទៅដូចមនុស្ស។
តាមដែលអ្នករាល់គ្នាបានរៀនពីអេប៉ាប្រាសអ្នកបម្រើរួមការងារដ៏ជាទីស្រឡាញ់ជាមួយយើង។ គាត់ជាអ្នកបម្រើស្មោះត្រង់របស់ព្រះគ្រីស្ទសម្រាប់អ្នករាល់គ្នា
យ៉ូហានបានធ្វើបន្ទាល់អំពីអ្វីៗដែលគាត់បានឃើញ គឺអំពីព្រះបន្ទូលរបស់ព្រះ និងអំពីទីបន្ទាល់ស្ដីពីព្រះយេស៊ូវគ្រីស្ទ។
ព្រមទាំងពីព្រះយេស៊ូវគ្រីស្ទដែលជាសាក្សីស្មោះត្រង់ ជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ និងជាមេគ្រប់គ្រងលើបណ្ដាស្ដេចនៃផែនដី! ចំពោះព្រះអង្គដែលស្រឡាញ់យើង ហើយរំដោះយើងពីបាបរបស់យើងដោយព្រះលោហិតរបស់ព្រះអង្គ
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅឡៅឌីសេថា: ‘ព្រះអង្គដែលជាអាម៉ែន ជាសាក្សីស្មោះត្រង់ និងពិតត្រង់ ជាដើមកំណើតនៃអ្វីដែលព្រះបាននិម្មិតបង្កើត មានបន្ទូលដូច្នេះ: