អេសាយ 41:16 - ព្រះគម្ពីរខ្មែរសាកល អ្នកនឹងអុំពួកវាចេញ ហើយខ្យល់នឹងផាត់ពួកវាទៅ ខ្យល់ព្យុះក៏នឹងកម្ចាត់កម្ចាយពួកវាទៅដែរ រីឯអ្នកវិញ អ្នកនឹងត្រេកអរក្នុងព្រះយេហូវ៉ា អ្នកនឹងអួតក្នុងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងរោយគេ ហើយខ្យល់នឹងផាត់បាត់ទៅ ឯខ្យល់កួច នឹងកម្ចាត់កម្ចាយគេអស់ទៅដែរ អ្នកនឹងមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ា អ្នកនឹងយកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ជាទីអួតរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកកម្ចាត់កម្ចាយពួកគេឲ្យរសាត់តាមខ្យល់ ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។ រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែព្រះអម្ចាស់ អ្នកនឹងខ្ពស់មុខ ព្រោះតែព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងរោយគេ ហើយខ្យល់នឹងផាត់បាត់ទៅ ឯខ្យល់កួច នឹងកំចាត់កំចាយគេអស់ទៅដែរ នោះឯងនឹងមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ា ឯងនឹងយកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលជាទីអួតរបស់ឯង។ អាល់គីតាប អ្នកកំចាត់កំចាយពួកគេឲ្យរសាត់តាមខ្យល់ ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។ រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែអុលឡោះតាអាឡា អ្នកនឹងខ្ពស់មុខ ព្រោះតែម្ចាស់ដ៏វិសុទ្ធនៃជនជាតិអ៊ីស្រអែល។ |
ពួកអ្នកដែលរស់នៅស៊ីយ៉ូនអើយ ចូរស្រែកហ៊ោ ហើយច្រៀងដោយអំណរ ដ្បិតអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់ធំឧត្ដមនៅកណ្ដាលអ្នករាល់គ្នា!”៕
ជាតិសាសន៍នានានឹងស្រែករំពងដូចសូរសន្ធឹកនៃទឹកដ៏ច្រើន ប៉ុន្តែព្រះអង្គនឹងស្ដីបន្ទោសពួកគេ នោះពួកគេនឹងរត់គេចទៅឆ្ងាយ ក៏នឹងត្រូវបានដេញតាមដូចជាអង្កាមលើភ្នំនៅមុខខ្យល់ និងដូចជាដុំស្មៅនៅមុខខ្យល់កួច។
នៅថ្ងៃនោះ គេនឹងពោលថា៖ “មើល៍! នេះហើយជាព្រះរបស់យើង យើងបានទន្ទឹងរង់ចាំព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះយើង! នេះហើយជាព្រះយេហូវ៉ា យើងបានទន្ទឹងរង់ចាំព្រះអង្គ ចូរឲ្យយើងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!”។
នៅថ្ងៃនោះ ព្រះយេហូវ៉ានៃពលបរិវារនឹងបានជាមកុដដ៏ស្រស់ស្អាត ជាមកុដរាជ្យដ៏រុងរឿងដល់សំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គ
មនុស្សតូចទាបនឹងកើនអំណរក្នុងព្រះយេហូវ៉ា ហើយពួកខ្វះខាតក្នុងចំណោមមនុស្សលោកនឹងត្រេកអរ ក្នុងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
យ៉ាងណាមិញ សាសន៍ដទៃជាខ្មាំងសត្រូវដ៏ច្រើនសន្ធឹករបស់អ្នក នឹងបានដូចជាធូលីដ៏ម៉ដ្ដ មនុស្សកាចសាហាវដ៏ច្រើនសន្ធឹកនឹងបានដូចជាអង្កាមដែលបក់កាត់មក គឺការនោះនឹងកើតឡើងភ្លាមៗក្នុងមួយរំពេច។
រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ៕
ពួកគេត្រូវបានដាំសឹងតែមិនទាន់ហើយ ក៏ត្រូវបានសាបព្រោះសឹងតែមិនទាន់ហើយ ដើមរបស់ពួកគេចាក់ឫសទៅក្នុងដីសឹងតែមិនទាន់ហើយផង ព្រះអង្គក៏ផ្លុំលើពួកគេ នោះពួកគេក្រៀមស្វិតទៅ ហើយខ្យល់ព្យុះក៏យកពួកគេទៅដូចជាចំបើង។
ដ្បិតព្រះយេហូវ៉ាទ្រង់កម្សាន្តចិត្តស៊ីយ៉ូន ព្រះអង្គទ្រង់កម្សាន្តចិត្តអស់ទាំងទីបាក់បែករបស់នាង ព្រះអង្គទ្រង់ធ្វើឲ្យទីរហោស្ថានរបស់នាងបានដូចជាអេដែន ក៏ធ្វើឲ្យវាលខ្សាច់របស់នាងបានដូចជាសួនច្បាររបស់ព្រះយេហូវ៉ាដែរ។ សេចក្ដីរីករាយ និងអំណរនឹងត្រូវបានរកឃើញនៅក្នុងនាង ព្រមទាំងការអរព្រះគុណ និងសូរទំនុកភ្លេងផង។
ព្រះអាទិត្យនឹងលែងធ្វើជាពន្លឺដល់អ្នកទៀតនៅពេលថ្ងៃ ព្រះចន្ទនឹងលែងផ្ដល់ពន្លឺដល់អ្នកទៀតសម្រាប់ជាភាពចែងចាំង គឺព្រះយេហូវ៉ានឹងបានជាពន្លឺដ៏អស់កល្បដល់អ្នកវិញ ហើយព្រះរបស់អ្នកនឹងបានជាសិរីរុងរឿងដល់អ្នកដែរ។
ផ្ទុយទៅវិញ ចូររីករាយ ហើយត្រេកអរជារៀងរហូតចំពោះអ្វីដែលយើងបាននិម្មិតបង្កើតនោះ ដ្បិតមើល៍! យើងនឹងនិម្មិតបង្កើតយេរូសាឡិមសម្រាប់ជាអំណរ ក៏នឹងនិម្មិតបង្កើតប្រជាជនរបស់នាងសម្រាប់ជាសេចក្ដីរីករាយ។
ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាសក៏បាក់បែកជាមួយគ្នា ហើយបានត្រឡប់ជាដូចអង្កាមនៅលានបោកស្រូវនារដូវក្ដៅ រួចខ្យល់ក៏ផាត់យកវាទៅ បានជាគ្មានដានណាមួយនៃរូបនោះត្រូវបានរកឃើញឡើយ រីឯថ្មដែលទង្គិចនឹងរូបនោះ បានទៅជាភ្នំដ៏ធំ រហូតដល់ពេញផែនដីទាំងមូល។
លោកកាន់ចង្ហាយក្នុងដៃ ហើយលោកនឹងសម្អាតលានបោកស្រូវរបស់លោក រួចប្រមូលស្រូវរបស់លោកដាក់ក្នុងជង្រុក រីឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។
មិនគ្រាន់តែប៉ុណ្ណោះទេ យើងថែមទាំងអួតនៅក្នុងព្រះទៀតផង តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គ។
ដ្បិតគឺយើងហើយ ជាពួកកាត់ស្បែកដែលបម្រើតាមព្រះវិញ្ញាណរបស់ព្រះ ហើយអួតអំពីព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមិនពឹងផ្អែកលើសាច់ឈាមឡើយ។