Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 43 - ព្រះគម្ពីរខ្មែរសាកល


ព្រះទ្រង់ប្រោសលោះអ៊ីស្រាអែល

1 យ៉ាកុប​អើយ ព្រះយេហូវ៉ា​ជា​ព្រះអង្គដែល​និម្មិតបង្កើត​អ្នក អ៊ីស្រាអែល​អើយ ព្រះអង្គដែល​សូន​អ្នក ឥឡូវនេះ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “កុំ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ​; យើង​បាន​ហៅ​អ្នក​ចំ​ឈ្មោះ​; អ្នក​ជារបស់​យើង​ហើយ​!

2 នៅពេល​អ្នក​ឆ្លងកាត់​ទឹក យើង​នៅជាមួយ​អ្នក​; នៅពេល​អ្នក​ឆ្លងកាត់​ទន្លេ វា​នឹង​មិន​ជន់លិច​អ្នក​; នៅពេល​អ្នក​ដើរ​កាត់​ភ្លើង អ្នក​នឹង​មិន​រលាក ហើយ​អណ្ដាតភ្លើង​ក៏​មិន​ឆេះ​អ្នក​ដែរ​។

3 ដ្បិត​យើង​ជា​យេហូវ៉ា ព្រះ​របស់អ្នក យើងជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល គឺជា​ព្រះសង្គ្រោះ​របស់អ្នក​។ យើង​ប្រគល់​អេហ្ស៊ីប​ជា​ថ្លៃលោះ​របស់អ្នក ព្រមទាំង​ប្រគល់​អេត្យូពី និង​សាបា​ជំនួស​អ្នក​ផង​។

4 ដោយព្រោះ​អ្នក​មានតម្លៃ និង​មានកិត្តិយស​ក្នុង​ភ្នែក​របស់យើង ហើយ​យើង​ស្រឡាញ់​អ្នក ដូច្នេះ​យើង​នឹង​ប្រគល់​មនុស្សដទៃ​ជំនួស​អ្នក ក៏​នឹង​ប្រគល់​ជាតិសាសន៍​នានា​ជំនួស​ជីវិត​របស់អ្នក​ដែរ​។

5 កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​។ យើង​នឹង​នាំ​ពូជពង្ស​របស់អ្នក​មក​ពី​ទិសខាងកើត ហើយ​ប្រមូល​អ្នក​មក​ពី​ទិសខាងលិច​។

6 យើង​នឹង​បង្គាប់​ទិសខាងជើង​ថា​: ‘ចូរ​ប្រគល់​មក៍​!’ ក៏​បង្គាប់​ទិសខាងត្បូង​ថា​: ‘កុំ​ឃាត់ទុក​ឡើយ​!’។ ចូរ​នាំ​ពួក​កូនប្រុស​របស់យើង​មក​ពី​ទីឆ្ងាយ ចូរ​នាំ​ពួក​កូនស្រី​របស់យើង​មក​ពី​ចុងបំផុត​នៃ​ផែនដី

7 គឺ​អស់អ្នក​ដែល​ត្រូវបាន​ហៅ​តាម​នាម​របស់យើង និង​អ្នកដែល​យើង​បាន​និម្មិតបង្កើត​សម្រាប់​សិរីរុងរឿង​របស់យើង ជា​អ្នកដែល​យើង​បាន​សូន ក៏​បាន​បង្កើត​ពួកគេ​ឡើង”។

8 ចូរ​នាំ​ប្រជាជន​ដែល​ខ្វាក់ ប៉ុន្តែ​មាន​ភ្នែក ក៏​ថ្លង់ ប៉ុន្តែ​មាន​ត្រចៀក ចេញមក​!

9 ចូរឲ្យ​អស់ទាំង​ប្រជាជាតិ​ជួបជុំ​គ្នា ចូរឲ្យ​ជាតិសាសន៍​នានា​ប្រមូលគ្នា​ចុះ​! តើ​នរណា​ក្នុងចំណោម​ព្រះទាំងនោះ​អាច​ថ្លែង​ការនេះ គឺ​អាច​តំណាលឲ្យ​យើង​ស្ដាប់​នូវអ្វីដែលកើតឡើង​ពីមុន​បាន​? ចូរ​នាំ​សាក្សី​របស់ពួកវា​មក ដើម្បី​បញ្ជាក់ថា​ខ្លួន​ឥតទោស​! ចូរ​តំណាលឲ្យ​គេ​ស្ដាប់ ហើយ​ឲ្យ​គេ​និយាយថា​៖ “ពិតមែន” ចុះ​។

10 នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “អ្នករាល់គ្នា​ជា​សាក្សី​របស់យើង និង​ជា​អ្នកបម្រើ​របស់យើង​ដែល​យើង​បាន​ជ្រើសរើស ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ស្គាល់ និង​ជឿលើ​យើង ព្រមទាំង​ដើម្បីឲ្យ​យល់ច្បាស់​ថា គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​; មុន​យើង គ្មាន​ព្រះ​ណា​ត្រូវបាន​សូនឡើង​ទេ ហើយ​ក្រោយ​យើង ក៏​មិន​មាន​ដែរ​។

11 យើង គឺ​យើង​ហ្នឹងហើយ ជា​យេហូវ៉ា​; គ្មាន​ព្រះសង្គ្រោះ​ណា​ក្រៅពី​យើង​ឡើយ​។

12 គឺ​យើង​បាន​ប្រកាស បាន​សង្គ្រោះ ហើយ​បាន​ថ្លែងថា គ្មាន​ព្រះ​ដទៃ​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ​។ អ្នករាល់គ្នា​ជា​សាក្សី​របស់យើង​!”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “គឺ​យើង​ហ្នឹងហើយ ជា​ព្រះ​។

13 មែនហើយ តាំងពី​មាន​ថ្ងៃ គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ គ្មានអ្នកណា​អាច​រំដោះឲ្យរួច​ពី​កណ្ដាប់ដៃ​របស់យើង​បាន​ឡើយ​។ ពេល​យើង​ធ្វើ តើ​នរណា​អាច​បង្វែរ​បាន​?”។


សេចក្ដីសង្គ្រោះរបស់ព្រះចំពោះការបះបោររបស់អ៊ីស្រាអែល

14 ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នករាល់គ្នា ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​៖ “ដោយយល់ដល់​អ្នករាល់គ្នា យើង​នឹង​ចាត់​គេ​ឲ្យទៅ​បាប៊ីឡូន ហើយ​នាំ​ពួកគេ​ទាំងអស់​ចុះមក​ជា​ជនភៀសខ្លួន គឺ​នាំ​ជនជាតិខាល់ដេ​ចុះមក​តាម​នាវា​ដែលជា​ទីអរសប្បាយ​របស់ពួកគេ​។

15 យើង​ជា​យេហូវ៉ា ជា​អង្គ​ដ៏វិសុទ្ធ​របស់អ្នករាល់គ្នា ជា​អាទិករ​នៃ​អ៊ីស្រាអែល ជា​ស្ដេច​របស់អ្នករាល់គ្នា”។

16 ព្រះយេហូវ៉ា​ដែល​ធ្វើឲ្យមាន​ផ្លូវ​ក្នុង​សមុទ្រ ដែល​ធ្វើឲ្យមាន​គន្លង​ក្នុង​ទឹក​ដ៏ច្រើន

17 ដែល​នាំ​រទេះចម្បាំង និង​សេះ​ចេញមក ព្រមទាំង​កងទ័ព និង​មនុស្ស​ខ្លាំងពូកែ (​ពួកគេ​នឹង​ដេក​ទាំងអស់គ្នា មិន​ក្រោកឡើង​ទៀតឡើយ​; ពួកគេ​នឹង​សាបសូន្យ​ទៅ ហើយ​រលត់​ដូចជា​ប្រឆេះ​) គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖

18 “កុំ​នឹកចាំ​អំពី​ការ​ពីមុន​ឡើយ ក៏​កុំ​រិះគិត​អំពី​ការ​ពីបុរាណ​ដែរ​។

19 មើល៍! យើង​នឹង​ធ្វើ​ការថ្មី​មួយ​; ឥឡូវនេះ វា​នឹង​លេចឡើង​! តើ​អ្នករាល់គ្នា​មិន​ស្គាល់​វា​ទេ​ឬ​? យើង​នឹង​ធ្វើឲ្យមាន​ផ្លូវ​មួយ​នៅ​ទីរហោស្ថាន យើង​នឹង​ធ្វើឲ្យមាន​ទន្លេ​នៅ​វាលខ្សាច់​។

20 សត្វព្រៃនៃទីវាល​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​យើង គឺ​ទាំង​ឆ្កែព្រៃ និង​អូទ្រីស ពីព្រោះ​យើង​បាន​ផ្ដល់​ទឹក​នៅ​ទីរហោស្ថាន ក៏​បាន​ផ្ដល់​ទន្លេ​នៅ​វាលខ្សាច់ ដើម្បីឲ្យ​ប្រជារាស្ត្រ​របស់យើង​ជា​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង បាន​ផឹក​ផង

21 ជា​ប្រជារាស្ត្រ​ដែល​យើង​បាន​សូន​សម្រាប់​ខ្លួនយើង ដើម្បីឲ្យ​ពួកគេ​ថ្លែង​សេចក្ដីសរសើរតម្កើង​ដល់​យើង​។

22 យ៉ាងណាមិញ យ៉ាកុប​អើយ អ្នក​មិន​បាន​ស្រែកហៅ​យើង​ទេ ផ្ទុយទៅវិញ អ៊ីស្រាអែល​អើយ អ្នក​បាន​នឿយណាយ​នឹង​យើង​!

23 អ្នក​មិន​បាន​នាំ​ចៀម​នៃ​តង្វាយដុត​របស់អ្នក​មក​ថ្វាយ​យើង​ទេ ក៏​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់​យើង​ដោយ​យញ្ញបូជា​របស់អ្នក​ដែរ​! យើង​មិន​បាន​ដាក់បន្ទុក​លើ​អ្នក​ដោយ​តង្វាយធញ្ញជាតិ​ទេ ក៏​មិន​បាន​ធ្វើឲ្យ​អ្នក​នឿយហត់​ដោយ​កំញាន​ដែរ​។

24 អ្នក​មិន​បាន​ទិញ​កំពាន​ដោយ​ប្រាក់​ថ្វាយ​យើង​ទេ ក៏​មិន​បាន​ចម្អែត​យើង​ដោយ​ខ្លាញ់​នៃ​យញ្ញបូជា​របស់អ្នក​ដែរ ផ្ទុយទៅវិញ អ្នក​បាន​ដាក់បន្ទុក​លើ​យើង​ដោយ​បាប​របស់អ្នក ទាំង​ធ្វើឲ្យ​យើង​នឿយហត់​ដោយ​អំពើទុច្ចរិត​របស់អ្នក​។

25 យើង គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ ដែល​លុប​ការបំពាន​របស់អ្នក​ចេញ​ដោយយល់ដល់​ខ្លួនយើង ហើយ​យើង​នឹង​មិន​នឹកចាំ​បាប​របស់អ្នក​ទៀតឡើយ​។

26 ចូរ​រំលឹក​យើង​ចុះ ចូរឲ្យ​យើង​តវ៉ាក្ដី​ជាមួយគ្នា​! ចូរ​រៀបរាប់រឿងក្ដី​របស់អ្នក​មក៍ ដើម្បីឲ្យ​អ្នក​ត្រូវបាន​បញ្ជាក់ថាឥតទោស​។

27 ឪពុក​ដើម​របស់អ្នក​បាន​ប្រព្រឹត្តបាប ពួក​អ្នកកណ្ដាល​របស់អ្នក​បាន​បះបោរ​ទាស់នឹង​យើង​។

28 ដូច្នេះ យើង​បាន​បន្ទាបបន្ថោក​ពួក​មេដឹកនាំ​នៃ​ទីវិសុទ្ធ ហើយ​បាន​ប្រគល់​យ៉ាកុប​ទៅ​ការញែកចេញបំផ្លាញ ក៏​បាន​ប្រគល់​អ៊ីស្រាអែល​ទៅ​ការត្មះតិះដៀល”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម