Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូហាន 20 - ព្រះគម្ពីរខ្មែរសាកល


រូងផ្នូរទទេ

1 នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ម៉ារា​អ្នកម៉ាក់ដាឡា​មក​រូងផ្នូរ​ពី​ព្រលឹម ទាំង​ងងឹត​នៅឡើយ ក៏​ឃើញថា​ថ្ម​ត្រូវបាន​យកចេញ​ពី​មាត់​រូង​ហើយ​។

2 នាង​ក៏​រត់​ទៅរក​ស៊ីម៉ូន​ពេត្រុស និង​សិស្ស​ម្នាក់ទៀត​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់ ហើយ​ប្រាប់​ពួកគេ​ថា​៖ “គេ​យក​ព្រះអម្ចាស់​ចេញ​ពី​រូងផ្នូរ​ហើយ យើង​មិន​ដឹង​ថា​គេ​ដាក់​ព្រះអង្គ​នៅ​ឯណា​ទេ​!”។

3 ដូច្នេះ​ពេត្រុស និង​សិស្ស​ម្នាក់ទៀត​នោះ​ក៏​ចេញមក ហើយ​ទៅ​រូងផ្នូរ​។

4 អ្នក​ទាំង​ពីរ​រត់​ទៅ​ជាមួយគ្នា ប៉ុន្តែ​សិស្ស​ម្នាក់ទៀត​នោះ​រត់​លឿនជាង​ពេត្រុស ហើយ​ទៅដល់​រូងផ្នូរ​មុន

5 ក៏​ឱនមើល ឃើញ​ក្រណាត់ផាឌិប​ដាក់​នៅទីនោះ ប៉ុន្តែ​គាត់​មិន​បាន​ចូល​ទេ​។

6 ស៊ីម៉ូន​ពេត្រុស​ក៏​មក​តាមក្រោយ​គាត់​ដែរ ហើយ​ចូលទៅ​ក្នុង​រូងផ្នូរ ឃើញ​ក្រណាត់ផាឌិប​ដាក់​នៅទីនោះ

7 ហើយ​ឃើញ​កន្សែង​ដែល​បាន​រុំ​ព្រះសិរ​របស់​ព្រះអង្គ មិន​នៅ​ជាមួយ​ក្រណាត់ផាឌិប​ទេ គឺ​បាន​មូរ​ទុក​នៅ​កន្លែង​មួយ​ដោយឡែក​។

8 ពេលនោះ សិស្ស​ម្នាក់ទៀត​ដែល​មកដល់​រូងផ្នូរ​មុន ក៏​ចូលទៅ​ដែរ​។ គាត់​ឃើញ​ហើយ ក៏​ជឿ​។

9 ពេលនោះ ពួកគេ​មិនទាន់​យល់​បទគម្ពីរ​ដែល​ថា ព្រះអង្គ​ត្រូវតែ​មានព្រះ​ជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។

10 បន្ទាប់មក សិស្ស​ទាំងពីរនាក់​ក៏​ត្រឡប់ទៅ​កន្លែង​របស់ខ្លួន​វិញ​។


លេចមកដល់ម៉ារាអ្នកម៉ាក់ដាឡា

11 រីឯ​ម៉ារា​បាន​ឈរ​យំ​នៅ​ខាងក្រៅ​រូងផ្នូរ​។ នៅពេល​នាង​កំពុង​យំ នាង​ក៏​ឱនមើល​ទៅក្នុង​រូងផ្នូរ

12 ហើយ​ឃើញ​ទូតសួគ៌​របស់ព្រះ​ពីរ​រូប​ស្លៀកពាក់​ស អង្គុយ​នៅ​កន្លែងដែល​គេ​ដាក់​ព្រះសព​ព្រះយេស៊ូវ គឺ​មួយ​រូប​នៅ​ខាង​ព្រះសិរ មួយ​រូប​នៅ​ខាង​ព្រះបាទា​។

13 ទូត​ទាំងនោះ​សួរ​នាង​ថា​៖ “ស្ត្រី​អើយ ហេតុអ្វីបានជា​នាង​យំ​?”។ នាង​ឆ្លើយថា​៖ “ពីព្រោះ​គេ​យក​ព្រះអម្ចាស់​របស់ខ្ញុំ​ទៅ​ហើយ ខ្ញុំ​មិន​ដឹង​ថា​គេ​ដាក់​ព្រះអង្គ​នៅ​ឯណា​ទេ”។

14 នាង​និយាយ​ដូច្នេះ​ហើយ ក៏​ងាក​មក​ក្រោយ ហើយ​ឃើញ​ព្រះយេស៊ូវ​កំពុង​ឈរ ប៉ុន្តែ​នាង​មិន​ដឹង​ថា​ជា​ព្រះយេស៊ូវ​ទេ​។

15 ព្រះយេស៊ូវ​មានបន្ទូលថា​៖“ស្ត្រី​អើយ ហេតុអ្វីបានជា​នាង​យំ​? តើ​នាង​រក​នរណា​?”។ នាង​ស្មាន​ថា​ជា​អ្នកថែសួន ក៏​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ ប្រសិនបើ​លោក​បាន​យក​ម្នាក់នោះ​ទៅ សូម​ប្រាប់​ខ្ញុំ​ថា​លោក​ដាក់​គាត់​នៅ​ឯណា​ផង ខ្ញុំ​នឹង​យក​គាត់​មកវិញ”។

16 ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“ម៉ារា​!”។ នាង​ក៏​ងាកមក ទូល​ព្រះអង្គ​ជា​ភាសាហេព្រើរ​ថា​៖ “រ៉ាបូនី​!” (​រ៉ាបូនី មានអត្ថន័យប្រែថា លោកគ្រូ​)​។

17 ព្រះយេស៊ូវ​មានបន្ទូលថា​៖“កុំ​ពាល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​មិនទាន់​ឡើងទៅ​ឯ​ព្រះ​បិតា​នៅឡើយទេ​។ ចូរ​នាង​ទៅរក​បងប្អូន​របស់ខ្ញុំ ហើយ​ប្រាប់​ពួកគេ​ថា ខ្ញុំ​នឹង​ឡើងទៅ​ឯ​ព្រះ​បិតា​របស់ខ្ញុំ ដែលជា​ព្រះ​បិតា​របស់អ្នករាល់គ្នា គឺ​ទៅ​ឯ​ព្រះ​របស់ខ្ញុំ ដែលជា​ព្រះ​របស់អ្នករាល់គ្នា​ដែរ”។

18 ម៉ារា​អ្នកម៉ាក់ដាឡា​ក៏​ទៅ​ប្រាប់​ពួក​សិស្ស​ថា​៖ “ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់​ហើយ​!” ហើយ​ប្រាប់​សេចក្ដីទាំងនោះ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​នាង​។


លេចមកដល់ពួកសិស្ស

19 នៅ​ពេលល្ងាច​ថ្ងៃ​នោះ ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ទ្វារ​បាន​បិទ​ហើយ​នៅ​កន្លែងដែល​ពួក​សិស្ស​នៅ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ ព្រះយេស៊ូវ​បាន​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។

20 នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ទ្រង់​បង្ហាញ​ព្រះហស្ត និង​ចំហៀងព្រះកាយ​ដល់​ពួកគេ​។ ពួក​សិស្ស​ក៏​អរសប្បាយ ដោយ​បាន​ឃើញ​ព្រះអម្ចាស់​។

21 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ម្ដងទៀត​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​! ដូចដែល​ព្រះ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យមក ខ្ញុំក៏​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដែរ”។

22 នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ រួច​មានបន្ទូលថា​៖“ចូរ​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​!

23 អ្នករាល់គ្នា​លើកលែងទោស​បាប​របស់​អ្នកណាក៏ដោយ បាបទាំងនោះ​ក៏​ត្រូវបាន​លើកលែងទោស​ដល់​ពួកគេ​រួចហើយ​; អ្នករាល់គ្នា​ប្រកាន់ទោស​បាប​របស់​អ្នកណាក៏ដោយ បាបទាំងនោះ​ក៏​ត្រូវបាន​ប្រកាន់ទោស​ដល់​ពួកគេ​រួចហើយ”។


លេចមកដល់ថូម៉ាស

24 ថូម៉ាស​ដែល​គេ​ហៅថា​ឌីឌីម ជា​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់ មិន​នៅ​ជាមួយ​ពួកគេ​ទេ នៅពេល​ព្រះយេស៊ូវ​យាង​មក​។

25 ដូច្នេះ សិស្ស​ឯទៀត​ប្រាប់​គាត់​ថា​៖ “យើង​បាន​ឃើញ​ព្រះអម្ចាស់​ហើយ​!”។ ប៉ុន្តែ​គាត់​ថា​៖ “លុះត្រាតែ​ខ្ញុំ​បាន​ឃើញ​ស្នាម​ដែកគោល​លើ​ព្រះហស្ត​របស់​ព្រះអង្គ ហើយ​បាន​ដាក់​ម្រាមដៃ​របស់ខ្ញុំ​ទៅក្នុង​ស្នាម​ដែកគោល​នោះ ព្រមទាំង​បាន​ដាក់​ដៃ​របស់ខ្ញុំ​ទៅក្នុង​ចំហៀងព្រះកាយ​របស់​ព្រះអង្គ ពុំនោះទេ ខ្ញុំ​មិន​ជឿ​ជាដាច់ខាត”។

26 ប្រាំបី​ថ្ងៃ​ក្រោយមក ពួក​សិស្ស​របស់​ព្រះអង្គ​នៅ​ក្នុង​ផ្ទះ​ម្ដងទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជាមួយ​ពួកគេ​ដែរ​។ ទោះបីជា​ទ្វារ​បាន​បិទ​ហើយ​ក៏ដោយ ក៏​ព្រះយេស៊ូវ​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម រួច​មានបន្ទូលថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។

27 បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ថូម៉ាស​ថា​៖“ចូរ​យក​ម្រាមដៃ​របស់អ្នក​មក​ទីនេះ ហើយ​មើល​ដៃ​របស់ខ្ញុំ​ចុះ​; ចូរ​យក​ដៃ​របស់អ្នក​មក​ដាក់​ក្នុង​ចំហៀងខ្លួន​របស់ខ្ញុំ​ចុះ​។ កុំ​ឥតជំនឿ​ឡើយ ប៉ុន្តែ​ចូរ​ជឿ​វិញ”។

28 ថូម៉ាស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​!”។

29 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“តើ​អ្នក​ជឿ​ដោយសារ​ឃើញ​ខ្ញុំ​ឬ​? មានពរ​ហើយ អ្នក​ដែល​ជឿ​ដោយ​មិន​ឃើញ”។


គោលបំណងនៃកណ្ឌគម្ពីរនេះ

30 ជាការពិត ព្រះយេស៊ូវ​ទ្រង់​ធ្វើ​ទីសម្គាល់​ផ្សេងៗ​ជាច្រើន​ទៀត នៅមុខ​ពួក​សិស្ស​របស់​ព្រះអង្គ ដែល​មិន​មាន​សរសេរ​ក្នុង​សៀវភៅ​នេះ​។

31 ប៉ុន្តែ​សេចក្ដីទាំងនេះ​ត្រូវបាន​សរសេរ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ និង​ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយសារ​អ្នករាល់គ្នា​ជឿ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម