Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 17 - ព្រះគម្ពីរខ្មែរសាកល


ទំនាយទាស់នឹងដាម៉ាស់

1 នេះជា​ទំនាយ​ស្ដីអំពី​ដាម៉ាស់​: “មើល៍! ដាម៉ាស់​នឹង​ត្រូវបាន​ដកចេញ​ពី​ភាពជា​ទីក្រុង គឺ​ត្រឡប់ជា​គំនរ​បាក់បែក​វិញ​។

2 ទីក្រុង​នានា​នៃ​អារ៉ូអ៊ើរ​នឹង​ត្រូវបាន​បោះបង់ចោល ក៏​នឹង​បាន​សម្រាប់​ហ្វូងចៀម​; ពួកវា​នឹង​ដេក ហើយ​គ្មានអ្នកណា​បំភ័យ​ពួកវា​ឡើយ​។

3 រីឯ​បន្ទាយ​នឹង​បាត់​ពី​អេប្រាអិម ហើយ​រាជ្យអំណាច​នឹង​បាត់​ពី​ដាម៉ាស់​។ សំណល់​នៃ​ជនជាតិអើរ៉ាម​នឹង​បាន​ដូចជា​សិរីរុងរឿង​របស់​កូនចៅ​អ៊ីស្រាអែល”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។


ការជំនុំជម្រះអ៊ីស្រាអែល

4 “នៅ​ថ្ងៃ​នោះ សិរីរុងរឿង​របស់​យ៉ាកុប​នឹង​ដុនដាប ហើយ​មាឌ​ធាត់​របស់គេ​នឹង​ត្រឡប់ជាស្គមស្គាំង​វិញ​។

5 យ៉ាងណាមិញ នឹង​មានកើតឡើងដូច្នេះ​: ដូចដែល​អ្នកច្រូត​ប្រមូល​ស្រូវ ក៏​ច្រូត​កួរស្រូវ​ដោយ​ដៃ​របស់ខ្លួន​យ៉ាងណា ហើយ​ដូចដែល​គេ​រើសសន្សំ​កួរស្រូវ​នៅក្នុង​ជ្រលងភ្នំ​រេផែម​យ៉ាងណា

6 គង់តែ​មាន​សំណល់​នៅសល់​នៅ​ទីនោះ​យ៉ាងនោះដែរ គឺ​ដូចជា​ការអង្រួន​ដើមអូលីវ ដែលតែងតែ​មាន​ផ្លែ​ពីរ​បី​នៅ​ចុងដើម ក៏​មាន​បួន​ប្រាំ​នៅ​មែក​ដែល​មានផ្លែច្រើន”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល​។

7 នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​ផ្ចង់មើល​ព្រះសូនបង្កើត​របស់ខ្លួន ហើយ​ភ្នែក​របស់គេ​នឹង​សម្លឹងមើល​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។

8 គេ​នឹង​លែង​ផ្ចង់មើល​អាសនា​ដែលជា​ស្នាដៃ​របស់ខ្លួន ក៏​លែង​សម្លឹងមើល​រូប​ព្រះម៉ែអាសេរ៉ា និង​រូបព្រះអាទិត្យ​ដែល​ម្រាមដៃ​គេ​បាន​ធ្វើ​ដែរ​។

9 នៅ​ថ្ងៃ​នោះ ទីក្រុង​មាំមួន​របស់គេ​នឹង​បាន​ដូចជា​កន្លែង​ដែល​ត្រូវគេ​បោះបង់ចោល នៅ​ព្រៃ និង​កំពូលភ្នំ ជា​កន្លែងដែល​គេ​បោះបង់ចោល​ដោយព្រោះ​កូនចៅ​អ៊ីស្រាអែល ហើយ​កន្លែងនោះ​នឹង​ទៅជា​ទីស្ងាត់ជ្រងំ​។

10 ដ្បិត​អ្នក​បាន​ភ្លេច​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់អ្នក ហើយ​មិន​បាន​នឹកចាំ​ថ្មដា​នៃ​ជម្រក​របស់អ្នក​។ ដោយហេតុនេះ ទោះបីជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់ចិត្ត ហើយ​ព្រោះ​មែកទំពាំងបាយជូរ​ពូជផ្សេង​ក៏ដោយ

11 ទោះបីជា​អ្នក​បណ្ដុះ​វា​នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​វា ហើយ​ធ្វើឲ្យ​វា​ចេញផ្កា​នៅ​ព្រឹក​ដែល​អ្នក​ព្រោះ​វា​ក៏ដោយ ក៏​ចម្រូត​នឹង​រត់គេច​នៅ​ថ្ងៃ​នៃ​ការ​កើតជំងឺ និង​ការឈឺចាប់​ដែល​ព្យាបាលមិនបាន​។


ការជំនុំជម្រះប្រជាជាតិនានា

12 វេទនា​ហើយ​! សូរគឹកកង​របស់​ប្រជាជាតិ​ទាំងឡាយ​ដែល​គ្រហឹម​ដូច​សមុទ្រ​គ្រហឹម​! សូរសន្ធឹក​របស់​ជាតិសាសន៍​នានា​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ខ្លាំងក្លា​!

13 ជាតិសាសន៍​នានា​នឹង​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ច្រើន ប៉ុន្តែ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​ពួកគេ នោះ​ពួកគេ​នឹង​រត់គេច​ទៅ​ឆ្ងាយ ក៏​នឹង​ត្រូវបាន​ដេញតាម​ដូចជា​អង្កាម​លើ​ភ្នំ​នៅមុខ​ខ្យល់ និង​ដូចជា​ដុំស្មៅ​នៅមុខ​ខ្យល់កួច​។

14 នៅ​ពេល​ល្ងាច មើល៍! មាន​សេចក្ដីគួរឲ្យខ្លាច​! មុន​ពេលព្រឹក គ្មាន​ពួកគេ​ឡើយ​! នេះ​ហើយ​ជា​ចំណែក​របស់​អ្នកដែល​រឹបជាន់យក​ពី​យើង ជា​វាសនា​របស់​អ្នកដែល​ប្លន់យក​ពី​យើង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម