អេសាយ 24:23 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះចន្ទនឹងទទួលការអាប់យស ហើយព្រះអាទិត្យនឹងអាម៉ាស់មុខ ដ្បិតព្រះយេហូវ៉ានៃពលបរិវារសោយរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅយេរូសាឡិម ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងនៅចំពោះពួកចាស់ទុំរបស់ព្រះអង្គ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារសោយរាជ្យ លើភ្នំស៊ីយ៉ូននៅក្រុងយេរូសាឡិម នោះនឹងមានសិរីល្អនៅចំពោះមុខ ពួកចាស់ទុំរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ ព្រះអាទិត្យត្រូវអាម៉ាស់។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម ហើយសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់លោកព្រឹទ្ធាចារ្យ របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់សោយរាជ្យនៅលើភ្នំស៊ីយ៉ូននាក្រុងយេរូសាឡិម នោះនឹងមានសិរីល្អនៅចំពោះមុខពួកចាស់ទុំរបស់ទ្រង់។ អាល់គីតាប ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ ព្រះអាទិត្យត្រូវអាម៉ាស់។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម ហើយសិរីរុងរឿងរបស់ទ្រង់ ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់អ្នកដែលជាអះលីជំអះ។ |
ពួកអ្នកដែលរស់នៅស៊ីយ៉ូនអើយ ចូរស្រែកហ៊ោ ហើយច្រៀងដោយអំណរ ដ្បិតអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់ធំឧត្ដមនៅកណ្ដាលអ្នករាល់គ្នា!”៕
ផ្កាយនៅលើមេឃ និងហ្វូងតារារបស់វា នឹងលែងបញ្ចេញពន្លឺ; ព្រះអាទិត្យនឹងងងឹតនៅពេលរះឡើង ព្រះចន្ទនឹងមិនបញ្ចេញពន្លឺឡើយ។
មួយវិញទៀត ពន្លឺព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងត្រឡប់ជាប្រាំពីរដង ដូចជាពន្លឺនៃប្រាំពីរថ្ងៃ នៅថ្ងៃដែលព្រះយេហូវ៉ារុំស្នាមជាំរបស់ប្រជារាស្ត្រព្រះអង្គ ហើយប្រោសឲ្យជានូវរបួសដែលព្រះអង្គបានវាយ។
ភ្នែករបស់អ្នកនឹងរំពឹងមើលព្រះមហាក្សត្រនៅក្នុងសោភ័ណភាពរបស់ព្រះអង្គ ក៏មើលឃើញទឹកដីដែលនៅឆ្ងាយ។
ដ្បិតព្រះយេហូវ៉ាជាចៅក្រមរបស់ពួកយើង ព្រះយេហូវ៉ាជាអ្នកតែងច្បាប់របស់ពួកយើង ព្រះយេហូវ៉ាជាព្រះមហាក្សត្ររបស់ពួកយើង ព្រះអង្គនឹងសង្គ្រោះពួកយើង។
ជើងរបស់អ្នកដែលប្រកាសដំណឹងល្អលើភ្នំនានា ស្រស់ស្អាតណាស់ហ្ន៎! អ្នកទាំងនោះជាអ្នកប្រកាសសេចក្ដីសុខសាន្ត ជាអ្នកប្រកាសដំណឹងល្អដ៏ប្រសើរ ជាអ្នកប្រកាសសេចក្ដីសង្គ្រោះ ជាអ្នកដែលនិយាយនឹងស៊ីយ៉ូនថា៖ “ព្រះរបស់អ្នកបានសោយរាជ្យហើយ!”។
ចូរក្រោកឡើង! ចូរភ្លឺឡើង! ដ្បិតពន្លឺរបស់អ្នកបានមកដល់ហើយ សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានរះឡើងមកលើអ្នកហើយ។
ព្រះអាទិត្យនឹងលែងធ្វើជាពន្លឺដល់អ្នកទៀតនៅពេលថ្ងៃ ព្រះចន្ទនឹងលែងផ្ដល់ពន្លឺដល់អ្នកទៀតសម្រាប់ជាភាពចែងចាំង គឺព្រះយេហូវ៉ានឹងបានជាពន្លឺដ៏អស់កល្បដល់អ្នកវិញ ហើយព្រះរបស់អ្នកនឹងបានជាសិរីរុងរឿងដល់អ្នកដែរ។
ព្រះអាទិត្យរបស់អ្នកនឹងមិនលិចទៀតឡើយ ហើយព្រះចន្ទរបស់អ្នកក៏មិនជ្រេដែរ ដ្បិតព្រះយេហូវ៉ានឹងបានជាពន្លឺដ៏អស់កល្បដល់អ្នក ហើយគ្រានៃការកាន់ទុក្ខរបស់អ្នកនឹងផុតទៅ។
ប៉ុន្តែពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុតនឹងទទួលរាជ្យនោះ ហើយកាន់កាប់រាជ្យនោះជារៀងរហូត គឺជារៀងរហូតអស់កល្បជានិច្ច’។
នោះរាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងអានុភាពនៃអាណាចក្រទាំងឡាយនៅក្រោមមេឃទាំងមូល នឹងត្រូវបានប្រគល់ទៅប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។ អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងគោរពបម្រើ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គផង’។
ថ្ងៃនោះជាថ្ងៃដ៏ប្លែកដែលព្រះយេហូវ៉ាទ្រង់ស្គាល់ គឺគ្មានពេលថ្ងៃ ឬពេលយប់ឡើយ ប៉ុន្តែនៅពេលល្ងាចនឹងមានពន្លឺ។
កូនស្រីស៊ីយ៉ូនអើយ ចូរត្រេកអរយ៉ាងខ្លាំងចុះ! កូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោសប្បាយចុះ! មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គទ្រង់សុចរិតយុត្តិធម៌ ទាំងនាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់មេលា។
“ក្រោយពីទុក្ខវេទនានៃគ្រានោះភ្លាម ‘ព្រះអាទិត្យនឹងងងឹត ព្រះចន្ទក៏លែងបញ្ចេញពន្លឺ ផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក’។
សូមឲ្យអាណាចក្ររបស់ព្រះអង្គបានមកដល់។ សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
ផ្ទុយទៅវិញ អ្នករាល់គ្នាបានចូលមកដល់ភ្នំស៊ីយ៉ូន និងទីក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺយេរូសាឡិមនៃមេឃ ហើយបានមកដល់ការជួបជុំរបស់បណ្ដាទូតសួគ៌ដ៏ច្រើនរាប់មិនអស់
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។
បន្ទាប់មក ខ្ញុំបានសង្កេតមើល នោះមើល៍! កូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយអ្នកដែលនៅជាមួយកូនចៀមមាន ១៤៤ ០០០ នាក់។ ពួកគេមានព្រះនាមរបស់កូនចៀម និងព្រះនាមព្រះបិតារបស់កូនចៀមសរសេរនៅលើថ្ងាសរបស់ពួកគេ។
ពួកចាស់ទុំទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួន ក៏ក្រាបថ្វាយបង្គំព្រះដែលគង់លើបល្ល័ង្ក ទាំងពោលថា៖ “អាម៉ែន! ហាលេលូយ៉ា!”។
បន្ទាប់មក ខ្ញុំឮអ្វីដូចជាសំឡេងរបស់ហ្វូងមនុស្សមួយក្រុមធំ ដូចជាសូរសន្ធឹករបស់ទឹកដ៏ច្រើន និងដូចជាសូរសន្ធឹកផ្គរលាន់យ៉ាងខ្លាំង ពោលឡើងថា៖ “ហាលេលូយ៉ា! ដ្បិតព្រះអម្ចាស់ជាព្រះនៃយើង ជាព្រះដ៏មានព្រះចេស្ដា បានសោយរាជ្យហើយ!
ទីក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទដើម្បីបំភ្លឺឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះបានបំភ្លឺទីក្រុងនោះហើយ រីឯចង្កៀងរបស់ទីក្រុងនោះ គឺកូនចៀម។
នៅទីនោះនឹងលែងមានយប់ទៀត ហើយពួកគេមិនត្រូវការពន្លឺចង្កៀង និងពន្លឺព្រះអាទិត្យឡើយ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះនឹងបំភ្លឺពួកគេ ហើយពួកគេនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ។