អេសាយ 24 - ព្រះគម្ពីរខ្មែរសាកលការជំនុំជម្រះផែនដី 1 មើល៍! ព្រះយេហូវ៉ានឹងធ្វើឲ្យផែនដីនៅទទេ និងធ្វើឲ្យវាវិនាសទៅ ហើយបង្វៀចផ្ទៃរបស់វា ព្រមទាំងកម្ចាត់កម្ចាយអ្នកដែលរស់នៅលើវាផង។ 2 នៅគ្រានោះនឹងមានកើតឡើងដូច្នេះ: ដូចដែលជនសាមញ្ញជាយ៉ាងណា បូជាចារ្យក៏ជាយ៉ាងនោះ; ដូចដែលបាវបម្រើប្រុសជាយ៉ាងណា ចៅហ្វាយប្រុសក៏ជាយ៉ាងនោះ; ដូចដែលបាវបម្រើស្រីជាយ៉ាងណា ចៅហ្វាយស្រីក៏ជាយ៉ាងនោះ; ដូចដែលអ្នកទិញជាយ៉ាងណា អ្នកលក់ក៏ជាយ៉ាងនោះ; ដូចដែលអ្នកឲ្យខ្ចីជាយ៉ាងណា អ្នកខ្ចីក៏ជាយ៉ាងនោះ; ដូចដែលម្ចាស់បំណុលជាយ៉ាងណា កូនបំណុលក៏ជាយ៉ាងនោះ។ 3 ផែនដីនឹងនៅទទេធេង ហើយត្រូវបានប្លន់ទាំងស្រុង ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីនេះហើយ។ 4 ផែនដីបានក្រៀមស្ងួត ហើយស្រពោនទៅ ពិភពលោកក៏អន់ថយ ហើយស្រពោនទៅដែរ មនុស្សមានឋានៈខ្ពស់នៃផែនដីបានអន់ថយទៅ។ 5 ផែនដីបានសៅហ្មងនៅក្រោមអ្នកដែលរស់នៅលើវា ពីព្រោះពួកគេបានរំលងក្រឹត្យវិន័យ បំពានបទបញ្ញត្តិ ហើយផ្ដាច់សម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច។ 6 ដោយហេតុនេះ បណ្ដាសាបានស៊ីបំផ្លាញផែនដី ហើយអ្នកដែលរស់នៅលើវានឹងទទួលទោស; ដោយហេតុនេះ អ្នកដែលរស់នៅលើផែនដីត្រូវបានឆាបឆេះ ហើយមានមនុស្សតិចតួចនៅសល់។ 7 ស្រាទំពាំងបាយជូរថ្មីបានរីងស្ងួត ហើយដើមទំពាំងបាយជូរក៏ក្រៀមស្វិត រីឯអស់អ្នកដែលមានចិត្តអរសប្បាយបានដកដង្ហើមធំ។ 8 សេចក្ដីរីករាយពីក្រាប់បានបាត់ សូរសន្ធឹកដ៏រីករាយបានឈប់ ហើយសេចក្ដីរីករាយពីពិណហាបក៏អស់ទៅ។ 9 ពួកគេនឹងមិនផឹកស្រាទាំងច្រៀងទៀតឡើយ; គ្រឿងស្រវឹងនឹងធ្វើឲ្យមានភាពល្វីងជូរចត់ដល់អ្នកដែលផឹកវា។ 10 ទីក្រុងហិនហោចនឹងត្រូវបានកម្ទេច គ្រប់ទាំងផ្ទះបានបិទ ដើម្បីកុំឲ្យអ្នកណាចូល។ 11 មានសម្រែករកស្រានៅតាមផ្លូវ អស់ទាំងការសប្បាយទៅជាងងឹត ហើយសេចក្ដីរីករាយនៃផែនដីក៏ចាកចេញទៅ។ 12 នៅក្នុងទីក្រុងសល់តែការហិនវិនាស ហើយខ្លោងទ្វារក្រុងក៏ត្រូវបានបុកកម្ទេចជាគំនរបាក់បែក។ 13 ដ្បិតនឹងមានដូច្នេះនៅកណ្ដាលផែនដី ក្នុងចំណោមជាតិសាសន៍ទាំងឡាយ គឺដូចជាការអង្រួនដើមអូលីវ និងដូចជាការបេះសន្សំផ្លែទំពាំងបាយជូរ ក្រោយពីការប្រមូលផលទំពាំងបាយជូរបានបញ្ចប់។ 14 ពួកគេនឹងបន្លឺសំឡេងរបស់ពួកគេ ពួកគេនឹងច្រៀងដោយអំណរ; ពួកគេនឹងស្រែកហ៊ោពីទិសខាងលិច ដោយព្រោះភាពឧត្ដុង្គឧត្ដមរបស់ព្រះយេហូវ៉ា។ 15 ដោយហេតុនេះ នៅទិសខាងកើត ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះយេហូវ៉ា នៅតាមកោះនៃសមុទ្រ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល។ 16 យើងបានឮចម្រៀងពីចុងបំផុតនៃផែនដីថា៖ “សូមឲ្យមានសិរីរុងរឿងដល់អង្គដ៏សុចរិតយុត្តិធម៌!”។ ប៉ុន្តែខ្ញុំនិយាយថា៖ “ខ្ញុំរលាយហើយ ខ្ញុំរលាយហើយ វេទនាដល់ខ្ញុំហើយ! មនុស្សក្បត់បានក្បត់ មនុស្សក្បត់បានក្បត់ពេញទំហឹងហើយ!”។ 17 អ្នកដែលរស់នៅផែនដីអើយ ការភិតភ័យ រណ្ដៅ និងអន្ទាក់នឹងធ្លាក់មកលើអ្នក! 18 ពេលនោះនឹងមានកើតឡើងដូច្នេះ: អ្នកដែលរត់គេចពីសូរនៃការភិតភ័យនឹងធ្លាក់ទៅក្នុងរណ្ដៅ ហើយអ្នកដែលឡើងពីក្នុងរណ្ដៅនឹងជាប់អន្ទាក់ ដ្បិតបង្អួចនៅស្ថានដ៏ខ្ពស់បានបើកចំហ ហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។ 19 ផែនដីបានបាក់បែកអស់រលីង ផែនដីបានញែកចេញពីគ្នា ផែនដីបានរង្គើជាខ្លាំង។ 20 ផែនដីនឹងទ្រេតទ្រោតដូចមនុស្សស្រវឹង ហើយយីកយោកដូចខ្ទម។ ការបំពានរបស់វានឹងសង្កត់ធ្ងន់លើវា ដូច្នេះវានឹងដួលឥតក្រោកឡើងទៀតឡើយ។ 21 នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងដាក់ទោសពលបរិវារនៃស្ថានដ៏ខ្ពស់ដែលនៅស្ថានដ៏ខ្ពស់ ក៏នឹងដាក់ទោសបណ្ដាស្ដេចនៃផែនដីនៅលើផែនដីផង។ 22 ពួកគេនឹងត្រូវបានប្រមូលជាមួយគ្នាដូចឈ្លើយសឹកដែលនៅក្នុងគុកងងឹត ពួកគេនឹងត្រូវបានឃុំក្នុងគុក ហើយក្រោយមកជាយូរថ្ងៃ ពួកគេនឹងត្រូវបានដាក់ទោស។ 23 ពេលនោះ ព្រះចន្ទនឹងទទួលការអាប់យស ហើយព្រះអាទិត្យនឹងអាម៉ាស់មុខ ដ្បិតព្រះយេហូវ៉ានៃពលបរិវារសោយរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅយេរូសាឡិម ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងនៅចំពោះពួកចាស់ទុំរបស់ព្រះអង្គ៕ |