ទំនុកតម្កើង 1 - ព្រះគម្ពីរខ្មែរសាកលភាគ ១ (ទំនុកតម្កើង 1-41) ផ្លូវពីរ 1 មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ! 2 ផ្ទុយទៅវិញ សេចក្ដីត្រេកអររបស់អ្នកនោះនៅក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្នកនោះជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ 3 អ្នកនោះដូចជាដើមឈើដែលដាំនៅក្បែរផ្លូវទឹក ដែលបង្កើតផ្លែតាមរដូវ ហើយស្លឹកវាមិនចេះក្រៀមស្វិតឡើយ អ្វីៗទាំងអស់ដែលអ្នកនោះធ្វើនឹងចម្រើនឡើង។ 4 រីឯមនុស្សអាក្រក់វិញ មិនដូច្នោះទេ គឺដូចជាអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។ 5 ដោយហេតុនេះ នៅគ្រាជំនុំជម្រះ មនុស្សអាក្រក់នឹងនៅឈរមិនបានឡើយ ហើយមនុស្សបាបក៏នៅឈរក្នុងសហគមន៍នៃមនុស្សសុចរិតមិនបានដែរ។ 6 ជាការពិត ព្រះយេហូវ៉ាទ្រង់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែផ្លូវរបស់មនុស្សអាក្រក់នឹងត្រូវវិនាស៕ |